អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រឹម​១​ម៉ោង Alibaba លក់បាន​១៣​ពាន់​លាន​ដុល្លារ​ក្នុង​ថ្ងៃ​«Singles’ Day»
11, Nov 2019 , 10:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​របស់​ចិន Alibaba ប្រកាស នៅ​ថ្ងៃ​ចន្ទ ទី​១១ វិច្ឆិកា​ថា ការលក់​សម្រាប់​ថ្ងៃ «Singles’ Day» កើន​ដល់ ៩១,២​ពាន់​លាន​យ័ន ឬ​ស្មើនឹង ១៣​ពាន់​លាន​ដុល្លារ ត្រឹម​ពេល​១​ម៉ោង​ប៉ុណ្ណោះ​។ សម្រាប់​តួលេខ​នេះ គឺ​កើនឡើង​៣២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដែល​ស្មើនឹង ៦៩​ពាន់​លាន​យ័ន (៩,៨៦​ពាន់​លាន​ដុល្លារ​)​។​

 
​ស្រដៀង​នឹង​ថ្ងៃ «Black Friday» និង «Cyber Monday» ក្នុង​សហរដ្ឋអាមេរិក​ថ្ងៃ «Singles’ Day» ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ដោយ​លោក Daniel Zhang ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមហ៊ុន Alibaba និង​ជានា​យក​ប្រតិបត្តិ​។ គេ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា «១១ ពីរដង ឬ Double Eleven»  ព្រោះថា វា​តែង​ធ្វើឡើង​ចំ​ថ្ងៃទី ១១ ខែវិច្ឆិកា​(​ខែ​លេខ​រៀង​ទី​១១) រៀងរាល់ឆ្នាំ ដែល​លេខ​១​ចំនួន​បួន​គឺ​តំណាង​ឲ្យ​អ្នក​នៅ​ទំនេរ (Single) ។​
 
​ក្រុមហ៊ុន Alibaba លក់ទំនិញ​បាន​សរុប​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​លើ​វេ​ប​សាយ​ខ្លួន​ក្នុង​ថ្ងៃ «Singles’ Day» កាលពី​ឆ្នាំ​២០១៨ ដែល​ឈ្នះ​ការលក់​ក្នុង​ថ្ងៃ «Cyber Monday» របស់​អាមេរិក ដែល​លក់បាន​ត្រឹម​៧,៩​ពាន់​លាន​ដុល្លារ ។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​លក់​ដ៏​ធំ​ប្រចាំឆ្នាំ​រយៈពេល​២៤​ម៉ោង​នេះ ចាប់ផ្តើម​ជាមួយនឹង​សម្តែង​ពី​សំណាក់​តារា​ប៉ុប​អាមេរិក Taylo Swift និង​តារាចម្រៀង​ក្នុងស្រុក​ចិន ដូចជា Jackson Yee ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ថ្ងៃ «Singles’ Day» របស់ Alibaba ពុំមាន​វត្តមាន​របស់​លោក ជេ​ក ម៉ា ស្ថាបនិក​ក្រុមហ៊ុន​យក្ស​នេះ ក្រោយពី​លោក​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​កាលពី​ខែកញ្ញា​៕
 
 

Tag:
 ចិន​
  Alibaba
  Singles’ Day
© រក្សាសិទ្ធិដោយ thmeythmey.com