អន្តរជាតិ
ការគាំទ្រ​របស់​ចិន​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​ផលចំណេញ​ជាង​ប្រទេស​វៀតណាម​ដែលមាន​អំណាច​ជាង​
12, Nov 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ នាវា​ដឹក​ខ្សាច់​នៅ​ទន្លេ​មេគង្គ ក្នុង​ក្រុង Can Tho ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
រូប​ឯកសារ៖ នាវា​ដឹក​ខ្សាច់​នៅ​ទន្លេ​មេគង្គ ក្នុង​ក្រុង Can Tho ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ដោយ: VOA
​តៃប៉ិ ៖​ ទោះជា​យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​នៅក្នុង​ទីក្រុង​ហាណូយ​មិនបាន​ធ្វើការ​តវ៉ា​ដោយ​ចំហ​ទៅនឹង​ប្រទេស​ឡាវ ដែលជា​ប្រទេស​ធ្វើការ​អភិវឌ្ឍ​ទំនប់ទឹក​នេះ​នោះទេ ដោយសារតែ​វៀតណាម​ដឹងថា ឡាវ​មានការ​គាំទ្រ​ពី​ប្រទេសជិតខាង​ដែលមាន​អំណាច​ខ្លាំង​ជាង​ខ្លួន នោះ​គឺ​ប្រទេស​ចិន​។​

 
​ផ្ទុយទៅវិញ បណ្ដា​មេដឹកនាំ​វៀតណាម​កំពុង​ទាក់ទង​ជាមួយនឹង​ប្រទេស​ឡាវ​ដោយ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​ទំនប់ទឹក​នេះ​។ ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និយាយថា ដោយសារតែ​ការព្រួយបារម្ភ​របស់ខ្លួន ប្រទេស​ដីគោក​តូច​មួយ​នេះ​នឹង​ស្វែងរក​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ប្រទេស​វៀតណាម​មិនសូវ​ចុះសម្រុង​ជាមួយនឹង​ប្រទេស​ចិន​នោះទេ ហើយ​មានការ​ខឹងសម្បា​ចំពោះ​ការពង្រីក​អំណាច​របស់​ចិន​នៅក្នុង​ផ្នែក​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​។​
 
​អ្នកជំនាញ​ទាំងនោះ​និយាយថា ការព្រួយបារម្ភ​ថ្មី​នៅក្នុង​ទីក្រុង​ហាណូយ​បង្ហាញថា វៀតណាម​មិនអាច​ចាត់ទុក​ប្រទេស​ឡាវ​ជា​ប្រទេស​ទទួល​ការណែនាំ​ពី​វៀតណាម ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​ពីមុន​នោះទេ​។​
 
​លោក Murray Hiebert ដែលជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយថា​៖ «​វៀតណាម​មានការ​ព្រួយបារម្ភ​ថា ឡាវ​កំពុង​ស្វះស្វែង​ដើម្បី​សង់​ទំនប់​នៅ​ទន្លេមេគង្គ​។ ទោះជា​វៀតណាម​បាន​ជជែក​ដោយ​ស្ងាត់ៗ​ជាមួយនឹង​ប្រទេស​ឡាវ​ក៏ដោយ ក៏​វៀតណាម​មិនទាន់មាន​ជម្រើស​ច្បាស់​ណាមួយ​ដើម្បី​ចាត់វិធានការ​ជា​សាធារណៈ និង​ថ្កោលទោស​ប្រទេស​ឡាវ​នោះទេ​»​។​
 
​ឡាវ​ធ្លាប់​ដើរ​តាម​វៀតណាម​
 
​ពីមុន​ប្រទេស​វៀតណាម​ទទួលបាន​ផលចំណេញ​ពី​ប្រទេស​ឡាវ​។ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក​ដែលមាន​ឈ្មោះថា GlobalSecurity.org បាន​ឲ្យ​ដឹងថា នៅក្នុង​សតវត្សរ៍​ទី​១៩ ស្តេច​ឡាវ «​បានបង្ហាញ​ការគោរព​ដល់​តុលាការ​វៀតណាម​» ក្នុង​ទំនាក់ទំនង​មួយ​ដែល​គាំទ្រ​ដល់​ជំហរ​របស់​វៀតណាម​ចំពោះ​ប្រទេស​ចិន​នៅពេលនោះ​។​
 
​វិទ្យាស្ថាន​អាមេរិក​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ឡាវ​បាន​ក្លាយជា «​ប្រទេស​ស្តាប់​តាម​ការណែនាំ​» របស់​វៀតណាម នៅក្នុង​ទសវត្សរ៍​១៩៨០ បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​ជួយ​គាំទ្រ​ដល់​គណបក្ស​កុំម្មុយនិស្ត​ឡាវ​។ នៅក្នុង​សង្គ្រាម​វៀតណាម​ក្នុង​ទសវត្សរ៍​១៩៦០ ទាហាន​វៀតណាម​ខាងជើង​រាប់ពាន់នាក់​ឈរជើង​នៅក្នុង​ប្រទេស​ឡាវ ដើម្បី​រក្សា​បណ្តាញ​ទំនាក់ទំនង Ho Chi Minh Trail ដ៏​សំខាន់​មួយ​។ សព្វថ្ងៃនេះ មេដឹកនាំ​ឡាវ​ដែល​ស្ថិតនៅក្នុង​គណបក្ស​កុំម្មុយនិស្ត​នៅតែ​សិក្សា​នៅក្នុង​សាលា​វៀន​ក្នុង​ទីក្រុង​ហាណូយ​។​
 
​ចាប់តាំងពី​ទសវត្សរ៍​១៩៨០​មក ប្រទេស​វៀតណាម​មាន​ភា​ព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្លាំង​លើ​ការវិនិយោគ​ផ្នែក​រោងចក្រ​ផលិតកម្ម ខណៈដែល​ប្រទេស​ឡាវ​ភាគច្រើន​ពឹង​ផ្អែកលើ​កសិកម្ម​។ ធនាគារអភិវឌ្ឍន៍អាស៊ី​និយាយថា ប្រមាណ​២៣%​នៃ​ប្រជាជន​ឡាវ​ចំនួន​៦​លាន​៩​សែន​នាក់​រស់នៅក្នុង​ភាពក្រីក្រ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​៦%​នៃ​ប្រជាជន​វៀតណាម​ដែលមាន​ចំនួន​៩៥​លាន​នាក់​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​ដែលមាន​ប្រាក់​ជាង​វៀតណាម បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មិន​ងាយ​ទទួលបាន ឲ្យ​ប្រទេស​ឡាវ​។ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គេ​កត់សម្គាល់​ខ្លាំង​មានដូចជា​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ គម្រោង​មួយចំនួន​ស្ថិតនៅក្រោម «​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ឬ BRI» រយៈពេល​៦​ឆ្នាំ ដែលមាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​បរទេស​របស់​ចិន​នៅ​ជុំវិញ​តំបន់​អាស៊ី​និង​អឺរ៉ុប​។ ប្រាក់​ជំនួយ​របស់​ចិន​ក៏បាន​ប្រើប្រាស់​ដើម្បី​កសាង​ផ្លូវ និង​ស្ពាន​មួយចំនួន​នៅក្នុង​ប្រទេស​នេះ​ផងដែរ​។​
 
​គម្រោង​វា​រី​អគ្គិសនី​របស់​ឡាវ​ដែលមាន​ឈ្មោះថា ទំនប់ Xayaburi ត្រូវបាន​គេ​រំពឹងថា​នឹង​កាត់បន្ថយ​លំហូរ​ទឹក ទិន្នផល​ត្រី និង​ធនធាន​ផ្សេងៗ​សម្រាប់​មនុស្ស​ប្រមាណ​ជា​៥០​លាន​នាក់​នៅ​ទន្លេ​ប៉ែក​ខាងក្រោម ដែល​ភាគច្រើន​ស្ថិតនៅក្នុង​ប្រទេស​វៀតណាម​។​
 
​ភាព​រកាំរកូស​រវាង​វៀតណាម​និង​ចិន​
 
​ប្រទេស​ចិន​និង​វៀតណាម​មាន​ជម្លោះ​ដែនដី​ជាមួយនឹង​គ្នា​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​។ ឥឡូវ​ប្រទេស​ទាំងពីរ​កំពុងមាន​ជម្លោះ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ធនធាន​ត្រី​។ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​តែ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ជម្លោះ​អធិបតេយ្យភាព​ដែនសមុទ្រ​រារាំង​ប្រទេស​ទាំងពីរ​មិន​ឲ្យ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​នោះទេ​។​
 
​លោក Stephen Nagy សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​សិក្សា​អន្តរជាតិ​និង​នយោបាយ​នៅ​សាកលវិទ្យាល័យ International Christian University ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​ឡាវ​និង​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ចិន​ទទួលបាន​ការគាំទ្រ​លើ​បញ្ហា​តំបន់ រួមទាំង​បញ្ហា​មួយចំនួន​ដែល​ប្រទេស​វៀតណាម​មាន​ជំហរ​ផ្សេង​ផងដែរ​។​
 
​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី​៤០០​លាន​ទៅ​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១០​មក នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ក្រីក្រ​មួយ​និង​មាន​គោលនយោបាយ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​បង្ហាញថា នៅត្រឹម​ខែកញ្ញា ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ​៦,៣​ប៊ី​លាន​ដុល្លារ​នៅក្នុង​ប្រទេស​ឡាវ​។​
 
​លោក Nagy និយាយថា «​ជា​ឧទាហរណ៍ ប្រទេស​ចិន​អាច​នឹង​ផ្តល់ជំនួយ​ផ្នែក​សេដ្ឋកិច្ច​បន្តិច និង​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ប្រទេស​ទាំងពីរ​នេះ​មិន​យល់ព្រម​ជាមួយនឹង​គោលការណ៍​សំឡេង​តែមួយ​របស់​អាស៊ាន ឬ​នៅពេល​ផលប្រយោជន៍​របស់​ចិន និង​វៀតណាម​មានការ​ប៉ះទង្គិច​គ្នា​។ រដ្ឋាភិបាល​ចិន​អាច​ជះឥទ្ធិពល​ជា​វិជ្ជមាន​លើ​ប្រទេស​ឡាវ និង​កម្ពុជា​»​។ អាស៊ាន​គឺជា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែលមាន​សមាជិក​ចំនួន​១០​ប្រទេស​។​
 
​ប្រទេស​វៀតណាម​ពឹងផ្អែក​កាន់តែច្រើន​លើ​ប្រទេស​ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង និង​តៃវ៉ាន់ សម្រាប់​ការវិនិយោគ​។ ប្រាក់​ជំនួយ​របស់​ជប៉ុន​បាន​ជួយ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​នយោបាយ​ក្នុង​តំបន់​
 
​លោក Trung Nguyen ដែលជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ​ហូជីមិញ និយាយថា ប្រទេស​វៀតណាម​កំពុង​តាមដាន​ការកើនឡើង​នៃ​ការវិនិយោគ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​ពីអ្វី​ដែល​អាច​កើតឡើង ប្រសិនបើ​ចិន​បន្ថែម​ប្រាក់​ជំនួយ​របស់ខ្លួន​នៅក្នុង​ប្រទេស​ឡាវ​។​
 
​ប្រទេស​កម្ពុជា​ជាធម្មតា​គាំទ្រ​ចិន​លើ​បញ្ហា​អាស៊ាន រួមទាំង​គោលនយោបាយ​ដែនសមុទ្រ ពាក់ព័ន្ធ​នឹង​ជម្លោះ​អធិបតេយ្យភាព​រវាង​វៀតណាម និង​ចិន​ផងដែរ​។​
 
​លោក Nguyen និយាយថា «​ខ្ញុំ​គិតថា ស្ថានភាព​នេះ​ជា​អ្វីដែល​រដ្ឋាភិបាល​វៀតណាម​ខ្លាច​។ នេះហើយ​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​ចិន​និង​វៀតណាម​លេងល្បែង​ប្រទាញ​យក​ប្រទេស​ឡាវ​»​។​
 
​ប្រទេស​វៀតណាម​កំពុង​បង្ហាញថា ខ្លួន​សង្ឃឹមថានឹង​បន្តធ្វើ​ការ​ជាមួយនឹង​ប្រទេស​ឡាវ​ក្រោម​លក្ខខណ្ឌ​របស់ខ្លួន​។​
 
​កាលពី​ថ្ងៃទី​៩ ខែតុលា សហភាព​យុវជន​មកពី​ប្រទេស​ទាំង​ពីរបាន​ពិភាក្សា​បន្ថែម​សកម្មភាព​សម្រាប់​ក្មេងៗ​នៅតាម​ព្រំដែន ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការបង្កើន​សហប្រតិបត្តិ​ការ​នាពេល​អនាគត​។​
 
​កាលពីដើម​ខែតុលា នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ទាំង​ពីរបាន​យល់ព្រម​រក្សា​ការផ្លាស់ប្តូរ​ជា​ផ្លូវការ​នូវ​អ្វីដែល​សារព័ត៌មាន​ផ្លូវការ​របស់​វៀតណាម Viet Nam News ហៅថា «​ជា​មធ្យោបាយ​កាន់​តែមាន​ភាពងាយស្រួល មាន​ប្រសិទ្ធភាព និង​ច្បាស់លាស់​ជាង​មុន ដោយ​ផ្តោតលើ​ការចែករំលែក​បទពិសោធ​ន៍ និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ និង​បញ្ហាលំបាក​នានា​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com