អន្តរជាតិ
តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​វៀតណាម​មិនអាច​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​ដ៏​ប្រថុយប្រថាន​របស់​ពលរដ្ឋ​ខ្លួន​ទៅ​ប្រទេស​អ្នកមាន​?
12, Nov 2019 , 1:39 pm        
រូបភាព
ស្ត្រី​វៀតណាម​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​នៅ​ក្នុង​ស្រុក Yen Thanh ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
ស្ត្រី​វៀតណាម​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​នៅ​ក្នុង​ស្រុក Yen Thanh ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
​តៃប៉ិ ៖ ខណៈពេលដែល​ការបញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​នេះ ជួយ​បន្ធូរបន្ថយ​ការខឹង​សម្បា​របស់​ពល​រដ្ឋ​វៀតណាម អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា ការណ៍​នេះ​គ្រាន់តែ​ជាការ​លាក់បាំង​ពី​អសមត្ថភាព​រយៈពេល​យូរ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ក្នុងការ​បញ្ឈប់​ការជួញដូរ​មនុស្ស​ទៅក្នុង​ប្រទេស​អ្នកមាន​ដើម្បី​ជា​ថ្នូរ​នឹង​ការរក​ប្រាក់​ប៉ុណ្ណោះ​។​

 
​ការរកឃើញ​របស់​ប៉ូលិស​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ចក្រភព​អង់គ្លេស​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ភ្លាមៗ​លើ​ការជួញដូរ​មនុស្ស​ពី​វៀតណាម​ទៅ​អឺរ៉ុប ទី​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ជាង​នៅ​វៀតណាម​។ ការចាប់ខ្លួន​មនុស្ស​មួយចំនួន​បានធ្វើ​ឡើង​នៅក្នុង​ចក្រភព​អង់គ្លេស ហើយ​បុរស​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់​ពី​ការ​សមគំនិត​ជួញដូរ​មនុស្ស​។​
 
​ក៏ប៉ុន្តែ អ្នកជំនាញ​និយាយថា ប្រព័ន្ធ​អន្តរជាតិ​ដ៏​ស្មុគស្មាញ​ក្នុង​ការនាំ​មនុស្ស​ចេញពី​វៀតណាម​សម្រាប់​ការងារ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​នៅក្រៅ​ប្រទេស​មាន​ការវិវត្ត​យ៉ាងខ្លាំង​ដែល​មន្ត្រី​រដ្ឋាភិបាល​យល់​ថា មានការ​ពិបាក​ក្នុងការ​បញ្ឈប់ ឬ​មិនអាច​បញ្ឈប់​បាន ប្រសិនបើ​ប្រៀបធៀប​ទៅ​ពេលដែល​វៀតណាម​មាន​ភាព​ក្រីក្រ​ជាង​សព្វថ្ងៃ​។​
 
​លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ផ្នែក​នយោបាយ​ជំនាញ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ The University of New South Wales ក្នុងប្រទេស​អូស្ត្រាលី​និយាយថា​៖
 
«​នេះ​ជាការ​ប្រយុទ្ធប្រឆាំង​ដែល​គ្មាន​ទីបញ្ចប់​មួយ​»​។ តម្លៃតបស្នង​សម្រាប់​អ្នក​លួច​ជួញដូរ​មនុស្ស​មាន​ច្រើន ហើយ​ពួកគេ​បញ្ចុះបញ្ចូល​ជនរងគ្រោះ​ដោយ​និយាយថា នឹងមាន​ការរស់នៅ​បែប​ហ៊ឺហា​ដែល​ពួកគេ​ផ្តល់​ឲ្យ​មនុស្ស​ដែល​ក្រីក្រ​ខ្លាំង​»​។​
 
​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការជួញដូរ​មនុស្ស​
 
​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន Viet Nam ដែលជា​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​រាយការណ៍​ថា បន្ទាប់ពី​សាកសព​រប​ស់មនុស្ស​ចំនួន​៣៩​នាក់ ត្រូវបាន​គេ​រកឃើញ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ប្រាប់​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ និង​ក្រសួង​កិច្ចការបរទេស ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការជួញដូរ​មនុស្ស និង​បង្កើត «​វិធានការ​ការពារ​ព​ល​រដ្ឋ​» ប្រសិនបើ​ចាំបាច់​។​
 
​បណ្តាញ​ផ្សព្វផ្សាយ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន រដ្ឋាភិបាល​វៀតណាម និង​អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ «​ដើម្បី​ដោះស្រាយ​អំពើ​ទាសភាព​សម័យ​ទំនើប​»​។​
 
​នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទូរស័ព្ទ​ទៅ​មន្ត្រី​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​ទី​២៩ ខែតុលា​កន្លងទៅនេះ ដើម្បី​ពិភាក្សា​លើ​ករណី​កាលពីពេល​ថ្មីៗ​នេះ ភាគី​ទាំង​ពីរបាន​យល់ស្រប​នឹង​គ្នា​ថា «​នឹង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​បង្ក្រាប​បទល្មើស​»​។​


នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ដាក់​កម្រង​ផ្កា​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​ក្រុមប្រឹក្សា Thurrock នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៨ ខែតុលា ​ឆ្នាំ២០១៩។
 
​ឧបសគ្គ​ក្នុងការ​បង្ក្រាប​
 
​លោក Thayer និយាយថា មន្ត្រី​សន្តិសុខ​សាធារណៈ​អាច​នឹង​ផ្សព្វផ្សាយ​បញ្ហា​ជួញដូរ​មនុស្ស​ជា​សាធារណៈ​បន្ថែមទៀត និង​ធ្វើការ​បោសសម្អាត​ក្រុម​ជួញដូរ​មនុស្ស​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​។ លោក​បាន​បន្ថែមថា ពួកគេ​កម្រ​ចាប់​មនុស្ស​ណាស់​ឥឡូវនេះ​។​
 
​ប៉ុន្តែ លោក​បាន​និយាយថា ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ដែល​ត្រូវបាន​គេ​រកឃើញ ខ្វះ​មធ្យោបាយ​ក្នុងការ​សម្គាល់​មេខ្យល់​ជួញដូរ​មនុស្ស ហើយ​ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ ដោយសារតែ​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម​នៅជាប់​នឹង​ប្រទេសជិតខាង​នោះ វា​ជាហេតុ ធ្វើ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​អាច​ចាក​ចេញពី​ប្រទេស​ដោយ​ងាយស្រួល​។​
 
​លោក Thayer និយាយថា​៖
 
«​ព្រំដែន​នៅមាន​ចន្លោះប្រហោង ហើយ​មនុស្សម្នា​អាច​ឆ្លងកាត់​បាន​»​។​
 
​បណ្តាញ​ជួញដូរ​មនុស្ស​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​វៀតណាម ចាប់តាំងពី​យ៉ាងហោចណាស់​សតវត្សរ៍​ទី​១៩ ដែលជា​ញឹកញាប់​បាន​នាំយក​ស្ត្រី និង​ក្មេងៗ​ទៅ​ហុងកុង ឬ ចិនដីគោក ដើម្បី​លក់​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ ឬ លក់​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ នេះ​បើ​យោងតាម​សៀវភៅ​ស្តីពី​ការជួញដូរ​មនុស្ស​ក្នុងប្រទេស​វៀតណាម ឆ្នាំ​២០១៥​។​
 
​លោក Frederick Burke ដែលជា​មេធាវី​នៅ​ក្រុមហ៊ុន​មេធាវី Baker McKenzie ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយថា ឥឡូវនេះ ដើម្បី​បញ្ឈប់​ស្ត្រីៗ​កុំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​ពលរដ្ឋ​នៃ​ប្រទេស​អ្នក​មាននៅ​អាស៊ីអាគ្នេយ៍ មន្ត្រី​រដ្ឋាភិបាល​ក្នុងប្រទេស​វៀតណាម ធ្វើការ​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ហ្មត់ចត់ នៅពេល​មាន​ការដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​។​
 
​លោក Frederick Burke និយាយថា​៖
 
«​ច្បាស់​ណាស់ ពួកគេ​នឹង​ពិនិត្យមើល​វិធានការ​អ្វី (​ដែល​ពួកគេ​អាចធ្វើ​បាន​) បន្ទាប់ពី​មាន​ករណី​ក្នុងប្រទេស​អង់គ្លេស​កើតឡើង​។ ពួកគេ​មាន​បញ្ហា​ខ្លាំង​ទាក់ទង​នឹង​ការលក់​ស្ត្រី​ឲ្យ​ទៅធ្វើជា​ភរិយា​។ បញ្ហា​ទាំងនេះ មិនមែនជា​បញ្ហា​ថ្មី​នោះទេ​»​។​
 
​លោក Burke បាន​និយាយទៀតថា ពលរដ្ឋ​សាមញ្ញ​នៅ​វៀតណាម​នៅតែ​យល់ថា ការស្លាប់​ក្នុងប្រទេស​អង់គ្លេស​កាលពី​ខែ​មុន​កើតឡើង ដោយសារតែ​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​មេខ្យល់​បោកប្រាស់​។ លោក​និយាយ​បន្ថែមទៀតថា បើ​មើល​ជារួម​ទៅលើ​ការធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ ពលរដ្ឋ​វៀតណាម​នៅតែ​គិតថា «​ការងារ​នៅក្រៅ​ប្រទេស​នៅតែមាន​ភាពល្អប្រសើរ​ជាង​»​។​


អ្នកស្រី Hoang Thi Ai កាន់​ទូរស័ព្ទ​បង្ហាញ​រូបថត​កូនប្រុស​របស់​អ្នកស្រី ដែល​អ្នកស្រី​បារម្ភ​ថា ជា​ជនរងគ្រោះ​ម្នាក់​នៅ​ក្នុង​ករណី​ស្លាប់​ក្នុង​រថយន្ត​កុងតឺណឺ ក្នុង​ប្រទេស​អង់គ្លេស ក្នុង​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ស្រុក Dien Chau ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០១៩។
 
​អ្នកក្រីក្រ​ខ្លាំង​មិនបាន​ទទួល​ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ទេ​
 
​នៅក្នុង​ប្រទេស​វៀតណាម មន្ត្រី​វៀតណាម​បានធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ខ្លួន​ប្រសើរឡើង ដោយបាន​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស​នៅក្នុង​វិស័យ​ផលិតកម្ម​សម្រាប់​នាំចេញ ដែល​បាន​បង្កើត​ការងារ​ជាច្រើន​។ ក្រុមហ៊ុន SSI Research នៅក្នុង​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ទឹកប្រាក់​៣០០ ពាន់​លាន​ដុល្លារ​មួយ​នេះ នឹង​កើនឡើង​៦,៨​ភាគរយ នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​ប្រទេស​នេះ បាន​កើន​៧​កន្តក់សញ្ញា​១​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨ ដែលជា​អត្រា​ខ្ពស់បំផុត​ក្នុង​រយៈពេល​១១​ឆ្នាំ​។​
 
​ទោះជា​យ៉ាងនេះ​ក៏ដោយ ប្រាក់​ឈ្នួល​ការងារ​ប្រើ​កម្លាំង​ដែល​ទទួលបាន​តិចជាង​២០០​ដុល្លារ​ក្នុង​១​ខែ ពិបាក​នឹង​ប្រៀបធៀប​ជាមួយនឹង​ប្រាក់​ឈ្នួល​នៅក្នុង​ប្រទេស​ដែល​មនុស្ស​ត្រូវបាន​គេ​ជួញដូរ​ទៅ​។ ពលរដ្ឋ​វៀតណាម​នៅតែ​ប្រថុយ​នឹង​ឱកាស​ធ្វើការ​នៅក្នុង​រោងចក្រ​ក្នុងប្រទេស​រុស្ស៊ី ការងារ​សំណង់​ក្នុងប្រទេស​លី​ប៊ី និង​ធ្វើការ​នៅក្នុង​កសិដ្ឋាន​អង់គ្លេស​។​
 
​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន IHS Markit Asia-Pacific លោក Rajiv Biswas និយាយថា ពលរដ្ឋ​វៀតណាម​ប្រមាណ​១០%​ក្នុងចំណោម​ពលរដ្ឋ​៩៥​លាន​នាក់​រស់នៅក្នុង​ភាពក្រីក្រ ហើយ​អ្នកខ្លះ​រស់នៅក្នុង «​ភាពក្រីក្រ​តោកយ៉ាក​» ដែល​រស់នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ការងារ​ឧស្សាហកម្ម​។​
 
​លោក Rajiv Biswas បាន​និយាយថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​នេះ ដែលមាន​មួយចំនួន​នៅតាម​ភ្នំ​ដាច់ស្រយាល ប៉ុន្តែ​រដ្ឋាភិបាល​នឹងមាន​ការលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​លោក Biswas និយាយទៀតថា​៖
 
«​ខ្ញុំ​គិតថា ឥឡូវនេះ បញ្ហា​សម្រាប់​វៀតណាម គឺ​ដោះស្រាយ​បញ្ហា​អ្នក​រស់នៅក្នុង​ភាពក្រីក្រ​នៅ​តំបន់ភ្នំ​ទាំងនោះ ហើយ​វា​នឹងមាន​ការពិបាក​ក្នុងការ​ដោះស្រាយ ដោយសារតែ​សមត្ថភាព​ធ្វើការ​របស់​ពួកគេ​ក្នុង​ការងារ​ឧស្សាហកម្ម ពីព្រោះថា ពួកគេ​គ្មាន​មធ្យោបាយ​ដើម្បី​ធ្វើការ​ងារ​បែប​នោះទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com