ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ទប់ស្កាត់​ធ្មេញ​ពុក​មិន​ពិបាក​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
12, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព​មាត់​ធ្មេញ គឺ​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ដូច្នេះ​ប្រសិនបើ​មិន​ចង់​បាត់បង់​ទេនោះ​គួរ​ព្យាយាម​ថែរក្សា​ឱ្យ​បានល្អ​បំផុត​។​
​ប៉ុន្តែ​ថា​តើ​គួរ​ធ្វើយ៉ាងណា​ទៅ​ទើប​អាច​រក្សា​សុខភាព​ធ្មេញ​រឹងមាំ​ជៀស​ផុតពី​ជំងឺ​ពុក​ធ្មេញ ឬ​ប្រហោង​ដង្កូវ​ស៊ី​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ស្កាត់​បញ្ហា​ធ្មេញ​ពុក​ប្រហោង​ដង្កូវ​ស៊ី ៖

 
១. ខ្ពុរមាត់​ជាមួយ​ប្រេង​
 
​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​រក្សា​សុខភាព​ធ្មេញ​ទប់ស្កាត់​បញ្ហា​ពុក​ដង្កូវ​ស៊ី​នោះ គឺ​ព្យាយាម​ខ្ពុរមាត់​ជាមួយ​ប្រេង​ដូចជា ប្រេងល្ង ឬ​ប្រេងដូង សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
២. កុំ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ផ្អែម ឬ​ស្ករ​ច្រើនពេក​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹង​រួចមកហើយ​ថា ជាតិ​ផ្អែម ឬ​ជាតិ​ស្ករ​ជាស​ត្រូវ​ដ៏​ធំ​បំផុត​នៃ​ធ្មេញ ដោយ​វា​អាច​បង្កបញ្ហា​មាត់​ធ្មេញ​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ធ្មេញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​។​
 
៣. ទទួលទាន​អាហារ​ដែល​ពង្រឹង​សុខភាព​មាត់​ធ្មេញ​
 
​អាហារ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ពុក​ធ្មេញ​មាន​ច្រើនណាស់ រួមបញ្ចូល​ទាំង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា​ឈី​ស​អាចជួយ​កាត់បន្ថយ​កំណកកំបោរ និង​ការពារ​កាចា​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ ផ្លែ​ប៉ោម​បង្កើន​ការផលិត​ទឹកមាត់​ដែល​កាត់បន្ថយ​កម្រិត​នៃ​បាក់តេរី​។​
 
៤. ដុស​សម្អាត​ធ្មេញ​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​
 
​ដើម្បី​រក្សា​សុខភាព​ធ្មេញ​ជៀស​ផុតពី​បញ្ហា​ពុក​ធ្មេញ ឬ​ដង្កូវ​ស៊ី​ប្រហោង ក៏ដូចជា​ការឡើង​កំណកកំបោរ និង​ជំងឺ​អញ្ចាញធ្មេញ ចូរ​ដុស​សម្អាត​ធ្មេញ​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ (​ពេលព្រឹក និង​ពេលយប់​មុនពេល​ចូល​គេង​) ។​
 
៥. ដុស​សម្អាត​អណ្តាត​
 
​ធ្លាប់​ដឹង​ទេ​ថា អណ្ដាត​ក៏​ជា​ផ្នែក​មួយ​សម្បូរ​ទៅដោយ​បាក់តេរី​មិន​ចាញ់​ធ្មេញ និង​អញ្ចាញ​ឡើយ​! ដូច្នេះ​រាល់ពេល​ដុសធ្មេញ កុំ​ភ្លេច​ដុស​សម្អាត​អណ្ដាត​ផង​។​
 
៦. កុំ​ភ្លេច​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ​
 
​ត្រឹមតែ​ការ​ដុស​សម្អាត​ធ្មេញ គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ បាក់តេរី​និង​កំទេចកំទី​អាហារ​តូចៗ​អាច​បង្កបញ្ហា​ពុក​ធ្មេញ​បាន​យ៉ាង​ងាយ​។ ហើយ​ការប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ​ទៀងទាត់​ជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ជួយ​ទប់ស្កាត់​បញ្ហា​។​
 
៧. យកចិត្តទុកដាក់​ចំពោះ​រាល់​បញ្ហា​មិន​ប្រក្រតី​នៃ​សុខភាព​មាត់​ធ្មេញ​
 
​ប្រសិនបើ​អញ្ចាញ​របស់​អ្នក​មើលទៅ​ឡើង​ក្រហម​តិចៗ​, ទឹកមាត់​ពណ៌​ក្រហម​តិចៗ ឬ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឈឺ​ក្នុង​មាត់ ចូរ​កុំ​ស្ទាក់​ស្ទើរនឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ទន្តពេទ្យ ក៏​ព្រោះ​អាកា​រៈទាំង​នេះ​អាច​នឹង​លេចឡើង​ដោយសារ​ភាពមិនប្រក្រតី​ណាមួយ​។​
 
៨. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ​
 
​តែ​បៃតង ឬ​តែ​ខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Camellia sinensis ជួយ​រក្សា​សុខភាព​មាត់​ធ្មេញ​ទប់ស្កាត់​បញ្ហា​ធ្មេញ​ពុក​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​។​
 
៩. កុំ​ដុសធ្មេញ​ខ្លាំងៗ ឬ​ច្រើនដង​ពេក​
 
​អ្វី​ក៏ដោយ​ឱ្យតែ​ពេក គឺ​មិនដែល​ល្អ​ឡើយ​! សូម្បីតែ​ការ​ដុស​សម្អាត​ធ្មេញ​ក៏ដោយ​។ ការ​ដុសធ្មេញ​ខ្លាំងៗ ឬ​ច្រើនដង​ពេក​ក្នុង​ថ្ងៃ​អាច​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​កាចា​ធ្មេញ​។​
 
១០. ពិនិត្យ​មាត់​ធ្មេញ ២​ដង​ក្នុង​មួយឆ្នាំ​
 
​ទន្តពេទ្យ ជា​អ្នកជំនាញ​ជួយ​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ហើយ​អាច​សម្គាល់​ឃើញ​ភាពមិនប្រក្រតី​ណាមួយ​បាន​ទាន់ពេល​ទៀតផង​។ លើសពីនេះទៅទៀត ទន្តពេទ្យ​ក៏​ជួយ​សម្អាត​ធ្មេញ​ទៀងទាត់​ដែល​ធ្វើឱ្យ​អ្នក​អាច​ជៀស​ផុតពី​ការជួប​ប្រទះ​បញ្ហា​មាត់​ធ្មេញ​ធ្ងន់ធ្ងរ​ផ្សេងៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com