ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU និង​អ្នករាយការណ៍ UN ស្វាគមន៍​ចំពោះ​ការចាប់ផ្តើម​ជា​វិជ្ជមាន​នៅ​កម្ពុជា ប៉ុន្តែ​...
12, Nov 2019 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា សហភាព​អឺរ៉ុប និង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​មើលឃើញ​ពី​ដំណើរ​វិជ្ជមាន​ដំណាក់កាល​ដំបូង​នៅ​កម្ពុជា ក្រោយ​ការផ្តល់​សិទ្ធិ​ផ្លូវច្បាប់​ច្រើនជាង​មុន​ដល់ លោក កឹម សុខា ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ សម្តែង​ការសោកស្តាយ ដោយសារ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ នៅតែ​មិនមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ ហើយ​បន្ត​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​ដដែល​។

 
 
​ពី​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​គូសបញ្ជាក់ថា ការបន្ធូរបន្ថយ​លក្ខ​ខណ្ឌ​ច្បាប់​សម្រាប់​លោក កឹម សុខា គឺជា​ជំហាន​ដំបូង​នៃ​ការដើរ​ផ្លូវត្រូវ​។ ប៉ុន្តែ​សហភាព​អឺរ៉ុប ទាមទារ​ឲ្យ​មានការ​បើក​លំហរ​នយោបាយ និង​គំនិត​ផ្តួចផ្តើម​ផ្សះផ្សារ​ជាតិ ជាពិសេស​ការផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ​ដល់​លោក កឹម សុខា មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​បក្សប្រឆាំង​ដទៃទៀត​។​
 
​ដូចគ្នា​ផងដែរ ពី​ទីក្រុង​ហ្ស៊ី​ណែវ ប្រទេស​ស្វី​ស លោកស្រី Rhona Smith បានលើកឡើង​ពី​ការវិវត្ត​ជា​វិជ្ជមាន ប៉ុន្តែ​លោកស្រី​សោកស្តាយ​ដែល​តុលាការ បន្ត​រឹតត្បិត​សិទ្ធិ​លោក កឹម សុខា ដោយ​លោកស្រី សំណូមពរ​ឲ្យ​លើកលែងរ​ការចោទប្រកាន់​នានា​លើ​មេដឹកនាំ​ប្រឆាំង​រូបនេះ​។​
 
​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បន្ត​ព្រួយបារម្ភ​ពី​ស្ថានភាព​របស់​មនុស្ស​៨៥​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ឃុំខ្លួន ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​កាត់បន្ថយ​កំដៅ ហើយ​ស្វែងរក​កិច្ចសន្ទនា ក្នុង​បរិយាកាស​សន្តិភាព​មួយ​។​
 
 
​លោក កឹម សុខា ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចូលទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​យប់​ថ្ងៃទី​២​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា លោក លួច​ទៅ​គប់គិត​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ 
 
​ក្រោយ​ចាប់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដឹក​លោក កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូង​ឃុំ (​ជិត​ព្រំដែន​វៀតណាម​)​។ ជាប់ឃុំ​នៅ​ទី​នោះបាន​មួយឆ្នាំ ពោលគឺ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏​ត្រូវបាន​តុលាការ អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​វិញ តែ​មិន​ត្រូវបាន​ទម្លាក់​បទ​ចោទ​ចេញ​ឡើយ ហើយ​លោក ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​
 
​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស ដោយ​ផ្តល់​សិទ្ធិ​ច្រើនជាង​មុន​ដល់​លោក កឹម សុខា ដែល​មានន័យថា​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ អាច​ដើរហើរ​ទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ តុលាការ នៅតែ​រក្សា​បម្រាម​មិន​ឲ្យ​លោក ចេញទៅ​ក្រៅប្រទេស និង​ធ្វើ​នយោបាយ​ដដែល​៕
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com