ជាតិ
វីដេអូ
ជនជាតិបារាំង លោក JB Chevance ចំណាយពេល២០ឆ្នាំ ដើម្បីវប្បធម៌ និងបរិស្ថាននៅលើភ្នំគូលែន 
×![]()
គូលែន, សៀមរាប៖ លោក Jean-Baptiste Chevance ជាបុរាណវិទូ ជនជាតិបារាំង ដែលមកធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៩។ លោក JB Chevance បានធ្វើការពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រាង្គប្រាសាទដែលជាជំនាញរបស់លោក និងការការពារបរិស្ថានជាមួយអ្នកភូមិ សហគមន៍នៅតំបន់ភ្នំគូលែន។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Thmey Thmey នាខ្នងភ្នំគូលែន លោក JB Chevance បញ្ជាក់ថា៖ «ខ្ញុំមកកម្ពុជា២០ឆ្នាំមុន។ ពីមុនខ្ញុំជាបុរាណវិទូ ធ្វើការនៅប្រាសាទអង្គរ ហើយខ្ញុំឃើញភ្នំគូលែនពីឆ្ងាយ ខ្ញុំចង់ទៅមើលប្រាសាទ និងពើងនៅលើភ្នំគូលែន។ ខ្ញុំស្រឡាញ់ភ្នំគូលែន។ ខ្ញុំចង់អភិវឌ្ឍភ្នំគូលែន និងចង់ឲ្យប្រជាពលរដ្ឋយល់ដឹងពីការអភិរក្ស»។
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ លោក Jean Baptiste Chevance ប្រធានមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍដូចតទៅ៖
លោក JB Chevance មកធ្វើការនៅកម្ពុជា គឺផ្ដោតទៅលើការស្រាវជ្រាវអំពីប្រាសាទ និងការធ្វើកំណាយតំបន់បុរាណជាដើម។ មិនត្រឹមតែស្រឡាញ់លើកិច្ចការស្រាវជ្រាវប៉ុណ្ណោះទេ បុរសវ័យ៤៦ឆ្នាំរូបនេះ ក៏មានចិត្តស្រឡាញ់លើផ្នែកបរិស្ថាន ដោយបានបង្កើតថ្នាលបណ្ដុះកូនឈើចំនួន៣កន្លែងនៅលើខ្នងភ្នំគូលែន សម្រាប់ក្មេងៗបណ្ដុះ ដើម្បីដាំបន្ថែមលើភ្នំគូលែន។ ក្នុងឆ្នាំ២០១៩នេះ មូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់លោក JB Chevance បានដាំកូនឈើចំនួន ១៣០០០ដើម លើផ្ទៃដីចំនួន ១៤ហិកតានៅលើខ្នងភ្នំគូលែន។
បើតាមលោក JB Chevance ប្រជាពលរដ្ឋមួយចំនួននៅលើភ្នំគូលែន បានកាប់ដើមឈើ ដើម្បីធ្វើចម្ការ។ តាមរយៈការចុះបណ្ដុះបណ្ដាល និងធ្វើការជាមួយសហគមន៍លោក JB Chevance បានផ្លាស់ប្ដូរសកម្មភាពពលរដ្ឋដែលកាប់ព្រៃឈើឲ្យងាកមើលធ្វើកសិកម្ម ចិញ្ចើមសត្វវិញ ដើម្បីការពារ និងថែរក្សាបរិស្ថាន។
សូមបញ្ជាក់ថា មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍ (Archaeology and Development Foundation) គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូលដែលបានធ្វើការលើកម្មវិធីមួយឈ្មោះថា កម្មវិធីភ្នំគូលែន ចាប់តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះមានគោលបំណងសិក្សាស្វែងយល់អំពី ចក្រភពខ្មែរ និងធានាថាប្រជាជនកម្ពុជាដែលរស់នៅជុំវិញតំបន់បុរាណដ្ឋាននៅលើភ្នំគូលែន ចូលរួមចំណែកក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងអស់នោះ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់៕




រូបភាពពីទំព័រហ្វេសប៊ុក Archaeology and Development Foundation
រូបភាពពីទំព័រហ្វេសប៊ុក Archaeology and Development Foundation
រូបភាពពីទំព័រហ្វេសប៊ុក Archaeology and Development Foundation
Tag:
វប្បធម៌
បរិស្ថាន
ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com