ជាតិ
អុំទូក​ពីរ​ថ្ងៃ មាន​ពលរដ្ឋ​ឈឺក្បាល វិលមុខ ចុកពោះ ប្រមាណ​៩​ពាន់​នាក់​
12, Nov 2019 , 1:29 pm        
រូបភាព
ដោយ ផាត ដាណេ

ភ្នំពេញ​៖ ពលរដ្ឋ​សរុប ចំនួន ៩,០៦៣​នាក់ បានទទួល​ការពិនិត្យ និង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ ក្នុង​រយៈពេល​២​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​។ បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១  នៃ​ពិធីបុណ្យ​អុំទូក​មាន​ពល​រដ្ឋ​មក​ពិនិត្យ និង​ព្យាបាល ចំនួន ៤,០៨៨​នាក់ និង​ថ្ងៃទី​២ មាន​ចំនួន ៤,៩៤៨​នាក់ ក្នុងនោះ​មាន​អ្នករបួស​ចំនួន​៥៥​នាក់ និង​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ចំនួន​៥​នាក់​។​



​ពលរដ្ឋ​ដែល​ទទួលបាន​ការព្យាបាល​ភាគច្រើន​មាន​អាការ ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្ដាសាយ​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។​

អត្ថបទទាក់ទង


​សូមជម្រាបថា ក្នុងអំឡុង​បុណ្យអុំទូក​នេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ពង្រាយ​ស្ដង់​សុខាភិបាល​៨​ស្ដង់ ដែលមាន​ក្រុមគ្រូពេទ្យ​ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ​ជិត​៨០០​នាក់ ក្នុងនោះ​មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​១៣​ក្រុម​។ ប្រចាំការ​ទាំងអស់នេះ បាន​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ រួមទាំង​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ទប់ស្កាត់​ជំងឺអេដស៍​ដោយ​ឥតគិតថ្លៃ​ផងដែរ ។ 
​គួរ​រំលឹក​ផងដែរ​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០១៨​កន្លងទៅនេះ ពលរដ្ឋ​ដែលមាន​អាកា​រៈ ឈឺក្បាល វិលមុខ ផ្ដាសាយ អស់កម្លាំង ចុក​រាក និង​ខ្យល់ចាប់ មាន​ប្រមាណ​២​ម៉ឺន​នាក់ ដែល​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​បឋម​ពី​ក្រុមគ្រូពេទ្យ​នៅតាម​ស្តង់​៕



© រក្សាសិទ្ធិដោយ thmeythmey.com