អន្តរជាតិ
ការី ឡាំ​៖ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង គឺ​លើសពី​ការទាមទារ​លទ្ធិប្រជាធិបតេយ្យ​
12, Nov 2019 , 7:39 pm        
រូបភាព
​លោកស្រី​ការី ឡាំ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា បាន​លើកឡើងថា បាតុករ​ហុងកុង បាន​ដើរ​ហួស​ពី​ខ្សែបន្ទាត់​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ហើយ​។ ទន្ទឹមនេះ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​រូបនេះ បានចាត់ទុក​ក្រុមបាតុករ​ថា គឺជា​«​សត្រូវ​របស់​ប្រជាជន​»​។ ការអះអាង​របស់លោក​ស្រី​ដូច្នេះ គឺ​បន្ទាប់ពី​បាតុករ​ម្នាក់ ត្រូវបាន​បាញ់​ដោយ​មន្ត្រីប៉ូលិស និង​បាតុករ​ម្នាក់ទៀត ត្រូវបាន​គេ​ចាក់​សាំង​ដុត​។


 
​បន្ទាប់ពី​ស្ថានការណ៍​នៅ​ទីក្រុង​ហុងកុង​កាន់តែ​ធ្ងន់ធ្ងរ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បានចេញ​មុខ ព្រមាន​យ៉ាងច្បាស់ៗ​ថា ប្រសិនបើ​បាតុករ​ហុងកុង​នៅតែ​គិត​ចង់បាន​អ្វី តាមរយៈ​ការប្រើប្រាស់​អំពើហិង្សា​ទៀត ប្រាកដ​ណាស់​ថា រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​(SAR) នឹង​ចាត់វិធានការ និង​ដាក់​សម្ពាធ​ទប់ស្កាត់​សកម្មភាព​ទាំងនេះ​។ លោកស្រី​បាន​បន្តថា ពេលនោះ​បាតុកម្ម នឹងមិន​មាន​ទៀតឡើយ​នាពេល​អនាគត​។ នេះ​បើតាម​សេចក្តីប្រកាស​របស់លោក​ស្រី​ការី ឡាំ តាម​កញ្ចក់​ទូរទស្សន៍​។ 
 
​អស់ពី​ប្រកាស​ចាត់វិធានការ​លើ​ក្រុមបាតុករ លោកស្រី​ប្រធាន​ប្រតិបត្តិ បានចាត់ទុក ទង្វើ​របស់​ក្រុម​បា​តុ​ការ​ថា លើសពី​ការទាមទារ​លទ្ធិប្រជាធិបតេយ្យ និង ជា​«​សត្រូវ​របស់​ប្រជាជន​»​។ ការអះអាង​បែបនេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​តែប៉ុណ្ណោះ បន្ទាប់ពី​ប៉ូលិស បាន​បាញ់​គ្រាប់​ពិត​លើ​បាតុករ​មួយរូប ខណៈ​បាតុករ​មួយរូប​ទៀត ត្រូវបាន​បុរស​ម្នាក់ ចាក់​សាំង​ដុត​។ 
 
​ដោយសារតែ​វិបត្តិ​ខាងលើ នា​ថ្ងៃទី​១២ ខែវិច្ឆិកា សេវា​រថភ្លើង និង​ផ្លូវ​មួយចំនួន ត្រូវបាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។ ប៉ូ​លិ​ល​បង្ក្រាប​បាតុកម្ម ត្រូវបាន​បញ្ចូនទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី និង​ប៉ូលីស​ជាច្រើន​នាក់​ទៀត មាន​វត្ត​មាននៅ​ស្ថានីយ​រថភ្លើង​។ ការណ៍​នេះ បង្ក​ឲ្យ​មាន​ភាពមិន​ពេញចិត្ត​ជាខ្លាំង​ពី​សំណាក់​អ្នកដំណើរ ដែល​ត្រូវ​ធ្វើការ​នៅ​កណ្តាល​ទីក្រុង និង​កន្លែង​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។ 
 
​មិន​ត្រឹម​មធ្យោបាយ​ធ្វើដំណើរ​ត្រូវបាន​ផ្អាក​ទេ សូម្បីតែ​សកលវិទ្យា​ល័យ និង​សាលារៀន ក៏បាន​លុបចោល​ការបង្រៀន​ដែរ ដោយសារតែ​ក្រុម​ប៉ូ​លិ​ល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បង្ក្រាប​ទៅលើ​ក្រុមនិស្សិត ដែល​បាន​ចោល​ដប​សាំង​លើ​អាគារ​សាលារៀន​។ គិត​មកទល់ពេលនេះ បាតុកម្ម​នៅ​ទីក្រុង​ហុង គឺមាន​រយៈពេល​ច្រើនជាង​៥​ខែ​មកហើយ​។ ជាពិសេស មនុស្ស​ច្រើនជាង ៣​ពាន់​នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន បើ​គិត​ចាប់ពី​ខែមិថុនា​មក​។​

Tag:
 ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com