ច្បាប់​៖ របៀប​រៀបចំ​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ច្បាប់​៖ របៀប​រៀបចំ​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​
12, Nov 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចសន្យា ជាការ​ព្រមព្រៀង​រវាង​គូភាគី ដើម្បី​ផ្តល់​ឲ្យ និង​ទទួលយក​នូវ​កម្មវត្ថុ​អ្វីមួយ ដោយ​ភ្ជាប់​ជាមួយ​នូវ​កាតព្វកិច្ច ការទទួលខុសត្រូវ និង​ការធានា​ផ្សេងៗ របស់​គូភាគី​នៅក្នុង​កិច្ចសន្យា​។ ទោះជា​យ៉ាងណា គេ​តែង​ជួប​ផល​លំបាក​ជាច្រើន ក្នុងការ​រៀបចំ​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ តាម​លំដាប់លំដោយ មាន​របៀបវារៈ​ងាយ​យល់ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​
 
​វា​ប្រហែលជា​ពិបាក​បន្តិច សម្រាប់​អ្នក​មិន​ធ្លាប់​សរសេរ ឬ​មិនបាន​រៀន ពី​របៀប​រៀបចំ​កិច្ច សន្យា​លក់​-​ទិញ​អចលនវត្ថុ​នេះ​។ កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ មាន​ច្រើនបែប ច្រើន​ទម្រង់ មាន​វែង មាន​ខ្លី មាន​លក្ខខណ្ឌ​ចង​កាតព្វកិច្ច​ច្រើន ឬ​តិច អាស្រ័យ​ទៅតាម​ការព្រមព្រៀង​រប​ស់​គូភាគី ឬ​អាស្រ័យទៅលើ​អ្នកតាក់តែង​កិច្ចសន្យា​នោះ​។ កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​ខ្លះ គេ​និយម​សរសេរ​ខ្លីៗ ហើយ​អ្នក​ខ្លះទៀត ក៏​និយម​សរសេរ​វែង​អន្លាយ ទៅតាម​ខ្លឹមសារ​ដែល​បាន​ច​ចារ និង​ព្រមព្រៀងគ្នា រវាង​គូភាគី និង​មេធាវី​។ 
​ខាងក្រោម​នេះ​ជា​គំរូ ឬ​ទម្រង់​នៃ​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ (​ដី និង​ផ្ទះ​) មួយ​ប្រភេទ ដែល​អ្នកច្បាប់ ឬ​មេធាវី​ចូលចិត្ត ឬ​និយម​ប្រើ​។​
 
១) បា​វនា​ជាតិ​
«​ព្រះរាជាណាចក្រ​កម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ​» ចំណុច​នេះ តាម​ការនិយម​ចូលចិត្ត​របស់​អ្នកតាក់តែង​កិច្ចសន្យា គេ​អាចដាក់​ក៏បាន មិន​ដាក់​ក៏បាន​។ ប៉ុន្តែ​ភាគច្រើន គឺ​គេ​ដាក់ ដើម្បី​លើកតម្កើង​ពី​បា​វនា​ជាតិ របស់​ប្រទេស​កម្ពុជា​។​
 
២) ចំណងជើង​នៃ​កិច្ចសន្យា 
​អ្នក​ត្រូវតែ​ដាក់ ហើយ​ដាក់​ឲ្យ​សម​ទៅនឹង​កម្មវត្ថុ​នៃ​កិច្ចសន្យា ដែល​មានចែង​ក្នុង​ប្រការ​១​។ សម្រាប់​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​នេះ គេ​អាចដាក់​ឲ្យ​ចំ​ទៅតាម​កម្មវត្ថុ​តែម្តង​ក៏បាន​។ ឧទាហរណ៍​ថា បើ​កិច្ចសន្យាលក់​-​ទិញ​នោះ សំដៅ​ទៅលើ​ការលក់ និង​ទិញ ផ្ទះល្វែង គេ​អាចដាក់​ចំណងជើង​ឲ្យ​ចំ​ថា «​កិច្ចសន្យាលក់​-​ទិញ​ផ្ទះល្វែង ឬ​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ ឬ​កិច្ចសន្យាលក់​-​ទិញ​ដី និង​ផ្ទះ​»​ក៏បាន​។​
 
៣) ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​កិច្ចសន្យា 
​សម្រាប់​អ្នកច្បាប់ ឬ​មេធាវី គេ​ចូលចិត្ត​សរសេរ​កិច្ចសន្យា​ដែលមាន​កំណត់ និង​បញ្ជាក់​ពី​ទីកន្លែង​ចុះកិច្ចសន្យា និង​កាលបរិច្ឆេទ​នៃ​កិច្ចសន្យា នៅ​ផ្នែក​ខាងលើ​បន្ទាប់ពី​ចំណងជើង​នៃ​កិច្ចសន្យា​។ ឧទាហរណ៍​៖ កិច្ចសន្យា​នេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោកអ្នក​ក៏​អាច​សរសេរ​ទីកន្លែង និង​កាលបរិច្ឆេទ នៅ​ផ្នែក​ខាងក្រោម បន្ទាប់ពី​ផ្នែក​នៃ​សក្ខីកម្ម​នៃ​កិច្ចសន្យា​បានដែរ​។​
 
៤) ព័ត៌មាន​របស់​គូភាគី នៃ​កិច្ចសន្យា​
​ចំណុច​នេះ​ក៏​សំខាន់​ណាស់ដែរ ដែល​អ្នក​ត្រូវតែ​ដាក់​ព័ត៌មាន​របស់​គូភាគី នៃ​កិច្ចសន្យា ជា​ព័ត៌មាន​បឋម ដែល​ក្នុង​កិច្ចសន្យា​នីមួយៗ មិនអាច​ខ្វះ​បាន​។ នៅ​ចំណុច​ព័ត៌មាន​របស់​គូភាគី​នេះ អ្នក​ត្រូវ​ចងចាំ​ថា គូភាគី អាច​រវាង​រូបវន្តបុគ្គល និង​រូបវន្តបុគ្គល ឬ​រូបវន្តបុគ្គល និង​នីតិបុគ្គល ឬ​នីតិបុគ្គល និង​នីតិបុគ្គល​។​
 
​ក្នុងករណី​កិច្ចសន្យា​ត្រូវបាន​រៀបចំឡើង រវាង​រូបវន្តបុគ្គល និង​រូបវន្តបុគ្គល នោះ​កិច្ចសន្យា ត្រូវ​សរសេរ ព័ត៌មាន​របស់​គូភាគី ដោយ​ចាប់ផ្តើម​ពី ឈ្មោះ ភេទ អាយុ អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន លេខ និង​កាលបរិច្ឆេទ​របស់​វា អាសយដ្ឋាន ឬ​ទីលំនៅ​អចិន្ត្រៃយ៍​របស់​គូភាគី​។ ក្នុងករណី​កិច្ចសន្យា​ត្រូវបាន​ធ្វើឡើង ដោយមាន​ភាគី​ណាមួយ ជា​នីតិបុគ្គល អ្នក​ត្រូវ​ចាប់ផ្តើម​ដោយ​ឈ្មោះ​របស់​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ លេខ​ចុះបញ្ជី កាលបរិច្ឆេទ​ចុះបញ្ជី ការិយាល័យ​ចុះបញ្ជី​ក្រុមហ៊ុន ឈ្មោះ និង​តួនាទី​របស់​អ្នកតំណាង​របស់​ក្រុមហ៊ុន​។​
 
៥) កម្មវត្ថុ​នៃ​កិច្ចសន្យា ឬ​គោលបំណង​នៃ​កិច្ចសន្យា​
​ត្រង់ចំណុច​កម្មវត្ថុ​នេះ គេ​អាច​ប្រើពាក្យ​ថា​«​ការលក់​ទិញ​អចលនវត្ថុ​» ឬ​«​គោលបំណង​នៃ​កិច្ចសន្យា​»  ឬ​ប្រើពាក្យ​«​កម្មវត្ថុ​នៃ​កិច្ចសន្យា​» ក៏បាន តាម​ការនិយម​។​
​នៅក្នុង​ចំណុច ឬ​ប្រការនេះ គេ​ត្រូវ​សរសេរ​អំពី​គោលបំណង​របស់​អ្នកលក់ និង​អ្នកទិញ​ឲ្យ​បាន​ច្បាស់ ថា​តើ​គាត់​ចង់​លក់ និង​ទិញ​អ្វី​? បើ​កម្មវត្ថុ​នោះ​ជា «​ផ្ទះល្វែង​» គេ​ត្រូវ​សរសេរ​ឲ្យ​ច្បាស់​ថា «​ដី និង​ផ្ទះល្វែង មួយកន្លែង​/​ល្វែង លេខ​…​ផ្លូវ​…​ភូមិ​…………​ឃុំ​/​សង្កាត់ …………… ស្រុក​/​ខណ្ឌ​………………………​ខេត្ត​/​ក្រុង​………………… »​។​
 
៦) តម្លៃ​លក់​-​ទិញ និង​លក្ខខណ្ឌ​នៃ​ការទូទាត់​
​តម្លៃ​លក់​-​ទិញ​អចលនវត្ថុ និង​លក្ខខណ្ឌ​ទូទាត់​ប្រាក់​ថ្លៃ​លក់​-​ទិញ​អចលនវត្ថុ គឺជា​លក្ខខណ្ឌ​ដែលជា​ទូទៅ ត្រូវ​បានចែង​យ៉ាងច្បាស់​អាស្រ័យ​ទៅតាម​ការចរចា និង​ការព្រមព្រៀង​រវាង​គូភាគី​នៃ​កិច្ចសន្យា​។ តម្លៃ​លក់​-​ទិញ​អចលនវត្ថុ និង​លក្ខខណ្ឌ​ទូទាត់​ប្រាក់ ជាទូទៅ​ត្រូវបាន​សរសេរ​ឡើង​ក្នុង​ប្រការ ២ នៃ​កិច្ចសន្យា បន្ទាប់ពី​កម្មវត្ថុ​នៃ​កិច្ចសន្យា ហើយ​ការទូទាត់​ប្រាក់​ថ្លៃ លក់​-​ទិញ​អចលនវត្ថុ ជាទូទៅ​មាន ៣ ទៅ ៤ ដំណាក់កាល អាស្រ័យ​ទៅតាម​ព្រមព្រៀង និង​ការចរចា​រវាង​គូភាគី​។​
 
៧) ការចុះបញ្ជី ការផ្ទេរសិទ្ធិ ការចំណាយ និង​ការបង់ពន្ធ​ផ្សេងៗ​
​ក្នុង​ប្រការនេះ ត្រូវ​ចែង​អំពី​អ្នកទទួលខុសត្រូវ ក្នុងការ​រត់ការ​ផ្ទេរ​សិទ្ធិ​អចលនវត្ថុ ពី​អ្នកលក់​ទៅ​អ្នកទិញ ហើយ​ត្រូវ​ចែង​ឲ្យ​ច្បាស់ ពី​ការផ្ទេរសិទ្ធិ​នោះ តើ​ពី​ប្លង់​ទន់ ទៅ​ប្លង់​ទន់​? ឬ​ពី​ប្លង់​ទន់ ទៅ​ប្លង់រឹង​? ឬ​ពី​ប្លង់រឹង ទៅ​ប្លង់រឹង​? ជាដើម ភាគី​ណា​ជា​អ្នក​រត់ការ​កាត់ឈ្មោះ​ផ្ទេរសិទ្ធិ​នោះ​? ភាគី​ណា​ទទួលខុសត្រូវ​លើ​ការចំណាយ និង​ការបង់ពន្ធ​ប្រថាប់ត្រា ឬ​ពន្ធ​ផ្ទេរសិទ្ធិ ៤% ជាដើម ហើយ​ត្រូវ​ប្រើ​រយៈពេល​រត់ការ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ លក្ខខណ្ឌ​ពិន័យ និង​ការអនុគ្រោះ​ផ្សេងៗ ក្នុងករណី​ការចុះបញ្ជី ឬ​ការផ្ទេរសិទ្ធិ​មិនបាន​ជោគជ័យ ឬ​មាន​បញ្ហា​អាក់ខាន ជាដើម​។​
 
៨) ការធានា កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​គូភាគី​
​នេះ​ជា​ប្រការ​មួយ​ដែល​ត្រូវតែ​ដាក់ និង​ចែង​ឲ្យ​ច្បាស់ ពី​ការធានា និង​ការទទួលខុសត្រូវ​រប​ស់​ភាគី​នីមួយៗ​នៅក្នុង​កិច្ចសន្យា ជៀសវាង​មាន​ជម្លោះ ឬ​ការមិន​គោរព ឬ​អនុលោម​តាម​ខ្លឹមសារ​នៃ​កិច្ចសន្យា​របស់​ភាគី​ណាមួយ​។ ក្នុង​ប្រការ មាន​របៀប​សរសេរ​ពីរ​យ៉ាង គឺ​គេ​អាច​រួមបញ្ចូល​ការធានា និង​ការទទួលខុសត្រូវ​រប​ស់​គូភាគី ក្នុង​ប្រការ​តែមួយ ប៉ុន្តែ​បែងចែក​ជា​ផ្នែក​របស់​អ្នកលក់ និង​អ្នកទិញ ឬ​បំបែក​ជា​ពីរ​ប្រការ​ផ្សេងគ្នា ដោយ​ដាក់​ការធានា និង​ការទទួលខុសត្រូវ​រប​ស់​អ្នកលក់​ដាច់​មួយ​ប្រការ​តែឯង ហើយ​អ្នកទិញ​ដាច់​តែមួយ​ប្រការ​ម្នាក់ឯង​។​
 
៩) លក្ខខណ្ឌ​ទូទៅ​ដែល​គេ​និយម​សរសេរ​ក្នុង​កិច្ចសន្យា 
​លក្ខខណ្ឌ​ទូទៅ​នៅក្នុង​កិច្ចសន្យា គឺជា​ទម្រង់​ទូទៅ​ដែល​គេ​តែង​តែង​និយម​សរសេរ នៅ​គ្រប់​កិច្ចសន្យា​ទាំងអស់ មិនថាតែ​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​នោ​ទេ​។​
​គេ​តែង​ប្រើពាក្យ​ថា​«​បញ្ញត្តិ​ផ្សេងៗ​»​សម្រាប់​លក្ខខណ្ឌ​ទូទៅ ដែល​គេ​ត្រូវ​សរសេរ​ចូលក្នុង​កិច្ចសន្យា ដោយ​នៅក្នុង​បញ្ញត្តិ​ផ្សេងៗ មាន​អនុបញ្ញត្តិ ដូចខាងក្រោម​៖ 
​ក​.    កិច្ចសន្យា​ទាំងមូល (​សូម​មើល​គម្រូ​ខាងក្រោម​)
​ខ​.    វិសោធនកម្ម​នៃ​កិច្ចសន្យា (​សូម​មើល​គម្រូ​ខាងក្រោម​)
​គ​.    អនុប្បទាន និង​ការផ្ទេរសិទ្ធិ (​សូម​មើល​គម្រូ​ខាងក្រោម​)
​ឃ​.    ស្វ័យភាព​នៃ​ប​ញ្ញ​តិ្ត (​សូម​មើល​គម្រូ​ខាងក្រោម​)
​ង​.    ភាសា និង​ការតម្កល់​កិច្ចសន្យា (​សូម​មើល​គម្រូ​ខាងក្រោម​)
​ច​.    ច្បាប់​គ្រប់គ្រង (​សូម​មើល​គម្រូ​ខាងក្រោម​)
​ឆ​.    ដំណោះស្រាយ​វិវាទ (​សូម​មើល​គម្រូ​ខាងក្រោម​)
​ដើម្បី​បានជា​គតិ និង​ជា​គំនិត​មូលដ្ឋាន​ខ្លះ ក្នុងការ​សរសេរ​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ យើងខ្ញុំ​សូម​ភ្ជាប់​ជូន​នូវ​គំរូ ឬ​ទម្រង់​នៃ​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​មួយបែប ជូន​លោក​អ្នកអាន​យកចំណេះ​ដឹង ដូចខាងក្រោម​៖
 
​ព្រះរាជាណាចក្រ​កម្ពុជា​
​ជាតិ សាសនា ព្រះមហាក្សត្រ​
 
​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​
 
​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​នេះ (​ហៅថា “​កិច្ចសន្យា​”) ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​........​ខែ​........​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ ដោយ និង រវាងៈ​
1.​       ឈ្មោះ​……………………​ភេទ ប្រុស អាយុ ………​ឆ្នាំ សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​……………………. ចុះ​ថ្ងៃទី​……/………/……… មាន​អាសយដ្ឋាន​ផ្ទះ​លេខ​……​ផ្លូវ ………​ភូមិ​………………​ឃុំ​/​សង្កាត់​………………… ស្រុក​/​ខណ្ឌ​…………………​ខេត្ត​/​ក្រុង​………………………(​ចាប់ពីពេលនេះ​តទៅ ហៅ​កាត់​ថា “​អ្នកលក់​”) ។​
2.​   ឈ្មោះ​……………………​ភេទ ប្រុស អាយុ ………​ឆ្នាំ សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​……………………. ចុះ​ថ្ងៃទី​……/………/……… មាន​អាសយដ្ឋាន​ផ្ទះ​លេខ​……​ផ្លូវ ………​ភូមិ​………………​ឃុំ​/​សង្កាត់​………………… ស្រុក​/​ខណ្ឌ​…………………​ខេត្ត​/​ក្រុង​………………………(​ចាប់ពីពេលនេះ​តទៅ ហៅ​កាត់​ថា “​អ្នកទិញ​”) ។​
(“​អ្នកលក់​” និង “​អ្នកទិញ​” អាច​ហៅ​ដាច់ឡែក​ហៅថា “​ភាគី​” និង ហៅ​រួមគ្នា​ថា “​គូភាគី​”) ។​
 
​បុព្វកថា​
​ដោយហេតុថា​៖ អ្នកលក់ ជា​កម្មសិទ្ធិករ​ស្របច្បាប់​នៃ​ដី និង​ផ្ទះល្វែង​មួយកន្លែង ដែលមាន​ក្បាលដី លេខ ........(E1 & E2) ដែលមាន​ផ្ទៃក្រឡា​សរុប​.........​ម​២ (................​ម៉ែត្រ​ការេ​) ដែលមាន ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ២៩៤ ភូមិ ៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ចាប់ពីពេលនេះ​តទៅ ហៅថា “​អចលនវត្ថុ​”) ដែល​កំណត់​អត្តសញ្ញាណ​ដោយ​លិខិត​ផ្ទេរសិទ្ធិ កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី ចុះ​ថ្ងៃទី​......​ខែ​.......​ឆ្នាំ​...........(​តទៅ​នេះ​ហៅថា “​លិខិត​ផ្ទេរសិទ្ធិ​”) ដូច​មានភ្ជាប់​ជូន​ជា​ឧបសម្ព័ន្ធ​នៃ​កិច្ចសន្យា​នេះ ។​
​ដោយហេតុថា​៖ អ្នកលក់​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការលក់​អចលនវត្ថុ ដូចដែល​បាន​រៀបរាប់​ខាងលើ និង ដែលមាន​នៅក្នុង​លិខិត​ផ្ទេរសិទ្ធិ ដែល​បាន​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​កិច្ចសន្យា​នេះ ។​
 
​ដោយហេតុថា​៖ អ្នកលក់ មានបំណង​លក់​អចលនវត្ថុ ហើយ​អ្នកទិញ មានបំណង​ទិញ​អចលនវត្ថុ​ពី​អ្នកលក់ ដោយ​អនុលោម​តាម​ខ្លឹមសារ និង​លក្ខខណ្ឌ ដែល​មានចែង​ដូចខាងក្រោម​នេះ ។ 
 
​ហេតុដូច្នេះ គូភាគី​បាន​ព្រមព្រៀងគ្នា​ដូចខាងក្រោម ៖     
                          
១. កម្មវត្ថុ​នៃ​កិច្ចសន្យា​
១.១. អ្នកលក់​យល់ព្រម​លក់ ហើយ​អ្នកទិញ​យល់ព្រម​ទិញ​អចលនវត្ថុ ទៅតាម​តម្លៃ​ដែល​បានកំណត់​នៅក្នុង​ចំណុច ២.១ ខាងក្រោម ស្របតាម​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​នេះ ។​
 
២. តម្លៃ​លក់​-​ទិញ និង​លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់​
២.១. តម្លៃ​លក់​-​ទិញ​
២.១.១. គូភាគី​ក្នុង​កិច្ចសន្យា​នេះ​បាន​ព្រមព្រៀង​លើ​តម្លៃ​លក់​-​ទិញ​អចលនវត្ថុ ក្នុងតម្លៃ ៩០,០០០ (​ប្រាំបួន​ម៉ឺន​ដុល្លារ​អាមេរិក​គត់​) (​តទៅ​នេះ​ហៅថា “​តម្លៃ​លក់​-​ទិញ​”) ដែល​នឹងត្រូវ​ទូទាត់​ទៅ​ឲ្យ​អ្នកលក់ ដោយ​អនុលោម​តាម​ចំណុច ២.២ ខាងក្រោម​នេះ ។​
២.២. លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់​
​គូភាគី​ព្រមព្រៀង​លើ​លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់​ដូចខាងក្រោម ៖
២.២.១. ការបង់ប្រាក់​កក់​
២.២.១.១.   ប្រាក់​កក់​ចំនួន ១.០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់​) (​តទៅ​នេះ​ហៅថា “​ប្រាក់​កក់​”) ត្រូវ​បង់​ទៅ​ឲ្យ​អ្នកលក់ នៅ​ថ្ងៃ​ចុះហត្ថលេខា និង​/​ឬ ផ្តិតមេដៃ​ដើម្បី​អនុវត្ត​កិច្ចសន្យា​នេះ ។ ដើម្បី​ជាការ​ធានា​ក្នុង​កិច្ចសន្យា​នេះ អ្នកលក់​បន្ទាប់ពី​ទទួលបាន​ប្រាក់​កក់​នេះហើយ មិនអាច​កែប្រែ​លែង​លក់ ឬ​លក់​អចលនវត្ថុ​ទៅ​ឲ្យ​តតិយជន ដោយ​មិនមាន​ការយល់ព្រម​ពី​អ្នកទិញ​បានឡើយ ។​
​ក្នុងករណី​កែប្រែ​លែង​លក់ ឬ​លក់​អចលនវត្ថុ​ទៅ​ឲ្យ​តតិយជន ឬ​ការរត់​ការផ្ទេរ​សិ​ទិ្ធ​ដាក់ឈ្មោះ​អ្នកទិញ​មិនអាច​ធ្វើទៅបាន​ដោយ​ប្រការ​ណាមួយ នោះ​អ្នកលក់​ត្រូវ ប្រគល់​ប្រាក់​កក់​មក​ឲ្យ​អ្នកទិញ​វិញ ក្នុង​រយៈពេល​មិន​ឲ្យ​លើសពី ០៣(​បី​)​ថ្ងៃ នៃ​ថ្ងៃ​ប្រតិទិន បូករួម​នឹង​សំណង​ជម្ងឺ​ចិត្ត​ស្មើនឹង​ចំនួន​ប្រាក់​កក់​នេះ គឺ​ស្មើនឹង ២,០០០​ដុល្លារ (​ពីរពាន់​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់​)​។​
២.២.១.២.  នៅពេល​ទទួល​ប្រាក់​កក់ ដូចដែល​មានចែង​នៅក្នុង​ប្រការ​ខាងលើ អ្នកលក់​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ស្នើសុំ​ចុះបញ្ជី​ផ្ទេរ​កម្ម​សិ​ទិ្ធ​អចលនវត្ថុ (​ប្លង់​ទន់​) ជាមួយនឹង​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ និង មាន​សមត្ថកិច្ច​នៅ​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ ទៅជា​ឈ្មោះ​អ្នកទិញ ដោយ អនុលោម​តាម​តាម​ខ្លឹមសារ​និង​លក្ខខណ្ឌ​ដែល​មានចែង​នៅក្នុង​កិច្ចសន្យា​នេះ​រវាង​គូភាគី​។​
២.២.១.៣.  អ្នកលក់​យល់ព្រម​ថា​ខ្លួន​ត្រូវ​ប្រើប្រាស់​រយៈពេល ០៣(​បី​)​ថ្ងៃ រាប់​ចាប់ពី​កាលបរិច្ឆេទ​ទទួល​ប្រាក់​កក់ ឬ​ថ្ងៃ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​នេះ សម្រាប់​ដំណើរការ និង​ការបញ្ចប់​នៃ​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ (​ប្លង់​ទន់​) លើ​អចលនវត្ថុ ដូចដែល​មានចែង​នៅក្នុង​ចំណុច ២.២.១.២ ខាងលើ​នៃ​កិច្ចសន្យា​នេះ (​តទៅ​នេះ​ហៅថា “​រយៈពេល​ចុះបញ្ជី​ផ្ទេរ​សិ​ទិ្ធ​”)​។ រយៈពេល​ចុះបញ្ជី​ផ្ទេរសិទ្ធិ ដែល​មានចែង​នៅក្នុង​ប្រការនេះ នឹងត្រូវ​បាន​ពន្យា​ពេល​ចំនួន ០២(​ពីរ​)​ថ្ងៃ បន្ថែមទៀត ដោយមាន​បញ្ជាក់​ពី​មូលហេតុ​សមស្រប ហើយ ដែលមាន​ការយល់ព្រម​ពី​គូភាគី​នៃ​កិច្ចសន្យា​នេះ​។  
២.២.២. ការទូទាត់​ប្រាក់​ចុងក្រោយ​
២.២.២.១.  ទឹកប្រាក់​សរុប​ចំនួន ៨៩.០០០​ដុល្លារ (​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) (​ហៅថា “​ការទូទាត់​ប្រាក់​ចុងក្រោយ​”) ត្រូវ​ទូទាត់​ទៅ​ឲ្យ​ភាគី​អ្នកលក់ នៅពេលដែល​អ្នកលក់ បាន​បំពេញ​ចប់​រួចរាល់​នូវ​ដំណើរការ​ចុះបញ្ជី​នៃ​ការផ្ទេរ​សិ​ទិ្ធ​ពី​ឈ្មោះ​របស់​អ្នកលក់ ទៅ​ឲ្យ​ឈ្មោះ​អ្នកទិញ ហើយ​អ្នកលក់​បានបង្ហាញ​លិខិត​ផ្ទេរ​សិ​ទិ្ធ​ថ្មី​នេះ ឲ្យ​អ្នកទិញ​បានឃើញ និង ពិនិត្យ​តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ ។ ហើយ​ការទូទាត់​ប្រាក់​ចុងក្រោយ​នេះ នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ធនាគារ​ណាមួយ​ដែលមាន​ការព្រមព្រៀងរ​វាង​គូភាគី​នៃ​កិច្ចសន្យា​នេះ បន្ទាប់ពី​អ្នកទិញ​បាន​ត្រួតពិនិត្យ ភាពស្របច្បាប់​នៃ​ការចុះបញ្ជី​ផ្ទេរ​សិ​ទិ្ធ​អចលនវត្ថុ ដូច​មានចែង​ក្នុង​ប្រការ​ខាងលើ ។​
 
៣. ការចុះបញ្ជី ការផ្ទេរសិទ្ធិ និង​សោហ៊ុយ​ចំណាយ​ផ្សេងៗ​
៣.១. អ្នកលក់​យល់ព្រម​ចុះបញ្ជី​ផ្ទេរ​អចលនវត្ថុ​បច្ចុប្បន្ននេះ (​តទៅ​នេះ​ហៅថា​“​លិខិត​ផ្ទេរ​សិ​ទិ្ធ​”) ទៅជា (“​លិខិត​ផ្ទេរសិទ្ធិ​”) ដដែល ជាមួយនឹង​អាជ្ញាធរ​សុរិយោដី​ដែល​ពាក់ព័ន្ធ មាន​ជាអាទិ៍ ភូមិ សង្កាត់ និង​ថ្នាក់​ខណ្ឌ ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ អ្នកទិញ  ។​
៣.២. រាល់​ថ្លៃ​សេវា ឬ​សោហ៊ុយ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ រួមមាន​៖ សេវា​រដ្ឋបាល សេវា​តម្រូវ​បង់​ជូន​រដ្ឋ សេវា​សុរិយោដី សេវា​មេធាវី​/​សេវា​ផ្នែក​ច្បាប់ និង​ការបង់ពន្ធ​ជា​ធរមាន​នានា មាន​ជាអាទិ៍ អាករ​លើ​តម្លៃបន្ថែម (VAT) ដែល​បាន​ចំណាយ​សម្រាប់​ការស្នើសុំ​ចុះបញ្ជី និង​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ និង​ការបញ្ជា​ក់លើ និង​ការរៀបចំ​សំណុំ​ឯកសារ និង​បែបបទ​ផ្សេងៗ ខាងលើ ជា​បន្ទុក​របស់​អ្នកលក់ ។​
 
៤. ការធានា និង​ការទទួលខុសត្រូវ​រប​ស់​អ្នកលក់​
៤.១. អ្នកលក់​ធានាថា ខ្លួន​គឺជា​ម្ចាស់​កម្ម​សិ​ទិ្ធ​ស្របច្បាប់ និង​ផ្តាច់មុខ​លើ​អចលនវត្ថុ និង​មាន​សិ​ទិ្ធ​ផ្ទេរ ហើយនឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ នូវ​អចលនវត្ថុ​ដែល​មិនមាន​ចំណែក​របស់​តតិយជន មិន​ជាប់​សិ​ទិ្ធ​ឃាត់ទុក មិន​ជាប់​បន្ទុក ការ​រឹតត្បិត ហ៊ី​ប៉ូ​តែ​ក ការដាក់​បញ្ចាំ ការដាក់​ធានា បណ្តឹង​តតិយជន សេចក្តី​ស​ម្រ​ចរ​បស់​តុលាការ វិវាទ​ដែល​កំពុងដំណើរការ ឬ​ផ្អាក​បណ្តោះអាសន្ន​ណាមួយ​ឡើយ ។​
៤.២. អ្នកលក់​យល់ព្រម ចុះបញ្ជី​ផ្ទេរសិទ្ធិ​អចលនវត្ថុ ក្នុង​ទម្រង់​ជា​លិខិត​ផ្ទេរ​សិ​ទិ្ធ នៅ​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ ដោយ​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ​អ្នកទិញ​ធ្វើជា​កម្ម​សិ​ទិ្ធ​ករ​ស្របច្បាប់​នៃ​អចលនវត្ថុ​នេះ ចាប់​ពីថ្ងៃ​ផ្តិតមេដៃ​ស្តាំ​លើ​កិច្ចសន្យា​នេះ​តទៅ ។​
៤.៣. គ្មាន​តតិយជន​ណាមួយ​ដែល​ត្រូវបាន​ផ្តល់​សិ​ទិ្ធ ឬ​ទាមទារ​អចលនវត្ថុ ចាប់ពី​ថ្ងៃ​បំពេញ​ការផ្ទេរ​សិ​ទិ្ធ​លើ​អចលនវត្ថុ ដោយ​អនុលោម​តាម​ចំណុច ៣.១ និង ៣.២ នៃ កិច្ចសន្យា​នេះ ។​
៤.៤. នៅមុន​ពេល​ទទួល​ប្រាក់​កក់ និង​នៅពេល​ផ្តិតមេដៃ និង​/​ឬ ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ អ្នកលក់​ត្រូវ​បង្ហាញ​ដល់​អ្នកទិញ នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ ទាំង​ច្បាប់ដើម និង​ថតចម្លង ដែល​បញ្ជាក់ថា ខ្លួន​គឺជា​កម្ម​សិ​ទិ្ធ​ករ​ស្របច្បាប់ និង​តែ​ម្នាក់​គត់​លើ​អចលនវត្ថុ​នេះ និង​ថា អចលនវត្ថុ​នេះ​មិន​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ដូច​មានចែង​ក្នុង​ខ្លឹមសារ​នៃ​ប្រការ ៤.១ ខាងលើ នៃ​កិច្ចសន្យា​នេះ ។​
៤.៥. ក្រោយពី អ្នកទិញ បាន​ទូទាត់ ប្រាក់​កក់ រួចរាល់​ហើយ អ្នកលក់ មិនត្រូវ​លក់ អចលនវត្ថុ ទៅ​ឲ្យ​តតិយជន ឬ ស​ម្រ​ច​ចិត្ត​ថា​មិន​លក់ តម្លើង​តម្លៃ​លក់​-​ទិញ ឈប់​លក់ ផ្អាក​លក់ និង​/​ឬ ធ្វើ​កិច្ច​ការដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការលក់​-​ទិញ អចលនវត្ថុ តាម​ខ្លឹមសារ និង​លក្ខខណ្ឌ​ដូចដែល​បានកំណត់​នៅក្នុង​កិច្ចសន្យា​នេះ ។ ប្រសិនបើ អ្នកលក់ នៅតែ​ប្រព្រឹត្តិ​ដូច​ការចែង​ក្នុង​ប្រការនេះ អ្នកលក់ ត្រូវប្រគល់​ប្រាក់​ប្រាក់​កក់ និង​ប្រា​ក់បង់​ផ្សេងៗ​ទៀត មក​ឲ្យ​អ្នកទិញ​វិញ ក្នុង​រយៈពេល​មិន​ឲ្យ​លើសពី ០៣(​បី​)​ថ្ងៃ នៃ​ថ្ងៃ​ប្រតិទិន ។​
៤.៦. រាល់​សោហ៊ុយ និង​ការចំណាយ​ផ្សេងៗ​លើ​ការចុះបញ្ជី និង​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ និង​ការចំណាយ​ផ្សេងៗ ដូច​មានចែង​ក្នុង​ចំណុច ៣.២ ខាងលើ នៃ​កិច្ចសន្យា​នេះ ជា​បន្ទុក​របស់​អ្នកលក់ ។​
៤.៧. ប្រសិនបើ អ្នកលក់​៖
៤.៧.១. សម្រេចចិត្ត​ឈប់​លក់​អចលនវត្ថុ ទៅ​ឲ្យ​អ្នកទិញ ក្រោយពី​ថ្ងៃ​ចុះ​កិច្ចសន្យាលក់​-​ទិញ​នេះ​។​
៤.៧.២. ខកខាន​មិនបាន​ផ្ទេរ​កម្ម​សិ​ទិ្ធ​នៃ​អចលនវត្ថុ ដែលជា​កម្មវត្ថុ​ដូចដែល​បានចែង​នៅក្នុង​កិច្ចសន្យា​នេះ​។​
​អ្នកលក់​ត្រូវប្រគល់​ត្រឡប់មកវិញ​នូវ​ប្រាក់​កក់ និង​ការចំណាយ​ផ្សេងទៀត​ដែល​អ្នកទិញ​បាន​ចំណាយ និង​ត្រូវ​បង់​ការពិន័យ​ដែល​ស្មើនឹង​ចំនួន​ប្រាក់​កក់ និង​ការចំណាយ​ផ្សេងទៀត​ជា​សំណង​នៃ​ការខូចខាត និង​ប្រាក់​ជម្ងឺ​ចិត្ត​ទៅ​ឲ្យ​អ្នកទិញ ។ ដើម្បី​បញ្ជៀ​សភាព​មន្ទិលសង្ស័យ អ្នកទិញ​យល់ព្រម​យ៉ាង​ជាក់លាក់ និង​ដោយ​ឥត​លក្ខខណ្ឌ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ ឬ​ផ្នែក​ដ៏​ទៃ​ផ្សេងទៀត​នៃ​អចលនវត្ថុ ដែល​បាន​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ​តាមរយៈ​កិច្ចសន្យា​នេះ​ត្រឡប់​ទៅ​ឲ្យ​អ្នកលក់​វិញ ប្រសិនបើ​បាន​ផ្ទេរកម្មសិទ្ធិ​រួចរាល់ ដោយ​ការចំណាយ ផ្សេងៗ​ជា​បន្ទុក​ផ្តាច់មុខ និង​ទាំងស្រុង​របស់​អ្នកលក់ ដោយ​ផ្អែក​ទៅតាម​នីតិវិធី​ច្បាប់ និង​រដ្ឋបាល និង​ការអនុវត្ត រួមមាន​ជាអាទិ៍​ដូចជា ការចុះហត្ថលេខា និង​/​ឬ ផ្តិតមេដៃ​លើ​លិខិតស្នាម​ដែល​តម្រូវ​ផ្សេងៗ​ទៀត ដើម្បី​ផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ ឬ ផ្នែក​ដ៏​ទៃ​ផ្សេងទៀត​នៃ​អចលនវត្ថុ​ត្រឡប់​ទៅ​ឲ្យ​អ្នកលក់​វិញ ។​
 
៥. ការធានា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អ្នកទិញ​
៥.១. អ្នកទិញ ធានា​ចំពោះ​អ្នកលក់​ថា អ្នកទិញ​នឹង​គោរព​តាម​រាល់​ខ្លឹមសារ និង​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​កិច្ចសន្យា​នេះ ដែល​ទាក់ទិន​នឹង​ខ្លួន ។​
៥.២. អ្នកទិញ ត្រូវអនុវត្ត​នូវ​កាតព្វកិច្ច​ទាំងឡាយ​របស់ខ្លួន ដូចដែល​មានចែង​ក្នុង​កិច្ចសន្យា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​សុ​ច្ចរិតភាព​។​
៥.៣. អ្នកទិញ​ត្រូវ​សហការ​ជាមួយ​អ្នកលក់ ក្នុងការ​រៀបចំ​ឯកសា​រ​ដែល​ចាំបាច់​នានា​ដែល​ទាក់ទង​ទៅនឹង​ការផ្ទេរ​កម្ម​សិ​ទិ្ធ (​ប្រសិនបើ​មានការ​ស្នើសុំ និង​តម្រូវ​)​។​
៥.៤. រាល់​សោហ៊ុយ និង​ការចំណាយ​ទាំងឡាយណា​ទាក់ទង​នឹង​ការរៀបចំ និង ការតាក់តែង​កិច្ចសន្យា​នេះ​ជា​បន្ទុក​ចំណាយ​របស់​អ្នកទិញ​។​
៥.៥. ប្រសិនបើ អ្នកទិញ​
៥.៥.១. សម្រេច​លុបចោល​ការទិញ​អចលនវត្ថុ ពី​អ្នកលក់ ក្រោយ​ថ្ងៃ​ផ្តិតមេដៃ និង មុន​ការចាប់ផ្តើម​ដំណើរការ​ផ្ទេរ​កម្ម​សិ​ទិ្ធ ដូចដែល​បាន​រៀបរាប់​ក្នុង​ចំណុច ៣.២ ទោះ​ក្នុង​មូលហេតុ​ណាមួយ​ក៏ដោយ អ្នកលក់​មាន​សិ​ទិ្ធ​រំលាយ​កិច្ចសន្យា​នេះ​ភ្លាមៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​មាន​សិ​ទិ្ធ​ដកហូតយក​ប្រាក់​កក់ ដែល​អ្នកទិញ​បាន​បង់​ជូន​អ្នកលក់​។​
 
៦. បញ្ញត្តិ​ផ្សេងៗ​
៦.១. កិច្ចសន្យា​ទាំងមូល​
​កិច្ចសន្យា និង​ឧបសម្ព័ន្ធ​នៃ​កិច្ចសន្យា​នេះ​បង្កើតបាន​កិច្ចសន្យា​ទាំងមូល​របស់​គូភាគី​។ រាល់​កិច្ចសន្យា  ដែលមាន​ពីមុនមក ទោះ​ធ្វើ​ដោយផ្ទាល់​មាត់​ក្តី ឬ​ជា​លាយលក្ខណ៍អក្សរ​ក្តី ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​នេះ​ត្រូវ​ចាត់ជា​មោ​ឃៈ​។ គ្មាន​ការកែប្រែ​ណាមួយ​នៃ​កិច្ចសន្យា​នេះ​នឹងមាន​សុពលភាព​ឡើយ ប្រសិនបើ​មិនមាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ និង​ចុះហត្ថលេខា​ដោយ​គូភាគី​នៃ​កិច្ចសន្យា​នេះ​ទេ​។​
៦.២. វិសោធនកម្ម​
​គ្មាន​ការធ្វើ​វិសោធនកម្ម​នៃ​កិច្ចសន្យា​នេះ នឹងមាន​សុពលភាព​ឡើយ ប្រសិនបើ​វា​មិនមាន​ការធ្វើជា​លាយលក្ខណ៍​អក្សរ និង​មាន​ចុះហត្ថលេខា​ដោយ​គូភាគី​នៃ​កិច្ចសន្យា​នេះ ។​
៦.៣. អនុប្បទាន ឬ​ការផ្ទេរសិទ្ធិ​
៦.៣.១ តាម​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខរប​ស់​ខ្លួន អ្នកទិញ​មាន​សិ​ទិ្ធ​ធ្វើ​អនុប្បទាន ឬ​ផ្ទេរ​សិ​ទិ្ធ​នានា​របស់ខ្លួន​ទៅ​ឲ្យ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​បាន​ចាត់តាំង​សម្រាប់​អ្នកលក់ ឬ​តំណាង​របស់​អ្នកលក់​តាមរយៈ​លិខិត​លាយលក្ខណ៍អក្សរ ដោយ​តំណាង អ្នកទិញ  ក្នុងករណី​ដែល អ្នកលក់ និង​អ្នកតំណាង​របស់ អ្នកលក់ ត្រូវគោរព​តាម​កាតព្វកិច្ច និង​ការធានា​អះអាង​របស់ខ្លួន ដូច ដែល​មានចែង​នៅក្នុង​កិច្ចសន្យា​នេះ ដែល​ទាក់ទង​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​នោះ ឲ្យ​តែ កាតព្វកិច្ច និង​ការធានា​អះអាង​របស់ អ្នកលក់ ត្រូវបាន​គេ​គោរព​ផងដែរ ។​
៦.៤. ស្វ័យភាព​នៃ​បញ្ញត្តិ​
៦.៤.១. ប្រសិនបើ​បញ្ញត្តិ​ណាមួយ​នៃ កិច្ចសន្យា នេះ​មិនមាន​សុពលភាព ឬ​មិនអាច​អនុវត្តបាន កិច្ចសន្យា​នេះ ត្រូវ​ចាត់ទុកថា មិនបាន​ចែង​ពី​បញ្ញត្តិ​នោះ ហើយ​សិ​ទិ្ធ និង​កាតព្វកិច្ច​របស់ គូភាគី នៃ​កិច្ចសន្យា​នេះ ត្រូវ​ចាត់ទុកថា​មាន​សុពលភាព និង​អនុវត្ត​តាមច្បាប់ ។​
៦.៥. ភាសា និង​ការតម្កល់​កិច្ចសន្យា​
 
​កិច្ចសន្យា​នេះ និង​លិខិត​ជូនដំណឹង និង​វិសោធនកម្ម​ទាំងឡាយ​នៃ​កិច្ចសន្យា​នេះ ត្រូវបានធ្វើ​ឡើងជា​ភាសា​ខ្មែរ​ចំនួន ០៣​ច្បាប់ ដោយ​រក្សាទុក ដូចខាងក្រោម​៖
១) ០១ ច្បាប់​រក្សាទុក​ដោយ​អ្នកលក់​
២) ០១ ច្បាប់​រក្សាទុក​ដោយ​អ្នកទិញ និង​
៣) ០១ ច្បាប់​រក្សាទុក​ដោយ​មេធាវី នៃ​កិច្ចសន្យា​នេះ ។​
៦.៦. ច្បាប់​គ្រប់គ្រង និង​ដំណោះស្រាយ​វិវាទ​កិច្ចសន្យា​នេះ ត្រូវ​គ្រប់គ្រង និង​បកស្រាយ​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដោយ​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​គូភាគី​ប្តេជ្ញា​ថា​ប្រឹងប្រែង​ដោះស្រាយ​នូវ​ការមិនចុះសម្រុង​នឹង​គ្នា ឬ​ការខ្វែងគំនិត​គ្នា ដែល​ទាក់ទង​ទៅនឹង​ការបកស្រាយ ឬ​ការអនុវត្តន៍​កិច្ចសន្យា​នេះ ដោយ​ការយោគយល់​គ្នា និង​មិត្តភាព ដើម្បី​សម្រេចបាន​នូវ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​មួយ ។​
 
​ប្រសិនបើ​ភាគី​ទាំងពីរ​មិនអាច​ឈានដល់​ការព្រមព្រៀង​គ្នា​ដោយ​យោគយល់​គ្នា និង​មិត្តភាព និង​សម្រេចបាន​នូវ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នោះទេ វិវាទ​នោះ​នឹងត្រូវ​ដាក់​ទៅ​តុលាការ​មាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
 
​ដើម្បី​ជា​សក្ខីភាព គូភាគី​បាន​បង្កើត​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​នេះ ដែល​នឹងត្រូវ​ផ្តិតមេដៃ​ដើម្បី​អនុវត្ត​នូវ​កិច្ចសន្យា​នេះ ព្រមទាំង​បាន​យល់ ឯកភាព និង​ទទួលយក​នូវ​គ្រប់​រាល់​ខ្លឹមសារ និង​លក្ខខណ្ឌ និង​/​ឬ​បទបញ្ញត្តិ​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​កិច្ចសន្យា តាមរយៈ​ការ​ផ្តិតមេដៃ​រៀងៗ​ខ្លួន ខាងក្រោម​នេះ​
       ស្នាម​មេដៃ​អ្នកលក់                                                             ស្នាម​មេដៃ​អ្នកទិញ​
 
                                                                                                                           
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com