អន្តរជាតិ
មី​យ៉ាន់​ម៉ា កំពុង​ប្រឈម​នឹង​រឿងក្តី​ប្រល័យពូជសាសន៍ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​
12, Nov 2019 , 9:19 pm        
រូបភាព
​ប្រទេស​ហ្គំ​ប៊ី នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា បានដាក់​ពាក្យ​ប្តឹង​មី​យ៉ាន់​ម៉ា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ពីបទ​ប្រល័យពូជសាសន៍ បន្ទាប់ពី​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​ណ៍​មួយ​នេះ បាន​បង្ក្រាប​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។


 
​ក្នុងនាម​តំណាង​ឲ្យ​អង្គការ​សហប្រតិបត្តិកា​រ​សាសនា​ឥស្លាម ដែលមាន​សមាជិក ៥៧​ប្រទេស ហ្គំ​ប៊ី បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុងឡាអេ ប្រឆាំងនឹង​ប្រទេស​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ី​យ៉ា​។
​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ លោក​Abubacarr Tambadou រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ហ្គំ​ប៊ី បាន​លើកឡើងថា ប្រទេស​ហ្គំ​ប៊ី ប្រើប្រាស់​វិធានការ​នេះ គឺ​ដើម្បី​ស្វែង​យុត្តិធម៌ និង​ការទទួលខុសត្រូវ របស់​មី​យ៉ាន់​ម៉ា ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ការដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ទីក្រុង​ឡាអេ​នេះ គឺ​ដោយសារ​ប្រទេស​ទាំងពីរ​ជា​សមាជិក​របស់​តុលាការ​។ ម្យ៉ាងទៀត ទំនង​មកពី​ហ្គំ​ប៊ី​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​ឥស្លាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​បើសិន​បើ​គ្មានអ្វី​ប្រែប្រួល​ទេ តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​បើក​អង្គ​សវន​ការ​ជាបន្ទាន់ នៅក្នុង​ខែធ្នូ​ខាង​មុន តាម​សំណើ​ភាគី​ហ្គំ​ប៊ី ដើម្បី​ការពារ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ប្រឆាំងនឹង​ការគំរាមកំហែង​ផ្សេងៗ​។ នេះ​បើតាម​ការអះអាង​របស់​មេធាវី ហ្គំ​ប៊ី នៅក្នុង​សេចក្តីថ្លែងការណ៍​។ ក្នុង​ពាក្យបណ្តឹង​នេះ ហ្គំ​ប៊ី បានស្នើ​ឲ្យ​តុលាការ​យុ​ត្តិ​ការ​ធម៌​អន្តរជាតិ បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​ទម្លាក់ចោល​ការប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ការដាក់ទណ្ឌកម្ម​លើ​ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍ និង​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ត្រលប់មក​ស្រុកកំណើត​វិញ​។​
 
​សូមបញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៤៦ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​សមាជិក​អង្គការសហប្រជាជាតិ​។ អង្គការ​មួយ​នេះ មាន​តួនាទី​ដោះស្រាយ​បញ្ហា​ច្បាប់​អន្តរជាតិ​ដូចជា ជម្លោះព្រំដែន​ជាដើម ប៉ុន្តែ​ពេលខ្លះ តុលាការ​នេះ ក៏​ដោះស្រាយ​បញ្ហា​រំលោភបំពាន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ផងដែរ ដូចជា​រឿង ភេ​វក​ម្ម ឬ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជាដើម​។ 

Tag:
 មី​យ៉ាន់​ម៉ា​
  តុលាការ​យុត្តិធម៌​អន្តរជាតិ​
  ហ្គំ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com