អន្តរជាតិ
បុរស​ម៉ាឡេស៊ី​ម្នាក់​ត្រូវ​ជាប់គុក​៣៤​ខែ ដោយសារ​សម្លាប់​ឆ្មា​ក្នុង​ម៉ា​ស៊ីន​បោកគក់​
12, Nov 2019 , 9:59 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
​បុរស​ម្នាក់​រង​ការចោទប្រកាន់​ពីបទ​សម្លាប់​មេ​ឆ្មា​មួយ​ក្បាល ដោយ​យក​វា​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​បោកគក់​។ រឿងរ៉ាវ​បានកើត​ឡើង​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨​មក នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ ហើយ​តុលាការ​ម៉ាឡេស៊ី​ទើប​សម្រេច​ទោស​ឲ្យ​ជននេះ ជាប់ពន្ធនាគារ​រយៈពេល​៣៤​ខែ​។​

 
​សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​ជនល្មើស ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​។ ក្នុង​កាមេរ៉ា គេ​បានឃើញ​បុរស​២​នាក់ បើក​ម៉ាស៊ីន​បោកគក់ ហើយ​ទម្លាក់​ឆ្មា​ញី​ចូលទៅ​ក្នុងនោះ​។ ករណីនេះ ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​ស្ត្រី​ម្នាក់ បាន​ប្រទះឃើញ​គ្រោងឆ្អឹង​ឆ្មា ហើយ​បាន​រាយការណ៍​ទៅ​ប៉ូលិស​មូលដ្ឋាន​។​
 
​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ត្រូវបាន​ចែកចាយ​បន្ត​ពេញ​បណ្តាញ​សង្គម ហើយ​ជនជាតិ​ម៉ាឡេស៊ី​ជាច្រើន​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ​។  កាលពី​ខែមករា កន្លងមក បុរស​ទីមួយ​ដែលជា​អ្នកបើក​តាក់ស៊ី ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​រួចទៅហើយ​។​
 
​បុរស​ទី​ពីរ ដែលមាន​វ័យ​៤២​ឆ្នាំ ទើបតែ​ត្រូវបាន​កាត់ទោស​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​គេ​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​រំលោភ​លើ​ច្បាប់​ការពារ​សត្វ​ពិត​ប្រក​ដ​មែន​។ ក្រៅពី​ទោស​ជាប់ពន្ធនាគារ ជនល្មើស​ក៏ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ពិន័យ ៤០ ០០០​រីង​ហ្គី​ត (​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក​) ផងដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ជនល្មើស​មិនទាន់​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​នោះឡើយ ដោយ​បច្ចុប្បន្ន​គេ​កំពុងមាន​សេរីភាព​ធម្មតា ជាមួយនឹង​លក្ខខណ្ឌ​ច្បាប់​ដ៏​តឹងរ៉ឹង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com