អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​៖ ការ​ខ្ចីលុយ​ធនាគារ​ទៅ​បង់​រំលស់​ដីឡូត៍​ទុកចោល អាច​ប្រឈម​ហានិភ័យ​ខ្ពស់​
13, Nov 2019 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​សង្កត់ធ្ងន់ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​ពុះ​ដីឡូត៍ បាន​បន្ត​រីក​រាលដាល​ខ្លាំង​ឡើងៗ​នៅ​តំបន់​ជាយក្រុង និង​តាម​បណ្តា​ខេត្ត​ជាច្រើន​សកម្មភាព​ពុះ​ដីឡូត៍​ទាំងនោះ​ទៀតសោត កំពុងតែ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង និង​ក៏មាន​តម្រូវ​ការទិញ​ច្រើន​ទៀតផង​ដែរ​។​
 
​ស្របពេល​ចលនា​នៃ​ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់ កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង​បែបនេះ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន សម្រេចចិត្ត​ទាំង​ប្រថុយប្រថាន ដោយ​មិនបាន​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍ ដីឡូត៍​បាន​ច្បាស់ ហើយ​ទៅ​ខ្ចី​ពី​ធនាគារ​ទៅ​បង់​រំលស់​ដីឡូត៍ អាច​នឹងមាន​ហានិភ័យ នៅ​ថ្ងៃក្រោយ​។​
 
​ទន្ទឹមនឹង​សកម្មភាព​នៃ​ការវិនិយោគ​នេះ លោក សៀ ឬ​ទ្ធី ជា​ស្ថាបនិក ជា​ប្រធាន​ក្រុមហ៊ុន Worldbridge Group និង​ជា​សហគ្រិន​ជោគជ័យ​មួយរូប ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បង្ហាញ​ក្តី​ព្រួយបារម្ភ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន កំពុង​ចាប់អារម្មណ៍​សន្សំ​លុយ ឬ​ខ្ចីបុល បង់​រំលស់​ក្នុង​រូបភាព​ផ្សេងៗ សម្រាប់​ទិញដូរ​ដីធ្លី ហើយ​ទុកចោល ដោយ​មិន​ព្រម​វិនិយោគ លើ​អាជីវកម្ម​ណាមួយ​នោះ​។​
 
​លោក​បានផ្តល់​អនុសាសន៍​ថា ចំពោះ​អ្នកមាន​សមត្ថភាព និង​ធនធាន​ស្រាប់ ហើយ​ចង់​ទិញ​អចលនទ្រព្យ ដែល​អាច​ទាញយក​ផលចំណេញ​ពី​អចលនទ្រព្យ​នោះបាន លោក​លើកទឹកចិត្ត​ឱ្យ​ខ្ចី​ធនាគារ​បង់​រំលស់​អចលនទ្រព្យ​នោះ ព្រោះ​ម្ចាស់​អាជីវកម្ម អាចមាន​ប្រាក់ចំណេញ​ពី​ការជួល ដើម្បី​បង់​រំលស់​ជាមួយ​ធនាគារ​ស្រាប់​។​
 
​ប៉ុន្តែ​សម្រាប់ អ្នក​ដែល​មិនមាន​ធនធាន ហើយ​ទៅ​ខ្ចីបុល​ពី​ធនាគារ មក​បង់​រំលស់​ដីឡូត៍ បែរជា​ទុក​ដី​នោះ​ចោល មិន​ព្រម​អភិវឌ្ឍន៍​ដើម្បី​ទាញ​ប្រយោជន៍​ពី​ដី​នោះ លោក​ថា មិនគួរ​ខ្ចីបុល​ធនាគារ​នោះឡើយ​។ លោក​ពន្យល់ថា ការធ្វើ​បែបនេះ អ្នកទិញ​អាច​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​បង់​រំលស់ មាន​រយៈពេល​វែង ខណៈ​ម្ចាស់​ដីឡូត៍ មិនបាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នោះ ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​។​
 
​លោក​បន្តទៀតថា​៖«​ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់បាន​ច្រើន និង​យកចំណេញ អ្នកវិនិយោគ ពុះ​ដីឡូត៍​លក់​មួយចំនួន​តែងតែ​ឲ្យ​អតិថិជន បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់​។ លោក​ចាត់ទុកថា នេះ​ជា​ចំណុច​ហានិភ័យ​មួយ ព្រោះ​ទី​១ ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ​។ ទី​២ ការបង់​រំលស់​បែបនេះ ក្រុមហ៊ុន​អាច​ប្រមូលបាន​ប្រាក់​ហើយ​រត់ និង​មិន​ទទួលខុសត្រូវ​។ ម្យ៉ាង​ប្រព័ន្ធ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​ខុសច្បាប់​»​។​
 
​នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​ប្រកាស​ចាត់ វិធានការ​ទៅលើ​គម្រោង​ពុះ​ដីឡូត៍​លក់ ដែល​មិនមាន​លិខិតអនុញ្ញាត និង​ពង្រឹង​ការសាងសង់ គុណភាព និង​សុវត្ថិភាព​នៅក្នុង​វិស័យ​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់​ទាំងអស់ [​ទាំង​គម្រោង​លំនៅដ្ឋាន និង​គម្រោង​ដីឡូត៍​] ដើម្បី​ធានា​ការអភិវឌ្ឍ​វិស័យ​សំណង់​ប្រកបដោយ​ចីរភាព និង​ដើម្បី​ចៀសវាង​ការទិញ​លក់​ដីឡូត៍ ដែល​ខុសច្បាប់​។​
 
​ទោះយ៉ាងណា​ក៏ដោយ អ្នកជំនាញ​អចលនទ្រព្យ នៅតែ​ដាស់តឿន​ទៅកាន់​ពលរដ្ឋ​ថា មុននឹង​សម្រេចចិត្ត​ខ្ចីបុល​ធនាគារ​ទៅ​ទិញ​ដីឡូត៍ ចាំបាច់​គួរ​សិក្សា​ស្វែងយល់​បន្ថែម អំពី​ឱកាស និង​បញ្ហា​ប្រឈម ទៅ​ថ្ងៃ​អនាគត​ខាងមុខ​។ លើសពីនេះ ក៏ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព​សង្គម និង​ទិដ្ឋភាព​សេដ្ឋកិច្ច​ប្រទេស​ជា​រឿង​ចាំបាច់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com