ជាតិ
លទ្ធផល​ផ្សង​ទឹកភ្លៀង​សម្រាប់​ឆ្នាំក្រោយ​៖​ទូទាំងប្រទេស នឹងមាន​ភ្លៀង​ច្រើន​នៅ​ចុងឆ្នាំ
13, Nov 2019 , 8:59 am        
រូបភាព
រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
​ដោយ​៖ ផាត ដា​ណេ
​​
ភ្នំពេញ​៖ ព្រះ​រាជពិធី​សម្រក់​ទៀនជ័យ ដើម្បី​ព្យាករណ៍​ពី​ឧទកៈធារា ឬ​ដំណើរ​ទឹកភ្លៀង សម្រាប់​ឆ្នាំជូត ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ធិបតី​ភាព​ព្រះបរមនាថ នរោត្តម សីហមុនី​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​។​


 
​តាមរយៈ​ពិធី​សម្រក់​ទៀនជ័យ ខេត្ត​-​រាជធានី ចំនួន​១៧ នឹងមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម​នៅ​ដើមឆ្នាំ និង​កណ្តាល​ឆ្នាំ ហើយ​នៅ​ចុងឆ្នាំ​នឹងមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ រាជធានី​-​ខេត្ត​ទាំងនោះ​មានដូចជា រាជធានី​ភ្នំពេញ​,​ខេត្តកណ្ដាល​, កំពត​, កំពង់ចាម​, កំពង់ឆ្នាំង​, កែប​, កោះកុង​, ព្រះសីហនុ​, ក្រចេះ​, បាត់ដំបង​, ប៉ៃលិន​, ពោធិ៍សាត់​, ព្រះវិហារ​, មណ្ឌលគិរី​, រតនៈគិរី​, ស្ទឹងត្រែង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។  
 
​ចំណែកឯ​ខេត្ត​ចំនួន​៧​ទៀត គឺ​ខេត្តកំពង់ធំ​, កំពង់ស្ពឺ​, តាកែវ​, បន្ទាយមានជ័យ​, ព្រៃវែង​, ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ នឹងមាន​ទឹកភ្លៀង​ធ្លាក់​តិច​នៅ​ដើមឆ្នាំ មាន​ភ្លៀង​មធ្យម​នៅ​កណ្ដាល​ឆ្នាំ និង​នៅ​ចុងឆ្នាំ​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​។ ដោយឡែក​លទ្ធផល​ពី​ការ​ផ្សង​ប្រផ្នូល​ទឹកភ្លៀង សម្រាប់​ខេត្តសៀមរាប គឺ​នៅ​ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម​, កណ្ដាល​ឆ្នាំ និង​ចុង​ឆ្នាំមាន​ភ្លៀង​ធ្លាក់​ច្រើន​។ 
 
​សូមជម្រាបថា ព្រះ​រាជពិធី​សម្រក់​ទាន ផ្សង​ប្រផ្នូល​ទឹកភ្លៀង ជា​ពិធី​ដែលមាន​តាំងពី​បុរាណកាល​មកនេះ តែង​ត្រូវបាន​ប្រារព្ធ​ឡើង នៅ​រៀងរាល់​រាត្រី​ទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com