ជាតិ
​​​ន​យោ​បាយ​ជាតិ​
២​ថ្ងៃ​ជួប​ទូត​៤ តែ​លោក កឹម សុខា មិន​ហ៊ាន​និយាយ​ព្រោះ​ខ្លាច​ចូល​ន័យ​នយោបាយ​
12, Nov 2019 , 5:35 pm        
រូបភាព
ដោយ: រួបរួម
​ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ដើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ បានទទួល​ជួប​ភ្ញៀវ​ទូត​ជា​បន្តបន្ទាប់​នៅ​គេហដ្ឋាន​របស់លោក ក្នុង​ខណ្ឌទួលគោក ក្នុងនោះ​មាន​ទូត​បារាំង អាមេរិក អាល្លឺម៉ង់ និង​អូស្ត្រាលី​។​

 
​មួយថ្ងៃ​ក្រោយ​ការប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពោលគឺ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Binh គឺជា​ភ្ញៀវ​ដំបូង​គេ​បំផុត​របស់លោក កឹម សុខា​។ ក្រោយ​ជំនួប​ជាង​១​ម៉ោង ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​អំណឹះតទៅ លោក [​កឹម សុខា​] មាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។ នេះ​គឺជា​កាយវិការ​វិជ្ជមាន​មួយ​។ ប្រទេស​បារាំង​សង្ឃឹមថា លោក​កឹម សុខា​នឹង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​»​។​

 
 
​នា​រសៀល​ថ្ងៃ​ដដែល អតីត​មេដឹកនាំ​បក្សប្រឆាំង បានទទួល​ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murphy​។ ដូចគ្នា​ផងដែរ អ្នកកាសែត​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ស្តាប់​ការនិយាយ​ឆ្លើយឆ្លង​គ្នា​ក្នុងជំនួប​នោះឡើយ​។ ក្រៅពី​ដើរចេញ​ទាំងមុខ​ញញឹម​ជាមួយ​មន្ត្រី​ទូត លោក កឹម សុខា មិន​ហ៊ាន​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​នោះទេ ដោយ​លោក​បាន​ពន្យល់ថា​៖ «​ទម្លាប់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​អ្នកសារព័ត៌មាន​។ ខ្ញុំ​ចូលចិត្ត​ជួប​ប្រជាពលរដ្ឋ ប៉ុន្តែ​ជា​អកុសល​គួរឱ្យ​សោកស្ដាយ ដោយសារ​គេ​ហាម​ខ្ញុំ​មិនឱ្យ​ធ្វើ​នយោបាយ​»​។​
 
​លោក កឹម សុខា បាន​សុំ​ការយោគយល់​ពី​អ្នកសារព័ត៌មាន ហើយ​ពន្យល់​បន្ថែមថា​៖«​គេ​ហាម​ខ្ញុំ​មិនឱ្យ​ធ្វើ​នយោបាយ មិនឱ្យ​និយាយ​រឿង​នយោបាយ ហើយ​ខ្ញុំ​មិនដឹង​ភាសា​អ្វី ដែលថា​មិនមែន​រឿង​នយោបាយ​ទេ​។ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​។ ពីព្រោះ​កាលណា​យើង​និយាយ​ទៅ (​យើង​អត់​ដឹង​) គេ​កំណត់​ប៉ុណ្ណា ដូច្នេះ​ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ​។ ដូច្នេះ​ខ្ញុំ​សុំ​អា​ធ្យា​ស្រ័យ​ពី​អ្នកសារព័ត៌មាន​ទាំងអស់ ដោយ​ខ្ញុំ​មិនអាច​និយាយ​ឆ្លើយឆ្លង​គ្នា​បាន​»​។​
 
 
​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Murphy បានបង្ហាញ​ពី​បំណង​របស់លោក​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ចង់ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ និង​ស្នើ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​លើ​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ ។ លោក​ក៏​ឆ្លៀត​ស្នើឱ្យ​លើកលែង​ការចោទប្រកាន់​នានា លើ​សមាជិក​គណបក្សនយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស រួមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ដែល​ជាប់ចោទ​កន្លងមក​ផងដែរ​។​
 
​ឈានដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក លោក កឹម សុខា បានទទួល​ស្វាគមន៍​តំណាង​ការទូត​ពីររូប​ទៀត គឺ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក Christian Berger និង​ឯកអគ្គរាជទូត​អូស្ត្រាលី លោកស្រី Angela Corcora​។​
 
​លោក Christian Berger មិនបាន​និយាយ​អ្វី​ឡើយ​ក្រោយ​ជំនួប ហើយ​បើតាម​ការលើកឡើង​រប​ស់លោក មុត ចន្ថា ដែលជា​មនុស្ស​ស្និ​ទ្ធិ​របស់លោក កឹម សុខា លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​សាកសួរ​សុខទុក្ខ​ជាធម្មតា ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​អតីត​មេបក្ស​ប្រឆាំង​។​
 
 
​នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ​ផងដែរ លោក កឹម សុខា បាន​ចេញទៅ​អរគុណ​ក្រុម​អ្នកសារព័ត៌មាន​ហើយ​លោក​បានផ្តល់​ឱកាស​ដល់​លោកស្រី Angela Corcora ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​។ មិនមាន​សារ​អ្វី​ប្លែក​នោះឡើយ អូស្ត្រាលី​ទទួលស្គាល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់ទុកថា នេះ​គឺជា​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​មួយ​។ 
 
​ទោះបីជា​យ៉ាងណា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ស្ថានទូត​អូស្ត្រាលី ជំរុញ​រដ្ឋាភិបាល​ឲ្យ​មានដំណើរ​ការ​ឆ្ពោះទៅរក​ដំណោះស្រាយ​នៃ​ករណីនេះ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស​។ ជាមួយគ្នានេះ អូស្ត្រាលី​នៅតែមាន​ការព្រួយបារម្ភ​អំពី​ចំនួន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ប្រឈម​នឹង​ការចោទប្រកាន់ ឬ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ និង​របាយការណ៍​ដែលថា​សមាជិក​បក្សប្រឆាំង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការបញ្ចេញ​ទស្សនៈ​នយោបាយ​តាម​បណ្តាញ​អ៊ីនធឺណិត​។ 
 
 
​ម្យ៉ាងទៀត បម្រាម ដែល​មិន​ឲ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​នយោបាយ ក៏​តុលាការ​នៅ​រក្សាទុក​ដែរ ដូច្នេះ​លោក មិនទាន់​អាចធ្វើ​សកម្មភាព​នយោបាយ​បានឡើយ ទោះបីជា​លោក មាន​សេរីភាព​ក្នុងការ​ដើរហើរ​ក៏ដោយ​។ លើសពីនេះ តុលាការ ប្រាប់​លោក​ថា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ពីព្រោះ​លោក នៅតែ​ជា​ជន​ត្រូវ​ចោទ ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។  
 
​លោក កឹម សុខា ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចូលទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​យប់​ថ្ងៃទី​២​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា លោក លួច​ទៅ​គប់គិត​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ 
 
​ក្រោយ​ចាប់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដឹក​លោក កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូង​ឃុំ (​ជិត​ព្រំដែន​វៀតណាម​)​។ ជាប់ឃុំ​នៅ​ទី​នោះបាន​មួយឆ្នាំ ពោលគឺ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏​ត្រូវបាន​តុលាការ អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​វិញ តែ​មិន​ត្រូវបាន​ទម្លាក់​បទ​ចោទ​ចេញ​ឡើយ ហើយ​លោក ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​
 
 ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា សហភាព​អឺរ៉ុប និង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​មើលឃើញ​ពី​ដំណើរ​វិជ្ជមាន​ដំណាក់កាល​ដំបូង​នៅ​កម្ពុជា ក្រោយ​ការផ្តល់​សិទ្ធិ​ផ្លូវច្បាប់​ច្រើនជាង​មុន​ដល់ លោក កឹម សុខា ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ សម្តែង​ការសោកស្តាយ ដោយសារ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ នៅតែ​មិនមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ ហើយ​បន្ត​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​ដដែល​៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com