មាន​ទម្លាប់​ហាត់ប្រាណ​ជាប់​រហូត​អាច​ការពារ​សុខភាព​បេះដូង​បាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មាន​ទម្លាប់​ហាត់ប្រាណ​ជាប់​រហូត​អាច​ការពារ​សុខភាព​បេះដូង​បាន​
13, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការហាត់​ប្រាណ​ជា​វិធី​ជួយ​ថែរក្សា​ភាព​ក្មេង​វ័យ​របស់​បេះដូង​អ្នក​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​ពេញ​មួយជីវិត​ឃើញថា ភាពចុះ​ទ្រ​ត់​ទ្រោម​របស់​បេះដូង និង​សរសៃឈាម​ពួកគេ​ក៏​ថយចុះ​ដែរ​។ ការរកឃើញ​នេះ​បានមកពី ការប្រៀបធៀប​គ្នា​នៃ​ប្រវត្តិ​នៃ​ការហាត់​ប្រាណ និង​សុខភាព​បេះដូង​លើ​មនុស្ស​អាយុ ៦០​ឡើងទៅ​ចំនួន ១០២​នាក់​។


 
​អ្នក​ដែល​ហាត់ប្រាណ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ យ៉ាងហោចណាស់​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ​រយៈពេល​ច្រើន​ឆ្នាំ ឃើញថា សរសៃឈាម​អាក់ទែរ​រ​បស់​ពួកគេ​មិន​ងាយ​រឹង​ឡើយ ជាពិសេស​សរសៃឈាម​ដែលមាន​នាទី​ផ្គត់ផ្គង់​អុកស៊ីសែន​ទៅកាន់​ខួរក្បាល និង​ករ​តែម្តង​។ ប៉ុន្តែ​អ្នកចូលរួម​ក្នុងការ​សិក្សា​នេះ ដែលមាន​ទម្លាប់​ហាត់ប្រាណ​រហូតដល់ ៤ ទៅ ៥​ដង​ក្នុង​មួយ​សប្តាហ៍​ហើយ​នោះ គឺមាន​ភាពល្អ​ច្រើន​ទៅលើ​សរសៃឈាម​កណ្តាល ដែលមាន​នាទី​ផ្គត់ផ្គង់​ឈាម​ទៅកាន់​ទ្រូង និង​ពោះ​។ 
 
​ការសិក្សា​នេះ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ដោយសារតែ​វា​ជំរុញ​ដល់​អ្នកស្រាវជ្រាវ​បង្កើត​នូវ​កម្មវិធី​ហាត់ប្រាណ​ដើម្បី​ជួយ​ថែរក្សា​ភាព​ក្មេង​វ័យ​ដដែល​របស់​បេះដូង និង​អាច​ទាញ​ស្ថានភាព​បេះដូង និង​សរសៃឈាម​ដែល​ចាស់ៗ​ហើយ​មក​ក្មេង​វិញ​ដែរ​។ យ៉ាងណាមិញ ការសិក្សា​នេះ​បាន​ពិនិត្យ​តែ​ទៅលើ​ភាព​ញឹកញាប់​នៃ​ការហាត់​ប្រាណ​របស់​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ មិនបាន​សិក្សា​ទៅលើ​ប្រភេទ​នៃ​ការហាត់​ប្រាណ ឬ​ភាព​ខ្លាំងក្លា​ដែល​គេ​ហាត់​ឡើយ​។ កត្តា​ទាំងនោះ​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ​ទៅលើ​សុខភាព​សរសៃឈាម​អាក់ទែ​ពួកគេ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com