អន្តរជាតិ
បរិវេណ​សកលវិទ្យា​ល័យ ក្លាយជា​សមរភូមិ​ប្រយុទ្ធ​ថ្មី​រវាង​បាតុករ​ហុងកុង​និង​ប៉ូលិស​
13, Nov 2019 , 10:48 am        
រូបភាព
ទិដ្ឋភាពនៃការប៉ះទង្គិចគ្នាតវាងប៉ូលិសនិងបាតុករ នៅទីធ្លានៃសកលវិទ្យាល័យចិនប្រចាំក្រុងហុងកុង (CUHK) នៅយប់ថ្ងៃ១២ វិច្ឆិកា ២០១៩ (ប្រភពរូប៖ AFP)
ទិដ្ឋភាពនៃការប៉ះទង្គិចគ្នាតវាងប៉ូលិសនិងបាតុករ នៅទីធ្លានៃសកលវិទ្យាល័យចិនប្រចាំក្រុងហុងកុង (CUHK) នៅយប់ថ្ងៃ១២ វិច្ឆិកា ២០១៩ (ប្រភពរូប៖ AFP)
ដោយ:
​សកល​វិទ្យាល័យ​នៅ​ហុងកុង​បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​ថ្មី​រវាង​បាតុករ​ហុងកុង និង​ប៉ូលិស​។ នៅ​រសៀល​ថ្ងៃ​អង្គារ ១២ វិច្ឆិកា បាតុករ​ហុងកុង បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីធ្លា​សកលវិទ្យា​ល័យ ដោយ​ប្រកាសថា សាលារៀន​«​គឺជា​សមរភូមិ​ដ៏​សំខាន់បំផុត​ដែល​មិនត្រូវ​បាត់បង់​ឡើយ​»​។

 
​ទីធ្លា​សកល​វិទ្យា​ចិន​ប្រចាំ​ទីក្រុង​ហុងកុង (CUHK) នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ធ្លាក់ចូល​ក្នុងស្ថានភាព​យ៉ាង​តានតឹង​ចូលដល់​ថ្ងៃទី​ពីរ ដោយ​ការប្រឈមមុខ​ដាក់គ្នារ​វាង​ប៉ូលិស និង​ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​លើ​បាតុករ​រាប់រយ​នាក់ ខណៈ​ក្រុមបាតុករ​គប់​ដប​សាំង និង​ដុំថ្ម​លើ​សមត្ថកិច្ច​។ រថយន្ត​ដែល​ក្រុមបាតុករ​យក​ធ្វើជា​របាំង​បិទផ្លូវ ក៏ត្រូវ​ដុត​ឲ្យ​ឆាបឆេះ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ប៉ូលិស​ហុងកុង បញ្ជាក់​ឲ្យ​ដឹងថា ពួកគេ​មាន​សិទ្ធិ​ចូលទៅក្នុង​ទីធ្លា​សកលវិទ្យា​ល័យ​ដើម្បី​ចាប់ខ្លួន​ក្រុមបាតុករ ហើយ​ទីតាំង​ទាំងនោះ ពុំគួរ​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ឡើយ​។ ក៏ប៉ុន្តែ សម្រាប់​និស្សិត​ហុងកុង​ខ្លះ បរិវេណ​សាលារៀន គឺ​ប្រៀបដូចជា​ផ្ទះ និង​ត្រូវតែ​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ទោះ​កើតមាន​អំពើហិង្សា​កាន់តែខ្លាំង​ឡើងៗ​ក៏ដោយ​ក្តី​។ 
 
​និស្សិត​ម្នាក់​នៃ​សកលវិទ្យា​ល័យ CUHK ដែល​ចូលរួម​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​នេះ បាន​លើកឡើងថា​៖«​សកលវិទ្យា​ល័យ គឺជា​ទីកន្លែង​សម្រាប់​សេរីភាព​នៃ​ការសិក្សា​។ វា​ពុំមែន​ជាទី​កន្លែង​សាធារណៈ​ទាំងស្រុង​ឡើយ ដែល​ប៉ូលិស​អាច​ចូល​ស្រេច​តែ​ចិត្ត​ឡើយ​»​។ 
 
​ការប៉ះទង្គិច​គ្នា​នេះ បានអូសបន្លាយ​ដល់ពេល​យប់ ទោះ​ជាមាន​ការធ្វើអន្តរាគមន៍​ពី​សំណាក់​បុគ្គលិក​សកលវិទ្យា​ល័យ​។ ចុងក្រោយ ប៉ូលិស បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក ហើយ​ក្រោយមក​បានសម្រេច​ចិត្ត​ដកថយ​ចេញពី​ទីតាំង​ប្រឈម​គ្នា ដោយ​ទុក​ឲ្យ​ក្រុមបាតុករ​បន្តកាន់កាប់​ទីធ្លា​សកលវិទ្យា​ល័យ​។  
 
​មែនទែនទៅ ការប្រឈមមុខ​ដាក់គ្នា​នៅ​ទីធ្លា​សកលវិទ្យា​ល័យ​ជា​លើកដំបូង​នេះ កើតឡើង​ក្រោយពី​ប៉ះទង្គិច​ដ៏​ព្រៃផ្សៃ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​១១ វិច្ឆិកា ដោយ​កាលនោះ​ប៉ូលិស​បាន​បាញ់កាំភ្លើង​គ្រាប់​ពិត​លើ​បាតុករ​ម្នាក់ ហើយ​បុរស​វ័យ​កណ្តាល​ម្នាក់ ត្រូវបាន​ដុត​ឆេះ​ខ្លោច​ខ្លួន ខណៈ​តតាំង​ជាមួយ​ក្រុមបាតុករ​។ 
 
​ទាក់ទិន​នឹង​ការ​សកម្មភាព​ដ៏​ព្រៃផ្សៃ​ទាំងពីរ​ដែល​បាន​កើតឡើង​ក្នុង​ទីក្រុង​ហុងកុង នាពេល​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួងការបរទេស បានប្រកាស​ជំហរ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប៉ូលិស​ហុងកុង​។ ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃ​អង្គារ ទី​១២ វិច្ឆិកា ក្នុង​រដ្ឋធានី ប៉េកាំង លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានចេញ​មុខការ​ពារ​សកម្មភាព​របស់​មន្ត្រី​ប៉ូលិស​ហុងកុង​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​កាំភ្លើង​កាលពី​ថ្ងៃ​ចន្ទ ព្រមទាំង​ទទូច​ឲ្យ​មន្ត្រី​ក្នុង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ 
 
«​មិន​ខ្វល់​ថា អ្នករស់នៅ​ក្នុងប្រទេស​ណាមួយ​ឡើយ ការប៉ុនប៉ង់​លួច​កាំភ្លើង​របស់​មន្ត្រីប៉ូលិស​, វាយប្រហារ​លើ​ប៉ូលិស​ដែល​អនុវត្ត​កាតព្វកិច្ច​, គំរាមកំហែង​ដល់​អាយុជីវិត​និង​សុវត្ថិភាព​ប៉ូលិស គឺ​ពុំ​ត្រូ​វា​អនុញ្ញាត​ឲ្យ​កើតមានឡើង​នោះឡើយ ហើយ​ច្បាស់​ណាស់ ទង្វើ​នេះ​បែបនេះ នឹងត្រូវ​ឆ្លើយតប​ដោយ​បង្ខំ​ដោយ​កងកម្លាំង​ប៉ូលិស​»​។ អ្នកនាំពាក្យ​ចិន​រូបនេះ  បញ្ជាក់​បែបនេះ​៕

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com