ឲ្យតែនៅក្នុងប្រទេស លោក កឹម សុខា ប្រធានអតីតប្រធានគណបក្សសង្គ្រោះជាតិ អាចទៅទីណាក៏បាន ហើយកុំឲ្យតែនិយាយឬធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ លោក ចង់ជួបអ្នកណាក៏បានដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់ចម្លើយដូចគ្នាថា លោក កឹម សុខា អាចជួបគ្រប់អ្នកនយោបាយ និងសហការីរបស់លោកពីមុនៗ ហើយក៏អាចចុះទៅជួបប្រជាពលរដ្ឋផងដែរ។
ប៉ុន្តែ លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា រាល់ជំនួបទាំងនោះ មិនត្រូវនិយាយឬធ្វើសកម្មភាពនយោបាយឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«បើជួបក្នុងន័យសួរសុខទុក្ខ ជួបសំណេះសំណាល និង ជាការនឹករលឹកធម្មតា មិនមានចេតនានយោបាយ ឬក៏រៀបចំផែនការសកម្មភាពនយោបាយ គឺមិនអីទេ»។
អ្នកនាំពាក្យរូបនេះ នៅអះអាងទៀតថា លោក កឹម សុខា ក៏អាចឆ្លើយឆ្លងជាមួយអ្នកកាសែតដែរ។ លោក ថ្លែងបែបនេះថា៖«គាត់ និយាយជាមួយអ្នកកាសែត មានអី អ្នកកាសែត សម្ភាសចង់ដឹងពីសុខភាព ពីស្ថានភាពគ្រួសាររបស់គាត់ អត់អីទេ កុំឲ្យតែពាក់ព័ន្ធនឹងជំហរនយោបាយ»។
អ្វីដែលមេធាវីនិងលោ កឹម សុខា ខ្លួនឯង កំពុងបារម្ភនិងពិបាកបែងចែងនោះ គឺថា តើភាសាបែបណា ចាត់ទុកជាភាសានយោបាយ ហើយការជួបឬការធ្វើសកម្មភាពយ៉ាងម៉េច ចាត់ទុកជាសកម្មភាពនយោបាយ?
អ្នកស្រី ម៉េង សុភារី លើកឡើងថា ក្រុមមេធាវី នឹងដាក់លិខិតមួយក្នុងពេលឆាបៗនេះ ទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា សុំឲ្យពន្យល់ឲ្យច្បាស់លាស់ពីពាក្យ «មិនឲ្យធ្វើសកម្មភាពនយោបាយ» ដើម្បីចៀសវាងការអនុវត្តខុស។ អ្នកស្រីមេធាវី និយាយបែបនេះថា៖«យើងខ្ញុំ ជាមេធាវី ក៏មិនទាន់ច្បាស់ ហើយកូនក្តី ក៏នៅមិនទាន់ច្បាស់»។
លោកមេធាវី សុក សំអឿន ដែលមានបទពិសោធច្រើនឆ្នាំក្នុងការការពារក្តី យល់ថា ការកំណត់មិនឲ្យលោក កឹម សុខា ធ្វើសកម្មភាពនយោបាយ ហាក់មិនមាននិយមន័យច្បាស់លាស់ឡើយ ហើយអាស្រ័យតែទៅលើការបកស្រាយរបស់តុលាការ។ លោក មានប្រសាសន៍ថា ប្រសិនបើ លោក កឹម សុខា ធ្វើសកម្មភាពអ្វី ដែលប៉ះពាល់ដល់ប្រយោជន៍របស់គេ គឺគេ អាចនឹងបិទសិទ្ធិសេរីភាពរបស់លោកវិញ។
លោកមេធាវី ដែលតែងត្រូវបានអ្នកកាសែតសួរពីផ្លូវច្បាប់រូបនេះ មានប្រសាសន៍ដូច្នេះថា៖«ស្រុកខ្មែរ ពិបាកណាស់ តុលាការយើង មិនមែនគិតពីសិទ្ធិសេរីភាពទេ។ បើតុលាការ គិតពីសិទ្ធិសេរីភាព ទាល់តែច្បាស់ ទាល់មានច្បាប់ បានគេហាម ដល់យើង អត់ច្បាស់ ទៅជាស្រេចតែតុលាការថា វា ទៅជាយើងធ្វើខុស»។ លោក បន្តថា៖«វា គ្រាន់តែជារឿងនយោបាយ មិនមែនជារឿងផ្លូវច្បាប់ទេ។ គ្រាន់តែគេ ឲ្យមតិអន្តរជាតិ យល់ថា មានការបន្ធូរបន្តិច ដើម្បីអាចមានឱកាសសម្រាប់គិតពីរឿងនយោបាយតទៅទៀត...»។
សារព័ត៌មានថ្មីៗ ព្យាយាមសុំការពន្យល់ពីលោកចៅក្រមស៊ើបសួរ គី ឫទ្ធី ដែរ តែប្រព័ទ្ធទូរស័ព្ទ រអាក់រអួល ហើយលោក ក៏ផ្តាច់ការហៅចូល។ ចំណែក លោក សួស វិទ្យារ៉ាឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ មិនបកស្រាយឡើយ ដោយលោក ប្រាប់ថា អ្វីៗ បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ។
លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយលោក កឹម សុខា ជួបទូតនានារួចហើយ លោក នឹងរកពេលទៅសួរសុខទុក្ខលោក កឹម សុខា។ លោក អះអាងថា មានអ្នកនយោបាយដទៃទៀតនៃអតីតគណបក្សប្រឆាំង ក៏មានបំណងទៅជួបលោក កឹម សុខា ដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលឈានជើងចូលនយោបាយតាមខ្សែរយៈលោក កឹម សុខា បានបញ្ជាក់ថា៖«យើង ខានជួបគ្នា មិនមានទំនាក់ទំនងជាមួយគ្នាយូរហើយ។...ខ្ញុំទៅហ្នឹង ក៏មានការប្រយ័ត្នប្រយែងដែរ គ្មានចេតនាណាមួយ ដើម្បីនិយាយពីរឿងនយោបាយទេ»។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចលុបបម្រាម២ចំណុចចេញពីលោក កឹម សុខា គឺបម្រាមមិនឲ្យលោកចេញទៅណាឆ្ងាយពីផ្ទះ និង បម្រាម មិនឲ្យលោកជួបមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង។
ក្រោយលុបម្រាមទាំង២នេះ ទូតបរទេសនានានៅកម្ពុជា ដូចជា ទូតអាមេរិក ទូកសហភាពអឺរ៉ុប ទូតបារាំង ទូតអូស្ត្រាលី និង ទូតអាល្លឺម៉ង់ ជាដើម បាននាំគ្នាទៅសួរសុខទុក្ខលោក កឹម សុខា ដល់គេហដ្ឋានជាហូរហែ ហើយក៏នឹងមានទូតដទៃទៀតដែរ ដែលនឹងបន្តទៅជួបលោក កឹម សុខា។
លោក កឹម សុខា ខ្លួនឯងផ្ទាល់ និងអ្នកផ្សេងទៀត ពិសេសអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង រួមទាំងអ្នកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ព្រមទាំងសហគមន៍អន្តជាតិមួយចំនួន ហាក់មិនទាន់ពេញចិត្តឡើយ ដែលចៅក្រមស៊ើបសួរ គ្រាន់តែលុបបម្រាមខ្លះបែបនេះ។ បើតាមការទាមទាររបស់អ្នកទាំងអស់នោះ គឺចង់ឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា តែម្តង ហើយផ្តល់សិទ្ធិនយោបាយជូនលោកវិញ។
បន្ទាប់ពីតុលាការបើកសិទ្ធិឲ្យដើរហើរ លោក កឹម សុខា បានប្រកាសលើទំព័រហ្វេសប៊ុកថា លោក នឹងចុះជួបប្រជាពលរដ្ឋក្នុងពេលខាងមុខដ៏ខ្លីនេះ។ តាមរយៈសារនោះ លោក បានសម្តែងក្តីនឹករលឹកចំពោះប្រជាពលរដ្ឋ។
ជាង២ឆ្នាំហើយ ដែលលោក កឹម សុខា មិនបានបង្ហាញមុខ និងមិនបានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ។ ក្រោយសង្ស័យថា លោក ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការពឹងពាក់រដ្ឋាបាលបរទេស សមត្ថកិច្ច បានចូលទៅចាប់លោកដល់គេហដ្ឋាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយដឹកលោក យកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។
៣ខែក្រោយ គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូល រំលាយចោល ដោយទាញហេតុផលថា ព្រោះតែមេដឹកនាំគណបក្សនេះ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋនៃការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ចំណែកថ្នាក់ដឹកនាំ១១៨នាក់នៃអតីតគណបក្សប្រឆាំង រាប់តាំងលោក សម រង្ស៊ី និង លោក កឹម សុខា ចុះមក ត្រូវបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ជាប់ពន្ធនាគារបាន១ឆ្នាំ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ អនុញ្ញាតឲ្យរស់នៅក្រៅឃុំបណ្តោះអាសន្ន ហើយបញ្ជូនលោកឲ្យទៅរស់នៅក្នុងផ្ទះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ត្បិតថា មានឈ្មោះជាអ្នករស់នៅក្រៅឃុំក្តី តែលោក កឹម សុខា នាពេលនោះ មិនអាចធ្វើអ្វីបានឡើយ ដោយចៅក្រមស៊ើបសួរ ដាក់បម្រាមនិងលក្ខខណ្ឌយ៉ាងតឹងរ៉ឹងចំពោះលោក។
បម្រាមដែលចៅក្រមស៊ើបសួរដាក់ឲ្យលោក កឹម សុខា អនុវត្តកន្លងមក រួមមាន មិនឲ្យចេញទៅឆ្ងាយណាពីផ្ទះ មិនឲ្យជួបមន្ត្រីអតីតគណបក្សប្រឆាំង មិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង មិនឲ្យចេញទៅក្រៅប្រទេស និង មិនឲ្យធ្វើសកម្មភាពនយោបាយ។ លើសពីនេះ លោក ត្រូវគោរពកាតព្វកិច្ច១ទៀត គឺឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចឬតុលាការ។
បច្ចុប្បន្ន លោក នៅជាប់បម្រាម២ទៀត គឺ មិនត្រូវចេញទៅក្រៅប្រទេស និង មិនត្រូវធ្វើនយោបាយ ហើយត្រូវបំពេញកាតព្វកិច្ចក្នុងការឆ្លើយតបនឹងការកោះហៅ៕