កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ចេញ​ច្បាប់​ថ្មី​៖ កីឡាករ​មក​ហាត់​យឺត​ពិន័យ​២៥០០០​ដុល្លារ …
13, Nov 2019 , 8:39 pm        
រូបភាព
​លោក Frank Lampard អ្នកចាត់ការ​ទូទៅ Chelsea ថ្មីៗ​នេះ បាន​បង្កើត​ច្បាប់​ថ្មី​ចំនួន​១២​ចំ​ណុ​ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មិន​ធ្លាប់មាន​ដើម្បី​ដាក់ពិន័យ​លើ​កីឡាករ​ខ្លួន​។ ច្បាប់​ថ្មី​នោះ​រួមមាន ការដាក់ពិន័យ​លើ​កីឡា​រូប​ណា​ដែល​មក​ហ្វឹកហាត់​យឺតយ៉ាវ​ជា​ទឹកប្រាក់​២៥០០០​ដុល្លារ​អាមេរិក ហើយ​អ្នក​ចូលប្រជុំ​យឺត ៦៤០​ដុល្លារ ក្នុង​១​នាទី ទូរ​សព្ទ​រោទ៍​ពេល​ប្រជុំ​ត្រូវ​ពិន័យ​ចំនួន ១៣០០​ដុល្លារ និង​ផ្សេងៗ​ទៀត​។


 
​វិន័យ​យ៉ាង​តឹងរ៉ឹង​របស់លោក Lampard នេះ​បានប្រកាស​បរិច្ឆេត​ចាប់តាំងពី​ថ្ងៃទី​២៧ ខែសីហា ពោលគឺ​នៅពេល​លោក​ឡើងទៅ​ដឹកនាំ​ក្រុម​តោ​ខៀវ​នៅ​ដើមរដូវ​កាល​២០១៩-២០​នេះ​។ ច្បាប់​វិន័យ​របស់លោក ក៏ត្រូវ​បានធ្វើ​ជា​បញ្ជី​ដាក់​ស៊ុំ​ត្រឹមត្រូវ​ហើយ​ព្យួរ​នឹង​ជញ្ជាំង​ដើម្បី​កីឡាក​ងាយស្រួល​មើល​ផងដែរ​។​
 
​ការដាក់ពិន័យ​លើ​កីឡាករ​ដែល​មក​ហ្វឹកហាត់​យឺត ចូលប្រជុំ​យឺត ទូរ​សព្ទ​រោទ៍​ដោយ​គ្មាន​ការអនុញ្ញាត គឺ​ស្ថិត​ក្នុងចំណោម​ច្បាប់​វិន័យ​ទាំង​១២​ចំណុច ដែល​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៤១​ឆ្នាំ​បានចែង​ដោយ​ខ្លួនឯង​។ បម្រាម​ទាំង​១២​ចំណុច សុទ្ធសឹង​ពិន័យ​ជា​ប្រាក់​ទាំងអស់​។​


 
​ការបង់ថ្លៃ​ពិន័យ​សម្រាប់​កីឡាករ​ដែល​ធ្វើ​ខុស នឹងធ្វើ​ឡើង​ក្នុង​រង្វង់​១៤​ថ្ងៃ ប៉ុន្តែ​បើ​លើស​កាលបរិច្ឆេត​ត្រូវ​បង់គុណ​នឹង​ពីរ​។​
 
Lampard ការដាក់វិន័យ​ទៅលើ​កីឡាករ​ខ្លួន​បែបនេះ ពិតជា​បានធ្វើ​ឲ្យ Chelsea ទទួលបាន​លិទ្ធ​ផល​ល្អ ស្រប​ពេលដែល​ក្រុម​ខ្លួន​ជួប​វិបត្តិ​មិនអាច​ទិញ​កីឡាករ​ថ្មី​ចូល​ថែម​ពេញ​មួយ​រដូវ​កាល​។ ដើមឡើយ​គេ​គិតថា នេះ​ជា​រដូវ​កាល​ដ៏​លំបាក​សម្រាប់​លោក​ក្នុងនាម​ជា​អ្នកចាត់ការ ស្របពេល​តោ​ខៀវ កំពុង​ជួប​បញ្ហា​ក្រោយ​លក់​កីឡាករ​ឆ្នើម​របស់ខ្លួន Eden Harzad ទៅ​ឲ្យ Real Madrid ខ្សែប្រយុទ្ធ Alvaro Morata ទៅ AT-Madrid ហើយ​ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ថែមទៀត​។​
 
​យ៉ាងណាក៏ដោយ បញ្ហា​ទាំងអស់នេះ​មិនបាន​បង្អាក់ដំណើរ Chelsea ដើម្បី​ប្រជែង​ពាន Premier League និង Champions Leageu រដូវ​កាល​នេះឡើយ​។ កីឡាករ​ក្មេងៗ​បានបង្ហាញ​របៀប​លេង​ដ៏​ល្អប្រសើរ​ឲ្យ​ក្រុម​លោក Lampard ដោយ​ក្នុងនោះ​ពួកគេ​បានឈ្នះ​៨​ប្រកួត​ជាប់ៗ​គ្នា​។​
 
​ឆ្លងកាត់​ការប្រកួត​១២​លើក​ក្នុង​លី​គ​កំពូល​អង់គ្លេស លោក Lampard បាន​ជួយ Chelsea ឈរ​ចំណាត់ថ្នាក់​ទី​៣ ដោយ​រកបាន​២៦​ពិន្ទុ ស្មើគ្នា​ជាមួយ Leicester City ដែល​នៅ​លេខ​ពីរ ដ្បិត​ចាញ់​គ្រាប់​ស៊ុត ហើយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​៨​ពិន្ទុ​។ 
 
​ចំណែក ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អឺរ៉ុប តោ​ខៀវ​នៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល H មាន​៧​ពិន្ទុ​ស្មើ​ជាមួយ Ajax ដែល​នៅ​កំពូល​តារាង និង Valencia ដែល​ឈរ​លេខ​៣៕


 

Tag:
 Frank Lampard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com