FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ អ៊ីរ៉ាក់ ដែលមាន​បញ្ហានយោបាយ ប្រើ​កីឡដ្ឋាន​ហ្សកដានី​ទទួលភ្ញៀវ​អ៊ីរ៉ង់​
13, Nov 2019 , 9:39 pm        
រូបភាព
ប្រធានក្រុម និងក្រុមជម្រើសជាតិអ៊ីរ៉ាក់ អំឡុងពេលប៉ះកម្ពុជានាកីឡដ្ឋានជាតិអូឡាំពិក
ប្រធានក្រុម និងក្រុមជម្រើសជាតិអ៊ីរ៉ាក់ អំឡុងពេលប៉ះកម្ពុជានាកីឡដ្ឋានជាតិអូឡាំពិក
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​ទៅដល់​ទីក្រុង​អា​ម៉ាន់ ប្រទេស​ហ្សកដានី​ហើយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ដើម្បី​ត​តាំ​ជាមួយ​អ៊ីរ៉ាក់​សម្រាប់​ការប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២២​។ ដំបូង​ឡើយ អ៊ីរ៉ាក់​ត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​ក្នុង​ទឹកដី​ខ្លួន​ដើម្បី​ទទួល​អ៊ីរ៉ង់ ប៉ុន្តែ​ដោយសា​បញ្ហានយោបាយ​ទើប​បង្ខំចិត្ត​យក​ទឹកដី​កណ្តាល​ជំនួស​វិញ​។​


 
​អ៊ីរ៉ាក់ ត្រូវ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C ដែលជា​ជំនួប​សំខាន់ នា​កីឡដ្ឋាន Amman ដែលជា​ទឹកដី​កណ្តាល​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា វេលា​ម៉ោង ៩:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​
​តាមពិតទៅ អ៊ីរ៉ាក់​ត្រូវ​លេង​ចំនួន​ពីរ​ប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង ក្នុង​ក្រុង​បា​ស្រា នៅពេល​ជួប​អ៊ីរ៉ង់​នេះ និង​បា​រ៉ែ​ន​នៅ​៥​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​ត្រូវ​បង្ខំចិត្ត​ប្តូរ​ទីតាំង​ប្រកួត​វិញ ដ្បិត​មាន​បញ្ហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​វាយ​ដណ្តើមយក​ក្រុង​បា​ដា​ដ និង​ភាគខាងត្បូង​ប្រទេស​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជា​អ្នកស្នើសុំ​ទឹកដី​កណ្តាល​ដោយផ្ទាល់​ហើយ​ជ្រើស​យក​កីឡដ្ឋាន Amman ស្ថិតក្នុង​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្សកដានី​ដើម្បី​ធ្វើជា​ទឹកដី​សម្រាប់​អ៊ីរ៉ាក់​ជំនួស​វិញ​។​
 
​ក្នុង​ពូ​ល C នេះ អ៊ីរ៉ាក់​កំពុងមាន​ប្រៀប​លើ​គេ ដោយ​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ ស្មើ​បា​រ៉ែ​ន (​តែ​ឈ្នះ​គ្រាប់​ស៊ុត​) ខណៈ​អ៊ីរ៉ង់​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៦​ពិន្ទុ​។ ក្នុង​ពូ​ល​នេះ អ៊ីរ៉ាក់ បា​រ៉ែ​ន និង​អ៊ីរ៉ង់ ជា​គូប្រជែង​នាំមុខគេ​ក្នុងការ​ដណ្តើម​កៅអី​ទៅ​វគ្គ​បន្ត ស្របពេល​កម្ពុជា និង​ហុ​កុង​ស្ទើ​តែ​គ្មាន​ឱកាស​។​
 
​កម្ពុជា រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៤​លើក ហើយ​ហុងកុង​ឈរ​លេខ​៤ មាន​១​ដូចគ្នា​តែ​ទើប​លេង​បាន​៣​ប្រកួត​។ នៅ​ថ្ងៃទី​១៤ នេះ ហុងកុង​ដែល​កំពុង​បញ្ហានយោបាយ​ដែរនោះ ត្រូវ​ស្វាគមន៍​បា​រ៉ែ​ន​នៅ​ម៉ោង ៧:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] មុន​ទទួល​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕



Tag:
 World Cup
  អ៊ីរ៉ង់​
  អ៊ីរ៉ាក់​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com