FIFA
កីឡាជាតិ
ជាតិ
លោក Felix ៖ ជំនួប​មិត្តភាព​កម្ពុជា​-​ម៉ុង​ហ្គោ​លី ជា​ការវាស់ស្ទង់​កីឡាករ ដើម្បី​រក​ទម្រង់​លេង​ល្អ​មួយ ពេល​ជួប​ហុងកុង
14, Nov 2019 , 7:59 am        
រូបភាព
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា(ស្តាំ)ចាប់ដៃជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា(ស្តាំ)ចាប់ដៃជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas ចាត់ទុក​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ុង​ហ្គោ​លី ដែល​រៀបចំ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​ថា ជាការ​ត្រៀមខ្លួន​មួយ​ដ៏​ល្អ​មុន​ជំនួប​ជាមួយ​ហុងកុង​ក្នុង​វគ្គ​ជម្រុះ World Cup​។ ជំនួប​មិត្តភាព​នេះ ក៏​ជាការ​បន្ស៊ាំ​ខ្លួន និង​ពង្រឹងសមត្ថភាព​សម្រាប់​ក្រុម​ម៉ុង​ហ្គោ​លី ដើម្បី​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា នា​ជំនួប​ជើង​ទី​២​ក្នុង​វគ្គ​ជម្រុះ​នេះ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី​។ ទាំង​គ្រូបង្វឹក​កម្ពុជា និង​ម៉ុង​ហ្គោ​លី​សុទ្ធតែ​អះអាងថា ជំនួប​មិត្តភាព​នេះ​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ទាក់ទាញ​សម្រាប់​ទស្សនិកជន​។

 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas នឹងត្រូវ​ប្រជែង​ជាមួយ​ហុងកុង នា​ជំនួប​ជើង​ទី​២​ពូ​ល C នៃ​វគ្គ​ជម្រុះ FIFA World Cup នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​ហុងកុង​។ បច្ចុប្បន្ន​ក្រុម​កីឡាករ​កម្ពុជា​កំពុង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​យ៉ាងសកម្ម​នៅ​ទីលាន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ នា​ជំនួប​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ 
 
​មុន​ការប្រកួត​ផ្លូវ​ការឈាន​មកដល់ ក្រុម​រហស្សនាម​គោព្រៃ​កម្ពុ​ជាមួយនេះ ត្រូវ​តទល់​ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ វា​ជាការ​ប្រកួត​ដកស្រង់​បទពិសោធ​ក៏ពិតមែន តែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុងការ​សិក្សា​ពី​ចំណុច​ខ្វះខាត ដើម្បី​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​ត្រៀម​ការប្រកួត​ផ្លូវការ​។​
 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​១៣ វិច្ឆិកា លោក Felix Dalmas ចាត់ទុក​ការប្រកួត​ជាមួយ​ម៉ុង​ហ្គោ​លី ជា​ឱកាស​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ និង​ស្វែងរក​ទម្រង់​លេង​មួយ​ដ៏​ល្អ សម្រាប់​តទល់​ជាមួយ​ហុងកុង ដែល​កម្ពុជា​ឈ្នះ​ជាដាច់ខាត​ក្នុងការ​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត នៃ​ព្រឹត្តិការណ៍ World Cup​។ លើសពីនេះ វា​ក៏​ជា​ឱកាស​តេស្ត​សមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​ផងដែរ​។ ដ្បិត​លោក Felix នឹង​ផ្តល់ឱកាស​ឲ្យ​កីឡាករ ដែល​ត្រៀម​ស៊ី​ហ្គេម​មួយចំនួន​បានបង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត​មួយ​នេះ​។ 
 
«​ជំនួប​ជា​ម៉ុង​ហ្គោ​លី​ជាការ​ប្រកួត​ត្រៀមខ្លួន​ដ៏​ល្អ​មួយ​មុន​ជំនួប​ជាមួយ​ហុងកុង​។ ការត្រៀមខ្លួន​របស់​យើង​លើក​នេះ​ខុសប្លែក​ពីមុន​បន្តិច ដោយសារ​លើក​នេះ យើង​ប្រមូលផ្តុំ​ហ្វឹកហាត់​ចូលគ្នា​ជាមួយ​ក្រុម​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​។ យើង​មាន​កីឡាករ​សរុប​៣៥​រូប ហើយ​ការហ្វឹកហាត់​ចែកចេញជា​ពីរ​លក្ខខណ្ឌ​ផ្សេងគ្នា តែ​យ៉ាងណា​ការហ្វឹកហាត់​មកទល់ពេលនេះ គឺ​រលូន ហើយ​កីឡាករ​ម្នាក់ៗ​ខិតខំ​ប្រឹងប្រែង​រៀងៗ​ខ្លួន ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas​។ 
 
​លោក Michael Weiss គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី ក៏​មិន​ខុសគ្នា​ពី​លោក Felix Dalmas ដែរ ដោយ​លោក​ចាត់ទុក​ការប្រកួត​មិត្តភាព​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្រុម​លោក​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​វគ្គ​ជម្រុះ World Cup​។ ក្រុម​ម៉ុង​ហ្គោ​លី​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខណៈ​កាល​ជើង​ទី​១​លើ​ទឹកដី​ខ្លួន ពួកគេ​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ១-០​។ 
 
«​ការប្រកួត​នៅ​ថ្ងៃស្អែក​(​ព្រហស្បតិ៍​)​គឺ​សំខាន់​ណាស់​សម្រាប់​ពួកគេ ព្រោះ​យើង​ចង់​ឲ្យ​កីឡាករ​របស់​យើង​ស៊ាំ​ជាមួយ​អាកាសធាតុ​ព្រោះ​នៅ​ម៉ុង​ហ្គោ​លី​អាកាសធាតុ​ត្រជាក់​រហូតដល់​ក្រោម​២០​អង្សារ​។ ម្យ៉ាងទៀត​យើង​ចង់​កីឡាករ​ស៊ាំ​ជាមួយ​ទីលាន​ធំ ដែលមាន​អ្នកគាំទ្រ​ច្រើន​»​។ គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​រូបនេះ លើកឡើង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​១៣ វិច្ឆិកា​។​
 
​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ម៉ុង​ហ្គោ​លី​ជាមួយ​កម្ពុជា ដែល​ធ្វើឡើង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ទស្សនិកជន​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​គ្រូបង្វឹក​ទាំងពីរ ដែល​រំពឹងថា ការប្រកួត​នេះ​នឹង​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ចូលរួម​ទស្សនា​៕   

Tag:
 Felix Dalmas
  ម៉ុង​ហ្គោ​លី​
  ហុងកុង​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com