អន្តរជាតិ
កូរ៉េខាងត្បូងត្រៀមទទួលមេដឹកនាំអាស៊ាន ខណៈវត្តមានលោក គីម ជុងអ៊ុន នៅតែមិនច្បាស់ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ថ្លែងកិច្ចប្រជុំមួយ។ រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១២ ខែវិច្ឆិកា បានចង្អុលបង្ហាញពីសារៈសំខាន់នៃកិច្ចប្រជុំធំៗចំនួន២ ជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ដែលនឹងប្រារព្ធឡើងក្នុងពេលឆាប់ៗខាងមុខនេះនៅទីក្រុងកំពុងផែប៊ូសាន។ ចំណែកវត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំមួយនេះ មិនទាន់ច្បាស់លាស់នៅឡើយ។
បើតាមការគ្រោងទុក កិច្ចប្រជុំខួបអនុស្សាវរីយ៍លើកទី៣០ កូរ៉េខាងត្បូង-អាស៊ាន នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ខណៈពេលកិច្ចប្រជុំមួយទៀត គឺកូរ៉េខាងត្បូង-បណ្តាប្រទេសទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
និយាយក្នុងពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅមជ្ឈមណ្ឌល Exhibition and Convention នាទីក្រុងកំពង់ផែប៊ូសាន លោកប្រធានាធិបតី មូន ចេអ៊ីន បានលើកឡើងថា ជំនួបកូរ៉េខាងត្បូង និងអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជួយលើកស្ទួយវិបុលភាពរវាងភាគីទាំងសងខាង។ ទន្ទឹមនេះលោក ម៉ូន បានបន្តថា ក្រោមការដឹកនាំរបស់លោក កូរ៉េខាងត្បូង មានការផ្លាស់ប្តូរការទូតធំៗចំនួន២ ដែលខុសពីប្រធានាធិបតីអាណត្តិមុន។ ទីមួយ គឺការដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ តាមរយៈការចរចា និងការទូត។ ចំណែកទីពីរ គឺការបោះជំហានយ៉ាងធំ នៅក្នុងទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយអាស៊ាន។
ត្រង់ចំណុចនេះ គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសេអ៊ូល នឹងមិនផ្ដោតលើតែមហាអំណាចសំខាន់ទាំងបួនមានអាមេរិក ចិន ជប៉ុន រ៉ុស្ស៊ីទៀតហើយ។ ពោល គឺលោក មូន តម្រង់គោលដៅទៅកាន់អាស៊ានក្រោមក្របខណ្ឌគោលនយោបាយសម្លឹងទៅខាងត្បូង។
យ៉ាងណាមិញ វត្តមានរបស់មេដឹកនាំ គីម ជុងអ៊ុន ត្រូវគេជឿថា អាចនឹងមានក្នុងជំនួបមួយនេះ ប៉ុន្តែមកទល់ពីនេះ វាកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ លោក មូន ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានលើកឡើងពីលោកគីម ថាតើអាចនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនាទីក្រុងប៊ូសានឬអត់ទេ។ កូរ៉េខាងត្បូង អញ្ជើញ មេដឹកនាំរូបនេះឲ្យចូលរួមកិច្ចប្រជុំក្នុងឋានៈជាអ្នកសង្កេតការណ៍។ ប៉ុន្តែការអញ្ជើញនេះ មិនទាន់ការឆ្លើយតបផ្លូវការនៅឡើយ។
ក្រៅពីបញ្ហាពាក់ព័ន្ធខាងលើ ប្រមុខរដ្ឋកូរ៉េខាងត្បូង ក៏បានលើកឡើងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ ក្នុងនោះ លោក មូន អះអាងថា RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលជួយលើកស្ទួយពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាស៊ានឲ្យកាន់តែច្រើនបន្ថែមទៀត៕
Tag:
អាស៊ាន
កូរ៉េខាងជើង
កូរ៉េខាងត្បូង
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com