អន្តរជាតិ
កូរ៉េខាងត្បូង​ត្រៀម​ទទួល​មេដឹកនាំ​អាស៊ាន ខណៈ​វត្តមាន​លោក គីម ជុង​អ៊ុន នៅតែ​មិន​ច្បាស់​
14, Nov 2019 , 8:29 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ថ្លែងកិច្ចប្រជុំមួយ។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ថ្លែងកិច្ចប្រជុំមួយ។ រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា បានចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​ធំៗ​ចំនួន​២ ជាមួយនឹង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​នៅ​ទីក្រុង​កំពុងផែ​ប៊ូសាន​។ ចំណែក​វត្តមាន​របស់លោក គីម ជុង​អ៊ុន ក្នុង​កិច្ចប្រជុំ​មួយ​នេះ មិនទាន់​ច្បាស់លាស់​នៅឡើយ​។

 
​បើតាម​ការគ្រោងទុក កិច្ចប្រជុំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ កូរ៉េខាងត្បូង​-​អាស៊ាន នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ខណៈពេល​កិច្ចប្រជុំ​មួយទៀត គឺ​កូរ៉េខាងត្បូង​-​បណ្តា​ប្រទេស​ទន្លេមេគង្គ ដែលមាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ 
 
​និយាយ​ក្នុងពេល​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​មជ្ឈមណ្ឌល Exhibition and Convention នាទី​ក្រុង​កំពង់ផែ​ប៊ូសាន លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា ជំនួប​កូរ៉េខាងត្បូង និង​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ជួយ​លើកស្ទួយ​វិបុលភាព​រវាង​ភាគី​ទាំងសងខាង​។ ទន្ទឹមនេះ​លោក ម៉ូ​ន បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​លោក កូរ៉េខាងត្បូង មានការ​ផ្លាស់ប្តូ​រការ​ទូត​ធំៗ​ចំនួន​២ ដែល​ខុសពី​ប្រធានាធិបតី​អាណត្តិ​មុន​។ ទីមួយ គឺ​ការដោះស្រាយ​បញ្ហា នៅលើ​ឧបទ្វីប​កូរ៉េ តាមរយៈ​ការចរចា និង​ការទូត​។ ចំណែក​ទី​ពីរ គឺ​ការបោះ​ជំហាន​យ៉ាង​ធំ នៅក្នុង​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​។ 
 
​ត្រង់ចំណុច​នេះ គោលនយោបាយ​ការបរទេស​របស់​រដ្ឋា​ភិ​បាល​សេ​អ៊ូ​ល នឹងមិន​ផ្ដោតលើ​តែ​មហាអំណាច​សំខាន់​ទាំង​បួន​មាន​អាមេរិក ចិន ជប៉ុន រ៉ុ​ស្ស៊ី​ទៀតហើយ​។ ពោល គឺ​លោក មូ​ន តម្រង់​គោលដៅ​ទៅកាន់​អាស៊ាន​ក្រោម​ក្របខណ្ឌ​គោលនយោបាយ​សម្លឹង​ទៅខាង​ត្បូង​។ 
 
​យ៉ាងណាមិញ វត្តមាន​របស់​មេដឹកនាំ គីម ជុង​អ៊ុន ត្រូវគេ​ជឿថា អាច​នឹងមាន​ក្នុងជំនួប​មួយ​នេះ ប៉ុន្តែ​មកទល់​ពីនេះ វា​កំពុង​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។ លោក មូ​ន ប្រធានាធិបតី​កូរ៉េខាងត្បូង មិនបាន​លើកឡើង​ពី​លោក​គីម ថា​តើ​អាច​នឹងមាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​ប៊ូសាន​ឬ​អត់​ទេ​។  កូរ៉េខាងត្បូង អញ្ជើញ មេដឹកនាំ​រូបនេះ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍​។ ប៉ុន្តែ​ការអញ្ជើញ​នេះ មិនទាន់​ការឆ្លើយតប​ផ្លូវការ​នៅឡើយ​។ 
 
​ក្រៅពី​បញ្ហា​ពាក់ព័ន្ធ​ខាងលើ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង ក៏បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ផងដែរ​។ ក្នុងនោះ លោក មូ​ន អះអាងថា RCEP គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ដែល​ជួយ​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​៕ 

Tag:
 អាស៊ាន​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com