អន្តរជាតិ
ជំនឿ​! ឪពុកម្តាយ​កូរ៉េខាងត្បូង​នាំគ្នា​ទៅ​បន់​នៅ​វិហារ ឲ្យ​កូន​ប្រលង​ជាប់​
13, Nov 2019 , 10:19 pm        
រូបភាព
ប្រភពរូប៖ Korea Times
ប្រភពរូប៖ Korea Times
ដោយ:
​ក្នុង​សប្តាហ៍​នេះ ឪពុកម្តាយ​និង​ជីដូន​ជីតា​កូរ៉េខាងត្បូង កំពុង​នាំគ្នា​ទៅកាន់​វិហារ​ភ្លុក​ទឹក​ភ្លុក​ដី​ដើម្បី​បន់ស្រន់​សម្រាប់​កូនៗ​និង​ចៅៗ​ពួកគាត់ ដែល​កំពុង​រៀបចំខ្លួន​ប្រលង​ចូលរៀន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ វិច្ឆិកា ២០១៩​។ វិហារ​សាសនា​ជាច្រើន​នៅ​ជុំវិញ​ប្រទេស​កូរ៉េខាងត្បូង គឺ​ពោរពេញ​ដោយ​មនុស្សម្នា ហើយ​ដៃ​ពួកគេ​ភ្ជាប់​មក​ជាមួយនឹង​ផ្កា និង​ទាន​ក្រអូប​។ ចំណែក​ដៃ​ទាំង​ទ្វេ​របស់​ពួកគាត់​លើកឡើង​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធិ​នានា ដើម្បី​ជួយ​មើលថែ​កូនៗ​ពួកគេ​ឲ្យ​ប្រលង​ដោយ​ជោគជ័យ​។​

 
​នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង នៅវេលា​ម៉ោង ៨៖៤០​នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​) នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ សិស្ស​ជាង ៥៤៨ ០០០​នាក់ នឹងចូលរួម​ប្រលង​សមត្ថភាព​ចូលរៀន​សកលវិទ្យា​ល័យ (CSAT) ថ្នាក់ជាតិ​នេះ ។ ស្គាល់​ថា «Suneung» វា​គឺជា​ប្រលង​រយៈពេល​៨​ម៉ោង​បន្តកន្ទុយ​គ្នា ដែល​មិន​ត្រឹមតែ​កំណត់ថា​សកលវិទ្យា​ល័យ​ណា​ដែល​សិស្ស​នឹង​អាច​ទៅ​រៀន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​អាច​កំណត់​ជោគវាសនា​ការងារ​និង​ចំណូល​នាពេលខាងមុខ ព្រមទាំង​ទីកន្លែង​ដែល​ពួកគេ​នឹង​រស់នៅ ហើយ​សូម្បីតែ​ទំនាក់ទំនង​ស្នេហា​នា​ថ្ងៃ​អនាគត​ថែម​ទៀតផង​។ សម្រាប់​វិញ្ញាសា​ប្រលង សិស្ស​នឹង​ប្រលង​សមត្ថភាព​ភាសា​កូរ៉េ​, អង់គ្លេស​, គណិតវិទ្យា​, ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង និង​ភាសាបរទេស​ទី​២​ដែល​ពួកគេ​ជ្រើសរើស​។​
 
​ជា​រៀងរាល់ឆ្នាំ​ក្នុង​វិច្ឆិកា ការប្រលង «Suneung» ថ្នាក់ជាតិ​នេះ ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង​ទាំងមូល​មាន​ភាពស្ងប់ស្ងាត់​ខុសធម្មតា​។ ក្នុង​ថ្ងៃ​ប្រឡង គេ​តែង​សង្កេតឃើញថា ភាពស្ងប់ស្ងាត់​កើតឡើង​ទូទាំង​រដ្ឋធានី សេ​អ៊ូ​ល ព្រោះតែ​ផ្សារ​ទំនើប​, ធនាគារ​នានា​បិទទ្វារ​បណ្តោះអាសន្ន ហើយ​សូម្បីតែ​ទីផ្សារ​ហ៊ុន ក៏ត្រូវ​បើក​យឺត​ជាង​មុន​ផងដែរ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​សម្រាប់​បេក្ខជន​ប្រលង​។ 
 
​ការងារ​សំណង់​ភាគច្រើន ត្រូវ​ផ្អាក​ដំណើរ​សិន ចំណែក​យន្តហោះ​ខ្លះ ក៏ត្រូវ​ផ្អាក​ជើងហោះហើរ​ខ្លួន ហើយ​ការ​ហ្វឹក​ហឺ​ន​យោធា​នានា ក៏​ត្រូវតែ​បញ្ចប់​។ ម្តងម្កាល ភាពស្ងប់ស្ងាត់​បែបនេះ ត្រូវបាន​រំខាន​ដោយ​សំឡេង​ស៊ី​រ៉ែ​ន​អាសន្ន​នានា​ពី​ចម្ងាយ និង​សំឡេង​ម៉ូតូ​ប៉ូលិស​ដែល​ដឹក​សិស្ស​ខ្លះ​ដែល​ទៅ​ចូល​ប្រលង​យឺត​។ ជា​ទូទាំង នៅ​ចំ​ថ្ងៃ​ប្រលង ឪពុកម្តាយ និង​អាណាព្យាបាល​ជាច្រើន បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​នៅក្នុង​វិហារ​សាសនា​ទាំង​ព្រះពុទ្ធ ឬ​គ្រឹ​ស្ត ដោយ​កាន់​រូបថត​កូនៗ​ពួកគាត់​យ៉ាង​ណែន ហើយ​បួងសួង​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រលង​។ 
 
​ពិន្ទុ​នៃ​ការប្រលង CSAT ខ្ពស់ បើកឱកាស​ឲ្យ​សិស្ស​អាច​ចូលរៀន​ក្នុង​សកល​វិទ្យាល័យ​កំពូល​ចំនួន​៣​របស់​កូរ៉េខាងត្បូង ឬ​ហៅ​កាត​ថា «SKY»​។ «S» តំណាង​ឲ្យ​សកលវិទ្យា​ល័យ Seoul, «K» តំណាង​ឲ្យ​សកលវិទ្យា​ល័យ Korea និង «Y» សកលវិទ្យា​ល័យ Yonsei​។ សកល​វិទ្យាល័យ​លំដាប់​កំពូល​ទាំងបី​នេះ គឺ​ប្រៀន​ដូចជា​សកលវិទ្យា Harvard និង Yale ឬ Oxford និង Cambridge នៃ​ប្រទេស​កូរ៉េខាងត្បូង​។ របាយការណ៍​កន្លងទៅ បង្ហាញថា សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​រួចរាល់ ប្រមាណ ៧០​ភាគរយ នឹង​ទៅ​ចូលរៀន​សកលវិទ្យា​ល័យ ក៏ប៉ុន្តែ​ចំនួន​តិចជាង​២​ភាគរយ​ប៉ុណ្ណោះ នឹង​ឈាន​ជើង​ទៅជា​ន់​សកល​វិទ្យាល័យ «S.K.Y»​។​
 
​ទន្ទឹមនឹង​ទទួលបាន​ការកោតសរសើ​រ​ពី​សង្គម កិត្យានុភាព​នៃ​ការ​ចូលរៀន​ក្នុង​សាកលវិទ្យាល័យ «S.K.Y» ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​អាច​ឈោង​ទៅ​ចាប់​ការងារ​នៅឯ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​លំដាប់​កំពូល​ដែល​សុទ្ធសឹងតែ​គ្រប់គ្រង​ដោយ​បក្ខពួក​គ្រួសារ​អ្នកមានៗ និង​មាន​ឥទ្ធិពល​ជាច្រើន​ផងដែរ ដែល​ស្គាល់​ថា «Chaelbol» ឬ​មានន័យថា «​ក្រុម​សន្ដាន​អ្នកមាន​ទ្រព្យ​»​។ សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង ពឹង​ផ្អែកលើ​ក្រុមហ៊ុន​មួយចំនួន​តូច​នោះ ក៏ប៉ុន្តែ​ជា​ក្រុមហ៊ុន​យក្ស ដែល​ក្នុងនោះ​រួមមាន LG, Hyundai ហើយ​ធំជាងគេ​បង្អស់​នោះ​គឺ Samsung ៕

Tag:
 កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com