ប្រតិភូ​គុន​ល្បុក្កតោ បាន​ជួប​ស្តេច​ប្រដាល់ Manny Pacquiao ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ហ្វីលីពីន
កីឡាជាតិ
ជាតិ
ប្រតិភូ​គុន​ល្បុក្កតោ បាន​ជួប​ស្តេច​ប្រដាល់ Manny Pacquiao ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ហ្វីលីពីន
13, Nov 2019 , 10:39 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹក និងកីឡាករ គុនល្បុក្កតោថតរូបជាមួយស្តេចប្រដាល់ Manny Pacquiao ក្នុងអំឡុងទស្សនកិច្ចអគារព្រឹទ្ធសភាហ្វីលីពីន
ប្រតិភូ គ្រូបង្វឹក និងកីឡាករ គុនល្បុក្កតោថតរូបជាមួយស្តេចប្រដាល់ Manny Pacquiao ក្នុងអំឡុងទស្សនកិច្ចអគារព្រឹទ្ធសភាហ្វីលីពីន
​ប្រតិភូ​កីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ បាន​ជួប​ស្តេច​ប្រដាល់ ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) ក្នុងអំឡុងពេល​ពួកគេ​ធ្វើ​ទស្សនកិច្ច​នៅ​អគារ​ព្រឹទ្ធសភា​នៅ​ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​បាន​បង្ហោះ​រូបថត​១៤​សន្លឹក នៅ​ថ្ងៃទី​១២ វិច្ឆិកា​។​

 
​ប្រតិភូ​កីឡា​គុន​ល្បុក្កតោ ដែល​ដឹកនាំ​ដោយ​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស​ហ្វីលីពីន​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​អគារ​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ ប្រតិភូ​គុន​ល្បុក្កតោ​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មួយចំនួន​ដែល​ចូលរួម​ក្នុង​សកម្មភាព​កីឡា​។ ជាពិសេស​ពួកគេ​បាន​ជួប និង​ថតរូប​ជាមួយ​កីឡាករ​ក្នុង​ចិត្ត​(Idol) គឺ​ស្តេច​ប្រដាល់សកល Manny Pacquiao ដែលជា​សភា​ជិ​ក​ព្រឹទ្ធសភា​ហ្វីលីពីន​។ 
 
«​ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ត្រូវបាន​អញ្ជើញ​ទស្សនៈកិច្ច​នៅ​អាគារ​ព្រឹទ្ធសភា​ហ្វីលីពីន​និង​ជួប​សម្តែង​ការគួរសម ជាមួយ​សមាជិក​ព្រឹទ្ធសភា ដែល​ចូលរួម​ជាមួយ​សកម្មភាព​កីឡា ជាពិសេស ឯកឧត្តម ម៉ា​នី ប៉ា​គី​អាវ​»​។ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​សរសេរ​ដូច្នេះ​ពេល​បង្ហោះ​រូបថត​១៤​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ទស្សនកិច្ច​របស់​ប្រតិភូ​កីឡា​គុន​ល្បុក្កតោ​នៅ​អគារ​ព្រឹទ្ធសភា​ហ្វីលីពីន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​។​
 
​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន លើ​ប្រភេទ​កីឡា​ដំបង​ខ្លី​Arnis ដែលជា​កីឡា​វប្បធម៌​របស់​ម្ចាស់ផ្ទះ​។ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១០​រូប​ឲ្យ​ចូលរួម​៕   















Tag:
 គុន​ល្បុក្កតោ​
  Manny Pacquiao
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com