ជាតិ
​​​ន​យោ​បាយ​ជាតិ​
៤ខែទៀតប៉ុណ្ណោះ EU នឹងសម្រេចដក EBA ពីកម្ពុជា ឬ មិនដក
13, Nov 2019 , 7:27 pm        
រូបភាព
លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែងក្នុងសន្និសីទកាសែត ពេលចូលរួមប្រជុំកំពូលកាណាដា-អឺរ៉ុប ក្នុងទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ (រូបពី AFP)
លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែងក្នុងសន្និសីទកាសែត ពេលចូលរួមប្រជុំកំពូលកាណាដា-អឺរ៉ុប ក្នុងទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ (រូបពី AFP)
ពេលវេលាកាន់តែប្រផុតប្រផើយមែនទែនហើយសម្រាប់កម្ពុជា ក្នុងការរិះរកមធ្យោបាយទប់ស្កាត់កុំឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ គណៈកម្មការអឺរ៉ុប ប្រកាសថា នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរ នៅខែកុម្ភៈ ឆ្នាំ២០២០ ថា ដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន ឬ បន្តរក្សាទុក។



ការបង្ហាញពីពេលវេលាជាក់លាក់របស់គណៈកម្មការអឺរ៉ុបអំពីនីតិវិធីដកឬមិនដក EBA ពីកម្ពុជា គឺធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មាននេះ គឺគណៈកម្មការអឺរ៉ុប ចង់ផ្សព្វផ្សាយពីកិច្ចការរបស់ខ្លួន ដែលបានបញ្ចប់របាយការណ៍បឋមស្តីពីនីតិវិធីនៃការដកឬមិនដក EBA ពីកម្ពុជា។ គណៈកម្មការអឺរ៉ុប អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា បានបញ្ជូនរបាយការណ៍នោះ មកកាន់រដ្ឋាភិបាលកម្ពុជាហើយ ដោយទុកពេល១ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មឬឆ្លើយតបទៅវិញ។ 

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ដូច្នេះថា៖«គោលបំណងនៃការចាប់ផ្តើមនីតិវិធីដកឬមិនដក EBA គឺដើម្បីបង្ហាញក្តីបារម្ភរបស់សហភាពអឺរ៉ុប ទៅលើបញ្ហាសិទ្ធិមនុស្ស និង សិទ្ធិការងារនៅកម្ពុជា។ ក្នុងអំឡុងពេល ដែលសហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា លើគោលបំណងនេះ ការកែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្ត លើបញ្ហាដែលព្រួយបារម្ភ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការដក EBA»។

លោក កុយ គួង អ្នកនាំពាក្យការបរទេស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅល្ងាចទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កម្ពុជា ទទួលបានរបាយការណ៍ពីគណៈកម្មការអឺរ៉ុប កាលថ្ងៃទី១២ ខែវិច្ឆិកា។ លោក អះអាងថា កម្ពុជា មានពេលឆ្លើយតបទៅគណៈកម្មការអឺរ៉ុបវិញ ដោយគិតចាប់តាំងពីថ្ងៃទទួលបានរបាយការណ៍ រហូតដល់ថ្ងៃទី១២ ខែធ្នូ (១ខែ)។

លោក កុយ គួង លើកឡើងថា លោក មិនទាន់បានអានបាយការណ៍នោះទេ ដូច្នេះ លោក ពុំទាន់អាចនិយាយបានឡើយថា គណៈកម្មការអឺរ៉ុប ទាមទារឬចង់បានអ្វីពីកម្ពុជា ហើយគណៈកម្មការអឺរ៉ុប បារម្ភពីចំណុចអ្វីខ្លះនៅកម្ពុជា។ យ៉ាងណា លោក សន្និដ្ឋានថា ភាគីកម្ពុជា នឹងឆ្លើយតបពី២ចំណុចសំខាន់ៗ ទៅកាន់គណៈកម្មការអឺរ៉ុប គឺ១ បង្ហាញថា ជាការពិតឬមិនមែនជាការពិត ចំពោះអ្វីដែលគណៈកម្មការអឺរ៉ុប បារម្ភនិងលើកឡើង ហើយទី២ គឺពន្យល់ទៅគណៈកម្មការអឺរ៉ុបពីការវិវត្តនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

ដូចរដ្ឋាភិបាលដែរ អ្នកនាំពាក្យការបរទេសរូបនេះ សង្ឃឹមថា កម្ពុជា នឹងទទួលបានលទ្ធផលវិជ្ជមានពីការសម្រេចចុងក្រោយរបស់គណៈកម្មការអឺរ៉ុប នៅខែកុម្ភៈ ឆ្នាំ២០២០។ លោក ថ្លែងបែបនេះថា៖«ខ្ញុំ យល់ EBA នឹងនៅបន្តជាមួយកម្ពុជាទៀត បើសេចក្តីសម្រេចហ្នឹង ផ្តល់សុក្រិតភាព និងភាពយុត្តិចំពោះប្រទេសយើង»។

គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមនីតិវិធីដំបូងពីរឿងដកឬមិនដក EBA នេះ តាំងខែកុម្ភៈ ឆ្នាំ២០១៩មក។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ គឺមានរយៈពេល១ឆ្នាំ ដែលឈានដល់នីតិវិធីចុងក្រោយ ក្នុងការសម្រេចថា ដក EBA ពីកម្ពុជា ឬមិនដក។ បើគណៈកម្មការអឺរ៉ុប សម្រេចដក EBA មែន ជានីតិវិធី គឺត្រូវការរយៈពេល៦ខែក្រោយមកទៀត ទើបសេចក្តីសម្រេចនោះ ចូលជាធរមាន មានន័យថា ៦ខែក្រោយនៃការដក ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប៕

Tag:
 EU
  EBA
  របាយការណ៍បឋម
© រក្សាសិទ្ធិដោយ thmeythmey.com