ជាតិ
អង្គការសហប្រជាជាតិ​អំពាវនាវ​ជាថ្មី​ឲ្យ​កម្ពុជា​លុបចោល​ទោសឧក្រិដ្ឋ​សម្រាប់​ស្ត្រី​ពពោះ​ជំនួស​
14, Nov 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្រ្តីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សេវាកម្មជួញដូរពពោះជំនួសនៅកម្ពុជា ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្រ្តីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សេវាកម្មជួញដូរពពោះជំនួសនៅកម្ពុជា ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។
ដោយ: VOA
​ភ្នំពេញ ៖ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​លុបចោល​ការសម្រេច​របស់​ខ្លួន​ដែល​ចាត់ទុក​ការ​ពពោះ​ជំនួស​ថា​ជា​បទឧក្រិដ្ឋ និង​បានស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានាថា សំណើ​ច្បាប់​នោះ​នឹងមិន​ដាក់ទោស​ឧក្រិដ្ឋ​ចំពោះ​ស្ត្រី​ដែល​ពពោះ​ជំនួស​គេ​នោះទេ​។​

 
​នៅក្នុង​ការសង្កេត​ចុងក្រោយ​របស់ខ្លួន​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការលុបបំបាត់​ការរើសអើង​ស្ត្រី​ហៅ​កាត់​ថា CEDAW បាន​ប្រឆាំង​ទៅនឹង​ការយាយី និង​ការរើសអើង​ស្ត្រី​ដែល​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
 
​ក្ដីបារម្ភ​មួយ​ក្នុងចំណោម​ក្ដីបារម្ភ​នានា​ដែល​របាយការណ៍​របស់​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​នេះ​បានលើកឡើង​គឺ​ការណ៍​ដែល​ប្រទេស​កម្ពុជា​ចាត់ទុក​ការ​ពពោះ​ជំនួស​ថា​ជា​ទោសឧក្រិដ្ឋ​។ ការ​ពពោះ​ជំនួស​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក បាន​បង្ក​ឲ្យ​មានការ​រិះគន់​ពី​អន្តរជាតិ ដោយ​កុមារ​ត្រូវបាន​លក់​ឲ្យ​ឪពុកម្ដាយ​បរទេស​។ ស្ត្រី​ដែល​ពពោះ​ជំនួស​ជារឿយៗ​គឺជា​ជនរងគ្រោះ​នៃ​ការកេងប្រវ័ញ្ច​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នកតាមដាន​ស្ថានការណ៍​នានា​។​
 
​តាំងពី​ការ​ពពោះ​ជំនួស​នេះ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​កាលពី​ខែតុលា ឆ្នាំ ២០១៦ គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការលុបបំបាត់​ការរើសអើង​ស្ត្រី បាន​បញ្ជាក់ថា ស្ត្រី​ពពោះ​ជំនួស​គេ​ជាង ៦០ នាក់ ត្រូវបាន​ចាប់ខ្លួន និង​អាច​ប្រឈម​នឹង​នីតិវិធី​ព្រហ្មទណ្ឌ​។​
 
​ស្ត្រី​ទាំងនេះ​ត្រូវបាន​ដោះលែង​នៅក្រោម​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​ស្ត្រី​ទាំងនោះ​ចិញ្ចឹម​កូន​ដែល​កើតមក​រហូតដល់​អាយុ ១៨ ឆ្នាំ​។​
 
​របាយការណ៍​នេះ​បាន​សរសេរ​ដូច្នេះ​ថា​៖
 
«​គណៈកម្មាធិការ [​អង្គការសហប្រជាជាតិ​] មានការ​ព្រួយបារម្ភ​ជាពិសេស​ថា កាតព្វកិច្ច​ដូចនេះ​បង្កើត​ឲ្យ​មាន​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ផ្លូវចិត្ត​បន្ថែមទៀត​លើ​ស្ត្រី​ដែល​កំពុង​ស្ថិតក្នុង​ស្ថានការណ៍​យ៉ាប់យ៉ឺន ដែល​បណ្ដាល​ឲ្យ​ពួកគេ​ពពោះ​ជំនួស​គ‍េ​។ ហើយ​ពួកគេ​ប្រឈម​នឹង​ការរើសអើង និង​ការ​មាក់ងាយ​ពី​ក្រុមគ្រួសារ និង​សហគមន៍​ដែល​ពួកគេ​រស់នៅ ដោយសារតែ​ធ្វើជា​ស្ត្រី​ពពោះ​ជំនួស​គេ​ន‍េះ​»​។​
 
​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​ការសម្រេច​របស់​ខ្លួន​កាលពី​ខែតុលា ឆ្នាំ ២០១៦ និង​បញ្ចប់​នូវ​ការអនុវត្ត​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដោះលែង​ស្ត្រី ប្រសិនបើ​ស្ត្រី​ទាំងនោះ​ចិញ្ចឹម​កូន​ដែល​កើត​មកពី​ការ​ពពោះ​ជំនួស​នេះ​ជា​កូន​របស់ខ្លួន​។​
 
​ប៉ុន្តែ​លោកស្រី ជូរ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាងថា សហគមន៍​អន្តរជាតិ​ជួនកាល​មិន​យល់​អំពី​បរិបទ​ក្នុងប្រទេស​នោះទេ​។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖
 
«​ពេលខ្លះ អ្នក​នៅក្រៅ​ប្រទេស​មិន​យល់​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​ទេ ហើយ​ប្រហែលជា​មិន​យល់​អំពី​បទឧក្រិដ្ឋ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បទឧក្រិដ្ឋ​កើតឡើង និង​ផលប៉ះពាល់​មកលើ​ប្រជាពលរដ្ឋ​របស់​យើង​នោះ​ទ‍េ​។ ពេលខ្លះ ពួកគេ​ផ្ដោត​តែ​លើ​សិទ្ធិ​របស់​ស្ត្រី ប៉ុន្តែ​ពួកគេ​មិន​ផ្ដោតទៅលើ​សិទ្ធិ​របស់​កុមារ​នោះ​ទ‍េ​»​។​
 
​លោកស្រី​មានប្រសាសន៍ថា ស្ដ្រី​ពពោះ​ជំនួស​គេ​ទាំងអស់​ដែល​ត្រូវបាន​ចាប់ខ្លួន ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ ប៉ុន្តែ​ពួកគេ​នៅ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​ដោយ​មិនមាន​កាលកំណត់​។​
 
​លោកស្រី ប៊ុន​អេង បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​លើកយក​មក​ពិភាក្សា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ដើមឆ្នាំ​២០២០​។ ក្រៅពី​ដាក់​ឲ្យ​ការ​ពពោះ​ជំនួស ជា​រឿង​ខុសច្បាប់​កាលពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ក៏បាន​ធ្វើ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​ដាក់​កំណត់​ពី​ការដាក់ពិន័យ​និង​បង្កើត​បទបញ្ញត្តិ​នៅក្នុង​ឯកសារ​ច្បាប់​ដាច់ដោយឡែក​មួយ​ផងដែរ​។ 
 
​គណៈកម្មាធិការ CEDAW បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​ធានាថា ច្បាប់​ថ្មី​នេះ​នឹង​«​មិន​ដាក់ទោស​ឧក្រិដ្ឋ​ឬ​ការពិន័យ​ផ្នែក​រដ្ឋបាល​ណាមួយ​ទៅលើ​ស្ត្រី​ដែល​ពពោះ​ជំនួស​នោះទេ​។ បន្ថែម​ពីលើ​នេះ​ទៀត ច្បាប់​គួរតែ​«​យកចិត្តទុកដាក់​ទៅលើ​វិសមភាព​នៃ​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការ​ពពោះ​ជំនួស​ន‍េះ​»​។​
 
​លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​សិទ្ធិមនុស្ស បាន​ពន្យល់ថា ស្ត្រី​ជាច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​ពពោះ​ជំនួស​គេ​។​
 
​អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅក្នុង​អ៊ីមែល​មួយ​ផ្ញើមក​កាន់ VOA ថា​៖
 
«​ស្ត្រី​ដែល​ពពោះ​ជំនួស​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជួបនឹង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​ពពោះ​ជំ​នួ​ស‍​​។ យើង​បានឃើញ​រយៈពេល​មួយឆ្នាំ​មកនេះ ស្ត្រី​ដែល​ពពោះ​ជំនួស​ត្រូវបាន​ប៉ូលិស​វាយឆ្មក់​ចាប់ខ្លួន ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស និង​ត្រូវបាន​ឃុំខ្លួន​ដោយ​គ្មាន​តម្លាភាព​ពី​អាជ្ញាធរ មិនមាន​ការគិតគូរ​ពី​សុខុមាលភាព​របស់​ពួកគេ ឬ​ទារក​ដែល​ពួកគេ​បង្កើត​នោះ​ទ‍េ​»​។ 
 
​លោកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា បានលើកឡើង​ពី​ការព្រួយបារម្ភ​ស្រដៀង​គ្នា​នេះ​។ លោកស្រី​បាន​ថ្លែងថា ថ្វីត្បិតតែ​យើង​មានការ​ព្រួយបារម្ភ​អំពី​សីលធម៌​និង​វប្បធម៌​ក៏ពិតមែន ក៏ប៉ុន្តែ​ស្ត្រី​ដែល​ពពោះ​ជំនួស​មិនគួរ​ត្រូវ​ជាប់ពន្ធនាគារ​នោះទេ​។​
 
​លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖
 
«​សម្រាប់​ខ្ញុំ ស្ត្រី​ទាំងអស់នោះ​មិនមែនជា​ឧក្រិដ្ឋជន​នោះទេ​។ ពួកគេ​គ្រាន់តែ​ជា​ជនរងគ្រោះ​ប៉ុ​ណ្ណ‍ោះ​»​។​
 
​លោកស្រី រស់ សុភាព បាន​និយាយទៀតថា ជាជាង​បង្ខំ​ស្ត្រី​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​រួចទៅហើយ​ឲ្យ​ចិញ្ចឹម​បីបាច់​កូន​នោះ រដ្ឋាភិបាល​គួរតែ​ធានា​ដល់​សុខុមាលភាព​របស់​កុមារ​។​
 
​លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖
 
«​ស្ត្រី​ពពោះ​ជំនួស​ទាំងនោះ​មិនមាន​លទ្ធភាព​ដើម្បី​ចិញ្ចឹម​កូនៗ​ទាំង​នោះទេ​។ រដ្ឋាភិបាល​គួរតែមាន​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ន‍េះ​»​។ 
 
​ក៏ប៉ុន្តែ​លោកស្រី ប៊ុន​អេង បាន​ថ្លែងថា ចាប់តាំងពី​ការចាត់ទុក​ការ​ពពោះ​ជំនួស​ជា​រឿង​ខុសច្បាប់​មក ស្ត្រី​ទាំងឡាយ​ដឹង​យ៉ាងច្បាស់​ថា ពួកគេ​កំពុងតែ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com