អន្តរជាតិ
អាមេរិក អាចបន្ថយទំហំសមយុទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីចំហទ្វារចរចាជាមួយកូរ៉េខាងជើង
× រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ នៅថ្ងៃទី១៤ ខែវិច្ឆិកា លើកឡើងពីលទ្ធភាពដែលអាមេរិកអាចបន្ថយទំហំសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង សំដៅរក្សាទ្វារចរចាជាមួយកូរ៉េខាងជើងឲ្យបន្តចំហដដែល។ រឿងសមយុទ្ធនេះ ក្លាយជាកូនអុករបស់កូរ៉េខាងជើងដើម្បីគំរាមអាមេរិក។
នៅលើយន្តហោះក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល ប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ ប្រាប់អ្នកសារព័ត៌មានដែលជិះយន្តហោះតាមលោក ថា អាមេរិក អាចកែប្រែលំហាត់យោធាជាមួយកូរ៉េខាងត្បូង បើវាអាចជួយដល់ការចរចាផ្នែកការទូតដើម្បីឈានទៅដល់ការរំសាយនុយក្លេអ៊ែរ។ យ៉ាងណាមិញ លោក អេស្ពើ អះអាងថា ការកាត់បន្ថយទំហំសមយុទ្ធណាមួយ មិនមែនជាការផ្ដល់សម្បទានឲ្យកូរ៉េខាងជើងឡើយ។
ខណៈការចរចាជាប់គាំងច្រើនសប្ដាហ៍មកនេះ កូរ៉េខាងជើង តែងតែរិះគន់អាមេរិកដែលមិនព្រមបញ្ចេញយុទ្ធសាស្ត្រចរចាថ្មី ទោះជាខ្លួនផ្ដល់ឱកាសត្រឹមឆ្នាំ២០១៩ នេះក្ដី។ មិនតិចលើកឡើយ ក្រុងព្យុងយ៉ាង ក៏បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងដែលខ្លួនចាត់ទុកជាការហ្វឹកហាត់ដើម្បីឈ្លានពាន។ ក្រុងព្យុងយ៉ាង បានយកសមយុទ្ធនេះជាលក្ខខណ្ឌដើម្បីចងការចរចារឿងរំសាយនុយក្លេអ៊ែរ។
«យើងនឹងផ្លាស់ប្ដូរលំហាត់របស់យើង ទោះតិច ឬច្រើន អាស្រ័យថា ការទូតត្រូវការអ្វី។» នេះជាការបញ្ជាក់របស់លោក អេស្ពើ ដោយចង់សំដៅសមយុទ្ធរួមគ្នារវាងយោធាអាមេរិក និងកូរ៉េខាងត្បូង។ លោកបន្តថា យើងត្រូវតែបើកចំហសម្រាប់គ្រប់លទ្ធភាពទាំងអស់ ធ្វើយ៉ាងណាឲ្យដំណើរការការទូតជាមួយកូរ៉េខាងជើងធ្វើដោយរលូន សំដៅឈានទៅដល់ការដោះស្រាយបញ្ហាដែលបានដាក់លើតុចរចា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
នៅខែក្រោយ អាមេរិក និងកូរ៉េខាងត្បូង នឹងរៀបចំលំហាត់ផ្លូវអាកាសមួយទៀត។ សមយុទ្ធលើកនេះ ជាការកាត់បន្ថយទំហំពីសមយុទ្ធឆ្នាំ២០១៨ ពេលដែលការចរចាកំពុងស្ថិតលើផ្លូវល្អប្រសើរនោះ។ ទោះជាអាមេរិក និងកូរ៉េខាងត្បូងបង្រួមទំហំសមយុទ្ធក្ដី កូរ៉េខាងជើងនៅតែមិនពេញចិត្ត ហើយព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសមយុទ្ធនៅតែត្រូវបានរៀបចំ។
ពាក់ព័ន្ធលទ្ធភាពកាត់បន្ថយទំហំសមយុទ្ធនេះ លោក អេស្ពើ ក៏មិនភ្លេចជជែកជាមួយកូរ៉េខាងត្បូងដែរ។ លោកអះអាងថា អាមេរិក ចង់ធ្វើអ្វីមួយដោយមានការសហការជាមួយដៃគូកូរ៉េខាងត្បូង មិនមែនជាការធ្វើសម្បទានឲ្យកូរ៉េខាងជើងអ្វីទេ ពោល គឺដើម្បីចំហទ្វារចរចា៕
Tag:
អាមេរិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com