កីឡាជាតិ
ជាតិ
U-19 កម្ពុជា​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់​៤​លាន​រៀល ក្រោយ​ធ្វើ​បានល្អ​នៅ​វគ្គ​ជម្រុះ AFC U-19
14, Nov 2019 , 11:43 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
រូបភាពពីផេកហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ក្នុង​ម្នាក់​៤​លាន​រៀល​ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) លោក​សៅ សុខា​។ ការផ្តល់ប្រាក់​រង្វាន់​នេះ បន្ទាប់ពី U19 កម្ពុជា បានបង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ជម្រុះ AFC U-19 Championship 2020 ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល G​។ នេះបើតាម​ការប្រកាស​របស់ FFC តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ ដោយបង្ហាញការចំណាយសរុបជាទឹកប្រាក់ចំនួន ១២៨លានរៀល​។​



អត្ថបទទាក់ទង
U19 កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​ពូ​ល G ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ម៉ាឡេស៊ី ដែល​ឈ្នះ​ទាំង​៤​ប្រកួត ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​។ ដោយសារ​ពូ​ល G មាន​៥​ក្រុម លទ្ធផល​នៃ​ជំនួប​ជាមួយ​កោះ​ម៉ា​រី​យ៉ាណា ដែលជា​ក្រុម​បាត​តារាង មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ សម្រាប់​ការប្រៀបធៀប​ក្រុម​លេខ​២​ល្អ​បំផុត​ជាមួយ​១០​ពូ​ល​ទៀត​។​
 
​ការប្រកួត​ចំនួន​៤​លើក​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នៅក្នុង​ពូ​ល G គឺ​ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​កោះ​ម៉ា​រី​យ៉ាណា ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។ រីឯ​ការប្រៀបធៀប​ចំណាត់ថ្នាក់​លេខ​២​វិញ គឺ​កម្ពុជា មាន​៦​ពិន្ទុ (+៣) ផ្អែកលើ​លទ្ធផល​ឈ្នះ​ថៃ ព្រុយ​ណេ និង​ចាញ់​ម៉ាឡេស៊ី​។​
 
​ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ចំនួន​៤៦​ចូលរួម ដោយ​ចែកជា​១១​ពូ​ល​។ លេខ​១​នៃ​ពូ​ល​នីមួយៗ ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ជាមួយ​ម្ចាស់ផ្ទះ អ៊ូ​ស​បេ​គី​ស្ថាន ដែល​ត្រូវ​រៀបចំ​ការប្រកួត​នៅ​ឆ្នាំ​២០២០​រួមជាមួយ​ក្រុម​លេខ​២​ល្អ​ជាង​ចំនួន​៤​ក្រុម​ទៀត​។ ក្នុងករណី អ៊ូ​ស​បេ​គី​ស្ថាន​ឡើងទៅ​វគ្គ​បន្ត​ដោយសារ​ការប្រកួត​ជម្រុះ​នេះ ក្រុម​លេខ​២​ល្អ នឹង​ឡើងដល់​ទៅ​ចំនួន​៥​ក្រុម​។​
 
​ឡាវ វៀតណាម យេ​ម៉ែន និង​អ៊ូ​ស​បេ​គី​ស្ថាន ជា​ក្រុម​លេខ​២​ល្អ​បំផុត​ដែល​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត រីឯ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៥​ជា​បណ្តោះអាសន្ន ដោយ​រង់​ចាំមើល​លទ្ធផល​នៃ​ការប្រកួត​នៅក្នុង​ពូ​ល A ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីកន្លែង​ប្រកួត​ពី​អ៊ីរ៉ាក់ ទៅ​អូ​ម៉​ង់​។ ដំបូង​ឡើយ អ៊ីរ៉ាក់​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​តាម​កម្មវិធី​ប្រកួត​ដូច​ពូ​ល​ដទៃ ប៉ុន្តែ​ក្រោយ​ចលនា​បាតុកម្ម​នយោបាយ​នៅ​អ៊ីរ៉ាក់ ការប្រកួត​ត្រូវបាន​ប្តូរ​ទៅកាន់​ទឹកដី អូ​ម៉​ង់​វិញ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​
 
​ក្រុម​នៅក្នុង​ពូ​ល A រួមមាន អ៊ីរ៉ាក់ អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន គូ​វ៉ែត និង​ប៉ា​គី​ស្ថាន​។ ក្រុម​លេខ​១ នឹង​ឡើងទៅ​វគ្គ​បន្ត ខណៈ​ក្រុម​លេខ​២ នឹងត្រូវ​យកទៅ​ប្រៀបធៀប​ជាមួយ​កម្ពុជា​។ ដោយសារ​ពូ​ល​នេះ មាន​៥​ក្រុម ដូច្នេះ​លទ្ធផល​ជាមួយ​ក្រុម​បាត​តារាង នឹងមិន​ត្រូវ​រាប់បញ្ចូល​ឡើយ​សម្រាប់​តំណែង​ក្រុម​លេខ​២​ល្អ​បំផុត​។​
 
​ក្រុម​ដែល​ឡើងទៅ​រង់ចាំ​នៅ​ជុំ​ចុងក្រោយ​រួមមាន ក្រុម​លេខ​១​ក្នុង​ពូ​ល​នីមួយៗ ដូចជា កាតា (​ពូ​ល B), តា​ហ្ស៊ី​គី​ស្ថាន (​ពូ​ល C), អ៊ីរ៉ង់ (​ពូ​ល D), បា​រ៉ែ​ន (​ពូ​ល E), អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល F), ម៉ាឡេស៊ី (​ពូ​ល G), អូស្ត្រាលី (​ពូ​ល H), កូរ៉េខាងត្បូង (​ពូ​ល I), ជប៉ុន (​ពូ​ល J), ឥណ្ឌូណេស៊ី (​ពូ​ល K)​។ ឡាវ វៀតណាម យ៉េ​មែន និង​អ៊ូ​ស​បេ​គី​ស្ថាន ជា​ក្រុម​លេខ​២​ល្អ​បំផុត​។ ដោយសារ​អ៊ូ​ស​បេ​គី​ស្ថាន​ដែលជា​ម្ចាស់ផ្ទះ​ស្ថិតក្នុង​ចំណោម​ក្រុម​លេខ​ល្អ ទើប​ចំនួន​ក្រុម​ត្រូវ​តម្លើង​ទៅ​ចំនួន​៥ ហើយ​លំដាប់​ទី​៥​កំពុង​គ្រប់គ្រង​ដោយ​កម្ពុជា ជាមួយនឹង​៦​ពិន្ទុ (+៣)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com