បន្ទាយស្រី,សៀមរាប៖ «ទោះរស់នៅតំបន់ព្រៃឈើ ពួកគាត់ក៏ត្រូវការចំណេះដឹង ទើបខ្ញុំមិនដាច់ចិត្តផ្ទេរចេញ ថ្វីបើជួបបញ្ហាច្រើនក្តី»។ នេះជាការលើកឡើងរបស់លោក គាម អំណត់ នាយកសាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែន។ លោក គាម អំណត់ បានក្លាយជាគ្រូបង្រៀន និងជានាយកសាលានៅសាលាបឋមសិក្សាភូមិសង្កែឡាក់រយៈពេល ៥ឆ្នាំមកហើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អំណត់ លើកឡើងថា៖ «ដោយក្តីអាណិតក្មេងៗនៅទីនេះ ព្រមទាំងការឲ្យតម្លៃពីសហគមន៍ផងនោះ ទើបជាកម្លាំងចិត្តជំរុញឲ្យខ្ញុំបន្តគ្រប់គ្រង និងបង្រៀននៅទីនេះ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា សាម ស្រីណុច អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក គាម អំណត់ នាយកសាលាបឋមសិក្សាភូមិសង្កែឡាក់ នៅលើខ្នងភ្នំគូលែនដូចតទៅ៖
ទឹកចិត្តគ្រូបង្រៀន ប្រៀបបានដូចជាម្តាយឪពុកទីពីរ ចង់ឲ្យតែសិស្សមានចំណេះដឹង និងមានអនាគតល្អ។ ទោះបីជាត្រូវគ្រប់គ្រង ឬបង្រៀននៅតំបន់ដាច់ស្រយាល និងជួបបញ្ហាជាច្រើនក្តី ក៏លោក គាម អំណត់ នាយកសាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែន មិនដាច់ចិត្តផ្ទេរចេញទៅសាលាផ្សេងឡើយ។
មានស្រុកកំណើតនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប លោក គាម អំណត់ បានសម្រេចចិត្តមកធ្វើជាគ្រូបង្រៀនផង និងជានាយកសាលាផង នៅលើខ្នងភ្នំគូលែន ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីក្រុងសៀមរាប។ នាយកសាលារូបនេះ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ និងជាប់ក្របខណ្ឌជាគ្រូបង្រៀន។
មានទឹកមុខរីករាយ ប្រកបដោយក្តីសង្ឃឹមផងនោះ លោក គាម អំណត់ បានរៀបរាប់ថា៖ «ខ្ញុំស្រណោះ និងអាណិតស្រឡាញ់សិស្សានុសិស្សនៅទីនេះ។ ខ្ញុំចង់ឲ្យពួកគាត់មានចំណេះដឹងដូចគេឯង យ៉ាងហោចណាស់ក៏ត្រូវរៀនចប់ថ្នាក់ទី១២ដែរ។ ទោះមិនបានធ្វើការងារធំដុំ ក៏បានត្រឹមធ្វើគ្រូ មកបង្រៀនក្មេងនៅទីនេះវិញ»។ នាយកសាលាវ័យ២៥ឆ្នាំរូបនេះ បានឲ្យតម្លៃខ្ពស់ដល់ការសិក្សា ព្រមទាំងបង្រៀនដោយយកចិត្តទុកដាក់ ផ្តោតលើចំណេះដឹង សីលធម៌ល្អ និងអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃជាដើម។ លោក អំណត់ រីករាយនៅពេលឃើញសិស្សរីកចម្រើន។
រយៈពេល៥ឆ្នាំដែលមកបំពេញការងារនៅទីនេះ លោក អំណត់ បានជួយសិស្សទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ឆ្លងឆ្លើយជាមួយសារព័ត៌មានថ្មីៗ នាសាលាបឋមសិក្សាភូមិសង្កែឡាក់ លោក អំណត់ បញ្ជាក់ថា៖ «ខ្ញុំបានស្វែងរកដៃគូសហការ ដើម្បីផ្តល់ជំនួយដល់សាលារៀន។ ហើយសិស្សដែលខ្វះខាតខ្លាំង ខ្ញុំក៏បានទាក់ទងសប្បុរសជនសុំជំនួយ ដើម្បីឲ្យសិស្សបានរៀនបន្តដល់អនុវិទ្យាល័យ និងវិទ្យាល័យ»។
បច្ចុប្បន្ន សាលាបឋមសិក្សាភូមិសង្កែឡាក់ មានអគារសិក្សាមួយខ្នង និងបន្ទប់សិក្សាចំនួនពីរ ដោយមានគ្រូបង្រៀនចំនួន៥នាក់។ ក្រៅពីស្ថិតក្នុងតំបន់ដាច់ស្រយាល សាលារៀននេះ ត្រូវធ្វើដំណើរតាមផ្លូវដ៏លំបាក។ ដោយក្តីស្រឡាញ់ និងចង់ឲ្យក្មេងៗនៅតំបន់ភ្នំគូលែនមានចំណេះដឹង ព្រមទាំងមានការឲ្យតម្លៃពីប្រជាសហគម៍ ទើបធ្វើឲ្យលោក អំណត់ នៅតែតស៊ូបង្រៀន និងគ្រប់គ្រងនៅទីនេះ។
សូមបញ្ជាក់ថា សាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែន ក៏បានបង្ហាត់បង្រៀនសិស្សឲ្យចេះបណ្ដុះកូនឈើប្រណិត និងឈើជិតផុតពូជ ដើម្បីដាំបន្ថែមនៅលើភ្នំគូលែន ដែលគាំទ្រដោយក្រុមហ៊ុន Kulara Water៕