ជាតិ
សេដ្ឋកិច្ច
រោងចក្រ​ស៊ីម៉ងត៍​តម្លៃ​១១០​លាន​របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ត្រូវបាន​សម្ពោធ​
14, Nov 2019 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​មួយទៀត ដែល​ត្រូវបាន​សម្ពោធ​ឲ្យ​ដំណើរការ​នៅក្នុង​ខេត្តកំពត​។ នេះ​ជា​រោងចក្រ​របស់​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង ។​


 
​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​នេះ បាន​សម្ពោធ​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ លើ​ផ្ទៃដី​អាជីវកម្ម​សរុប​ជាង ៦៧០​ហិកតា ក្នុង​ទីតាំង​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។ បើតាម​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រោងចក្រ​នេះ​ត្រូវបាន​បោះទុន ១១០​លាន​ដុល្លារ និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ ២៥០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត​១​លាន​តោន​ក្នុង​មួយឆ្នាំ​។ 
 
​លោក ស៊ុយ សែម អះអាងថា មកទល់​បច្ចុប្បន្ននេះ​កម្ពុ​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំងអស់​ចំនួន​៥ (៤​កន្លែង​នៅ​ខេត្តកំពត និង​១​កន្លែង​នៅ​បាត់ដំបង​) ដោយមាន​ទុនវិនិយោគ​សរុប ៨០០​លាន​ដុល្លារ និង​អាច​ផលិត​ស៊ីម៉ងត៍​ប្រមាណ​៨​លាន​តោន​ក្នុង​មួយឆ្នាំ​។ លោក​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ខាងលើ​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក​ក្នុង​ឆ្នាំ​២០១៧-២០១៨ យើង​សម្រេចបាន​ការផ្គត់ផ្គង់​ស៊ីម៉ងត៍​ក្នុងស្រុក​តាម​សេចក្ដីត្រូវការ​ទាំងស្រុង ប៉ុន្តែ​ដោយសារ​កំណើន​សាងសង់​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​កើនឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​២០១៨-២០១៩ ចុងក្រោយ​នេះ ការផលិត​ស៊ីម៉ងត៍​ក្នុងស្រុក​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ធ្វើ​ឲ្យ​នាំចូល​តិចតួច​ដើម្បី​បង្គ្រប់​»​។​


 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​នេះ មានប្រសាសន៍ថា ការបង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក​ជា​បន្តបន្ទាប់ បាន​ជួយ​ឲ្យ​កម្ពុជា​អាច​ផ្គត់ផ្គង់​តម្រូវ​ស៊ីម៉ងត៍​ដោយ​ខ្លួនឯង ជំនួស​ឲ្យ​ការនាំ​ចូល​។ សម្ដេច​ថ្លែង​ដូច្នេះ​ថា​៖«​សមត្ថភាព​ផលិត​រោងចក្រ​ស៊ីម៉ងត៍​របស់​យើង​នៅពេលនេះ​មាន​ប្រមាណ​៨​លាន​តោន ដែល​ក្នុងនោះ​ក៏បាន​ចំណេញ​ថវិកា​៥០០​លាន​ដុល្លារ ដែល​យើង​មិន​យកទៅ​ទិញ​ពី​បរទេស​នោះទេ​។ នោះ​ហើយ​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដើម្បី​ផលិត​អ្វីដែល​យើង​អាច​ផលិត​បាន ជំនួស​ឲ្យ​ការនាំ​ចូល​ពី​បរទេស និង​អាច​ឈានដល់​នាំ​ចេញទៅ​ក្រៅប្រទេស​»​។​
 
​តែ​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ថ្លែងថា កម្ពុជា​មិនសូវ​សម្បូរ​វត្ថុធាតុដើម​សម្រាប់​ផលិត​ស៊ីម៉ងត៍​នោះទេ​។ សម្ដេច​ឲ្យ​ដឹង​ដូចនេះ​ថា​៖«​ក៏ប៉ុន្តែ​ក្នុងប្រទេស​របស់​យើង ដ្បិតថា​មាន​ភ្នំ​ច្រើនណាស់ តែ​នៅ​ខ្វះ​វត្ថុធាតុដើម​ដែល​អាច​ផលិត​ជា​ស៊ីម៉ងត៍​បាន​។ នៅក្នុង​២៥​រាជធានី​ខេត្ត គឺមាន​តែ​នៅ​ខេត្ត​បី​ប៉ុណ្ណោះ គឺ​នៅ​ខេត្តកំពត បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​តិច​តួច​ទេ​»៕



Tag:
 ស៊ីម៉ងត៍​
  ថៃ ប៊ុន​រ៉ុង​
© រក្សាសិទ្ធិដោយ thmeythmey.com