ជាតិ
គ្រូពេទ្យ​នៅ​រតនគិរី ត្រូវ​ផ្អាក​ការងារ ដោយសារទាស់សម្តីជាមួយស្តី្រម្នាក់​
14, Nov 2019 , 3:52 pm        
រូបភាព
សកម្មភាពលោក ចាន់ សុខជា ដើរទៅកាន់អ្នកស្រី អាន មីនា ដើម្បីហាមកុំឲ្យថតលោក
សកម្មភាពលោក ចាន់ សុខជា ដើរទៅកាន់អ្នកស្រី អាន មីនា ដើម្បីហាមកុំឲ្យថតលោក
​ភ្នំពេញ​៖ លោក ហ៊ឹង​ផាន សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​ខេត្តរតនគិរី បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន ចំពោះ​មន្ត្រី​សុខាភិបាល​របស់ខ្លួន​ម្នាក់ ឈ្មោះ ចាន់ សុខ​ជា ដែល​បម្រើ​ការងារ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដោយ​ប្តូរ​ឲ្យ​ទៅ​បម្រើ​ការងារ នៅ​ផ្នែក​រដ្ឋបាល​ហិរញ្ញវត្ថុ​វិញ​។


 
​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ទាស់​ពាក្យសម្ដី​គ្នា​រវាង​លោក ចាន់ សុខ​ជា ជាមួយ​ស្ត្រី​ម្នាក់ ឈ្មោះ អាន មីនា​។ ក្រោយ​ទាស់សម្តី​គ្នា អ្នកស្រី អាន មីនា បាន​ថត​លោក ចាន់ សុខ​ជា ជា​វីដេអូ ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​អ្នកស្រី និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​នោះ​ថា លោក ចាន់ សុខ​ជា ប្រើពាក្យ «​យី​មីនេះ​» ទៅកាន់​អ្នកស្រី​។ 
 
​ក្រោយ​កើតហេតុ ប្រធាន​មន្ទីរពេទ្យ​ខេត្តរតនគិរី បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពេទ្យ​១២​នាក់ ដោយមាន​ទាំង​លោក ចាន់ សុខ​ជា ជា​សាមីខ្លួន​ផងដែរ​។ យោងតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ដែល​ត្រូ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន លោក ចាន់ សុខ​ជា បានរៀបរាប់ថា អ្នកស្រី អាន មីនា បានរៀបចំ​នាំ​កូនស្រី​អាយុ​ទើប​៧​ខែ ចេញពី​មន្ទីរពេទ្យ​ខេត្តរតនគិរី ទៅ​សម្រាក​នៅ​មន្ទីរ​ពេ​ទ​ផ្សេង ហើយ​ពេលនោះ អ្នកស្រី បាន​តឿន​ឲ្យ​លោក ជួយ​បំពេញបែបបទ​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​អ្នកស្រី បាន​ឆាប់​ចេញ​ ស្របពេលដែលមានមនុស្សកំពុងរង់ចាំច្រើន។ 
 
​ដោយសារតែគ្រូពេទ្យ មិនអាចបំពេញបែបបទឯកសារឱ្យលោកស្រី អាន មីនា មុនគេតាមបំណងនោះ ទើបធ្វើឱ្យស្ត្រីរូបនេះ ខឹងក្រោធនិងប្រើពាក្យអសុរោះមកលើគ្រូពេទ្យ ហើយយកទូរសព្ទមកថតគ្រូពេទ្យនៅទីនោះ។ ឃើញសកម្មភាពរបស់អ្នកស្រី អាន មីនា បែបនេះ ទើបលោក ចាន់ សុខ​ជា ស្ទុះចេញពីបន្ទប់ទៅឆក់យកទូរសព្ទពីដៃអ្នកស្រី មីនា ដើម្បីបញ្ឈប់សកម្មភាពថតរូបនៅក្នុងមន្ទីរពេទ្យ ។ ប៉ុន្តែសកម្មភាពរបស់គ្រូពេទ្យ ចាន់ សុខជា ក៏ខុសលក្ខខណ្ឌវិន័យរបស់គ្រូពេទ្យដែរ។

«តាមរយៈការពិភាក្សាយ៉ាងល្អិតល្អន់នៅក្នុងអង្គប្រជុំ អង្គប្រជុំបានមូលមតិសន្និដ្ឋានថា លោក ចាន់ សុខជ មិនបានជម្រាបពីគោលបំណង មុននឹងអនុវត្តលើអតិថិជន ដូចជាការស្នើសុំដកទូរសព្ទដៃឈប់ឱ្យថត»។ នេះជាការសម្រេចរបស់អង្គប្រជុំនៃមន្ទីរពេទ្យ​ខេត្តរតនគិរី៕

Tag:
 ពេទ្យ​
  ពាក្យ​អសុរោះ
© រក្សាសិទ្ធិដោយ thmeythmey.com