អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក លុប​គណនី​ក្លែងក្លាយ​ចំនួន​៥,៤​ពាន់​លាន​ឈ្មោះ
14, Nov 2019 , 8:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ពុធ ១៣ វិច្ឆិកា បានប្រកាសថា ខ្លួន​បាន​លុបចោល​គណនី (account) ក្លែងក្លាយ​ប្រមាណ ៥,៤​ពាន់​លាន​ឈ្មោះ ក្នុងឆ្នាំនេះ ។ ចំណាត់ការ​នេះ ស្តែងចេញ​នូវ​សញ្ញាណ​មួយ​នៃ​ការប្រយុទ្ធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​។

 
​នៅ​ចំពោះមុខ​កំណើន​នៃ​ការបង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលដៅ​ឆបោក ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានប្រកាសថា ខ្លួន​បាន​ប្រឹងប្រែង​ចាត់វិធានការ​ការពារ ហើយ​ពេលខ្លះ​ថែមទាំង​បាន​លុបចោល​គណនី​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ​ក្រោយ​វា​ត្រូវបាន​បង្កើតឡើង​ទៀតផង​។​
 
«​យើង​បាន​ពង្រឹងសមត្ថភាព​យើង​ក្នុងការ​តាម​ចាប់ និង​រារាំង​ការប៉ុនប៉ង់​បង្កើត​គណនី​ក្លែងក្លាយ និង​មាន​ចេតនា​ហិង្សា​»​។ ក្រុមហ៊ុន​អ៊ី​ត​ធឺ​ណិ​តយ​ក្ស​អាមេរិក​នេះ បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​តម្លាភាព​ចុងក្រោយបង្អស់​របស់ខ្លួន ដោយ​បន្ថែមថា ក្រុមហ៊ុន អាច​ប៉ាន់​ស្មានថា ជា​រៀងរាល់ថ្ងៃ ហ្វេ​ស​ប៊ុ​ក បង្ការ​មនុស្ស​រាល់​លាន​នាក់​ក្នុងការ​ប៉ុនប៉ង់​បង្កើត​គណនី​ក្លែងក្លាយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តាម​ចាប់​ទាំងនោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ជឿជាក់ថា គណនី​ក្លែងក្លាយ ដែល​មនុស្ស​ក្លែងបន្លំ​ធ្វើជា​មនុស្ស​ឬ​ស្ថាប័ន​នានា​ដែល​មិនមាន​ផង​នោះ  ស្មើនឹង​៥​ភាគរយ​ឯណោះ​នៃ​អ្នកប្រើប្រាស់ (active) នៅ​ទូទៅ​ពិភពលោក អំឡុង​ត្រីមាស​ទី​២ និង​ទី​៣​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ក្នុងការ​ស្វះ​ស្វែងរក និង​លុបចោល​គណនី​ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ពង្វក់​មនុស្ស​ដែល​ជឿ​តាមរបៀប​វារៈ​សង្គម និង​នយោបាយ​។ ទាក់ទិន​នឹង​រឿងនេះ របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ដែរ​ថា រដ្ឋាភិបាល​បរទេស​ជាច្រើន បានទាមទារ​សុំ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​ដែលជា​តួលេខ​ខ្ពស់​ថ្មី​មួយ ហើយ​ប្រទេស​សុំ​ច្រើនជាងគេ​នោះ​គឺ សហរដ្ឋអាមេរិក​។ 
 
​ជារួម​ទៅ សំណើ​ដែល​រដ្ឋាភិបាល​បរទេស​ដាក់​ស្នើ​ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​សម្រាប់​ទិន្នន័យ​អ្នកប្រើប្រាស់ បាន​កើនឡើង​១៦​ភាគរយ ស្មើនឹង ១២៨ ៦១៨ ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៩​។ របាយការណ៍​ដដែល បញ្ជាក់ថា​៖«​ក្នុងចំណោម​តួលេខ​សរុប សហរដ្ឋអាមេរិក បន្ត​បញ្ជូន​សំណើ​ក្នុង​ចំនួន​ច្រើន​បំផុត តាម​ពីក្រោយ​ដោយ​ឥណ្ឌា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​»​។ 
 
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានទទួល​សំណើ​ចំនួន​៥០៧៤១​ពី​រដ្ឋាភិបាល​អាមេរិក​សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ចំនួន ៨២៤៦១ ដោយ​ប្រមាណ​២​ភាគ​៣ នៃ​សំណើ​ទាំងនោះ​គឺធ្វើឡើង​ដោយ​ហាមឃាត់​មិន​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អំពី​រឿងនេះ​ឡើយ​។ បើតាម AFP លោក Chris Sonderby អនុប្រធាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក អះអាងថា​៖«​យើង​តែងតាំង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រាល់​សំណើ​របស់​រដ្ឋាភិបាល​ដែល​យើង​ទទួលបាន​សម្រាប់​ទិន្នន័យ​គណនី​អ្នកប្រើប្រាស់​ដើម្បី​ធានាថា វា​គឺ​ពិតជា​ត្រឹមត្រូវ​តាមច្បាប់​»៕

Tag:
 ​ហ្វេ​ស​ប៊ុ​ក​
  គណនី​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com