ពីនេះ ពីនោះ
ពលរដ្ឋ​ប្រើពាក្យ​«​ដែល​»​និង​«​ដែរ​»​មិនទាន់​ដាច់ដោយឡែក​ពីគ្នា​ឡើយ​!
15, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ជួន ណាត បានកំណត់​ក្នុង​វចនានុក្រម​ខ្មែរ​ហើយ​ថា ពាក្យ «​ដែល​»​និង​«​ដែរ​»​គឺ​សម្រាប់​ប្រើ​ខុសគ្នា​។ តែ​ជាទូទៅ ពលរដ្ឋ​តែងតែមាន​កំហុស​ក្នុងការ​ប្រើប្រាស់​រវាង​ពាក្យ​ទាំងពីរ​នេះ​។



ពេលខ្លះ​ប្រើ​ជា​ពាក្យ​«​ដែល​»​មក​ប្រើ​ជា​ពាក្យ​«​ដែរ​»​វិញ ហើយ​ពេលខ្លះ​ប្រើ​ជា​ពាក្យ​«​ដែរ​»​មកជា​ពាក្យ​«​ដែល​»​វិញ​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​និយមន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖
 
​ពាក្យ​«​ដែល​» គឺជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​នាមសព្ទ​។ ឧទាហរណ៍ ការដែល​ខ្ញុំ​ធ្វើ​, ពាក្យ​ដែល​គេ​និយាយ​,​ដំណឹង​ដែល​ខ្ញុំ​ឮ​, សាលារៀន​ដែល​រាជការ​ចំណាយ​ប្រាក់​ឲ្យ​សង​។​ល​។​
 
​ប៉ុន្តែ​បើជា​នាមសព្ទ ពាក្យ​«​ដែល​» មានន័យថា សំណល់​, របស់​ដែល​សល់​ឬ​ដែល​គេ​ប្រើប្រាស់​ហើយ​។ ឧទាហរណ៍ ស៊ី​បាយ​ដែល​គេ​, ស្លៀកសំពត់​ដែល​គេ​។ ទោះជា​យ៉ាងណា​ក្នុងន័យ​ទី​ពីរ​នេះ មិនមាន​កំហុស​អ្វីដែល​នាំ​ជា​បញ្ហា​នោះទេ​។ ព្រោះ​បើ​និយាយ​ទៅដល់​អ្វីដែល​សល់​ពី​គេ​, ប្រើប្រាស់​របស់​បន្ទាប់ពី​អ្នកណាម្នាក់​គឺ​គេ​ដឹង​យ៉ាងច្បាស់​ថា មិនអាច​ប្រើពាក្យ​«​ដែរ​»​បានទេ​។​
 
​ដោយឡែក ចំពោះ​ពាក្យ​«​ដែរ​»​វិញ គឺ​មានន័យថា ដូចគ្នា​, បាន​ដូចគ្នា​, ផង​។ ឧទាហរណ៍​ដូចជា​ពាក្យ​ថា ខ្ញុំ​ទៅ​ដែរ​, ដូច្នេះ​ក៏បាន​ដែរ​, អ្នក​ទៅ​ជាមួយនឹង​ខ្ញុំ​ដែរ​ឬ​? ល្អ​គ្រាន់បើ​ដែរ​។​ល​។​
 
​ជារួម​មក តាមរយៈ​អត្ថន័យ​ដែល​វចនានុក្រម​ខ្មែរ​បានកំណត់ សាធារណជន ត្រូវតែ​ចំណាំ​ថា ពាក្យ​«​ដែល​» គឺជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ​។ ចំណែក​ពាក្យ «​ដែរ​»​គឺជា​ពាក្យ​បង្ហាញ​ពីអ្វី​ដូចគ្នា ដើម្បី​សម្គាល់​ទៅ​ការបង្ហាញ​ពី​វត្ថុ គំនិត សកម្មភាព​ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com