ខេត្តព្រះសីហនុ៖ ថ្វីត្បិតតែអ្នកសារព័ត៌មាន មិនមែនជាអ្នកអនុវត្តលើគម្រោងអភិវឌ្ឍ ឬជាអ្នកដែលត្រូវដោះស្រាយបញ្ហាដោយផ្ទាល់ក៏ដោយ ប៉ុន្តែអត្ថបទ និងស្នាដៃសារព័ត៌មាន គឺជាចំណែកដ៏សំខាន់។ តំណាងរដ្ឋាភិបាល មន្ត្រីទូតអាមេរិក និងអ្នកជំនាញសារព័ត៌មានជាតិ-អន្តរជាតិ សុទ្ធតែបានអះអាងដូចគ្នា នាអំឡុងនៃសិក្ខាសាលាស្តីពី «សេរីភាពសារព័ត៌មាន៖ សារព័ត៌មានក្នុងការអភិវឌ្ឍ» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ ក្រោមជំនួយហិរញ្ញវត្ថុរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃទី៧ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមជាអ្នកសារព័ត៌មានមូលដ្ឋានប្រមាណ៤០នាក់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយពីការពិត ព័ត៌មានពិតប្រកបដោយប្រភពច្បាស់លាស់ ដែលជួយដល់ការយល់ដឹងរបស់សាធារណជន ជាពិសេសនៅ កម្ពុជាដែលសេដ្ឋកិច្ចមានការរីកចម្រើន មានការអភិវឌ្ឍ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយពីការពិតដល់ប្រជាពលរដ្ឋ និងពិភពលោកបានដឹង។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងយ៉ាងច្បាស់ថា ការអភិវឌ្ឍនៅលើពិភពលោកកើនឡើង និងកាន់តែមានភាពស្មុគ្រស្មាញ ដូច្នេះអ្នកសារព័ត៌មានមានតួនាទីកាន់តែសកម្មដើម្បីផ្តល់ព័ត៌មានពិតដល់សារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការទប់ស្កាត់ព័ត៌មានមិនពិត។
ជាមួយគ្នានេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងពីកំណើនតួលេខសមាគមសារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ពផ្សាយ ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន គេហទំព័រ និងទូរទស្សន៍អនឡាញ នៅកម្ពុជា ដែលបានចុះបញ្ជី។
ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានយ៉ាងដូច្នេះហើយ ទើប មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា៖ « ក្រសួងចូលរួមយ៉ាងខ្លាំងក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសារព័ត៌មាននៅកម្ពុជា តាមការសម្របសម្រួល ការរៀបចំលិខិតបទដ្ឋានគតិយុទ្ធ និងច្បាប់នានា ដើម្បីធានាបានសេរីភាពពេញលេញលើវិស័យសារព័ត៌មាន»។
ទាក់ទងស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ លោក Michael Newbill អនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សារព័ត៌មានប្រជាពលរដ្ឋ និងបណ្តាញព័ត៌មានឯករាជ្យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្យល់ និងបង្ហាញអំពីការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ខេត្តលើបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងនីតិរដ្ឋ។ ប្រសិនបើគ្មានអ្នកសារព័ត៌មានក្លាហានប្រាប់រឿងនេះទេនោះ ពិភពលោកក៏មិនអាចដឹងពីការប្រែប្រួលរបស់ក្រុងតំបន់ឆ្នេរនេះដែរ។
បើតាមលោក Newbill សារព័ត៌មាន មានទំនួលខុសត្រូវលើការផ្តល់ព័ត៌មានដល់សាធារណជនអំពីការអភិវឌ្ឍក្នុងតំបន់ និងថ្នាក់ជាតិ តាមរយៈការបង្ហាញការពិត។ «សារព័ត៌មានជាអ្នកឃ្លាំមើលឯករាជ្យរបស់សាធារណជន ដោយធានាមុខជំនួញ អង្គការ អ្នកនយោបាយ ក៏ដូចជារដ្ឋាភិបាល មានគណនេយ្យភាព។ ប្រសិនបើគ្មាន សារព័ត៌មានសេរី ពលរដ្ឋមិនអាចរៀនអំពីអំពើពុករលួយបាននោះឡើយ»។ នេះជាអះអាងរបស់មន្ត្រីទូតអាមេរិក ដោយបន្ថែមថា អ្នកកាសែតមិនត្រូវផ្តល់នូវទស្សនវិស័យតែម្ខាង ហើយវាយតម្លៃថា ត្រឹមត្រូវឥតខ្ចោះនោះឡើយ។
លោក គី សុខលីម ស្ថាបនិក និងជាចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ ក្នុងសន្ទរកថា ស្វាគមន៍កម្មវិធី បានគូសបញ្ជាក់ថា ក្រៅពីសារព័ត៌មាននយោបាយ សិទ្ធិមនុស្ស វិទ្យាសាស្ត្រ កម្សាន្ត ជាដើម គេហាក់ដូចជាភ្លេចតួនាទី សម្រាប់ការអភិវឌ្ឍ ឬសារព័ត៌មានដើម្បីដំណោះស្រាយ។ លោកបានពន្យល់យ៉ាងដូច្នេះថា៖ «តួនាទីសារព័ត៌មានចុងក្រោយនេះ គឺមានន័យថា អ្នកសារព័ត៌មានមិនចង់ ឬមិនធ្វើសេចក្ដីរាយការណ៍ ដោយគ្រាន់តែរិះគន់ ប្រមាថ ប្រឆាំងនឹងបញ្ហាដែលកំពុងកើតមាននោះទេ។ ប៉ុន្តែពួកគេចូលចិត្តធ្វើសេចក្ដីរាយការណ៍ព័ត៌មានណាដែលជាគំនិតពិចារណា រកដំណោះស្រាយច្រើនជាង។ អ្នកសារព័ត៌មាន ដើម្បីអភិឌ្ឍ ច្រើនសរសេរព័ត៌មានណា ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស»។
លោក គី សុខលីម បានបន្ថែមថា ពាក្យ Critical Thinking ជាពាក្យល្អ ដែលកូនខ្មែរមួយចំនួនអាចគិតខុសថា គំនិតរិះគន់ប្រឆាំង។ តាមពិតមានន័យរបស់វាល្អ គឺការគិតពិចារណាដោយល្អិតល្អន់ មិនមែនមានន័យថាការគិតបែបរិះគន់ប្រឆាំងនោះទេ។ ដូច្នេះ អ្នកកាសែត គួរប្រើប្រាស់អាជីពរបស់ខ្លួនរិះគន់ បែបពិចារណាគ្រប់ជ្រុងជ្រោយ Reflective Thinking ជាជាងការរិះគន់ ដែលគ្មានដំណោះស្រាយ។
ដូចគ្នាផងដែរ លោក Pierre Gillette អ្នកបណ្តុះបណ្តាលសារព័ត៌មានឯករាជ្យ និងជាអតីតនិពន្ធនាយកកាសែតបារាំង Cambodge Soir បានលើកយកការសិក្សាមួយដែលបង្ហាញថា ការអភិវឌ្ឍបណ្តាញព័ត៌មាន រួមចំណែកបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរជីវិតនៅក្នុងប្រទេសរបស់ពួកគេ និងជះឥទ្ធិពលជាវិជ្ជមានលើកំណើនសេដ្ឋកិច្ច។
លោក Pierre លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឲ្យហ៊ានបើកកកាយការពិត ដោយមិនគ្រាន់តែរៀបរាប់អង្គហេតុនោះឡើយ ពោលគឺត្រូវដើរតួជា«សារព័ត៌មានបែបស្ថាបនា» ឬ «សារព័ត៌មាននៃដំណោះស្រាយ»។ លោកបានណែនាំថា៖ «ស្វែងរកវិធីដោះស្រាយបញ្ហា ប្រសើរជាងការគ្រាន់តែត្អូញត្អែរចំពោះបញ្ហាដែលកំពុងកើតមាន»។
ងាកទៅវាគ្មិនម្នាក់ទៀតគឺ លោក Steven Reiner សាស្ត្រាចារ្យជំនួយផ្នែកសារព័ត៌មាន និងផ្នែកសិល្បៈព័ត៌មាននៅមហាវិទ្យាល័យ Chapman សហរដ្ឋអាមេរិក ឯណោះវិញ បានកត់សម្គាល់ពីបញ្ហាផ្សេងៗសម្រាប់អ្នកសារព័ត៌មានក្នុងបេសកកម្មរបស់ខ្លួន។
លោកបានលើកឡើងថាពាក្យ Fake News ត្រូវបានគេ ពោលគឺអ្នកនយោបាយ ប្រើប្រាស់ជាគោលដៅនៃការវាយប្រហារសារព័ត៌មានសេរី ហើយ៦០ភាគរយនៃអ្នកចែករំលែកព័ត៌មានបន្តពីម្នាក់ទៅម្នាក់ មិនបានអានខ្លឹមសារព័ត៌មាននោះឡើយ ដោយពួកគេយកបេះដូងទៅវាយតម្លៃ មុនខួរក្បាល។ បញ្ហាទាំងនេះ តម្រូវឲ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីសាងជំនឿទុកចិត្តពីសំណាក់អ្នកអាន ដើម្បីរួមចំណែកទប់ស្កាត់ការចែករំលែកព័ត៌មានគ្មានការគិតពិចារណាក្នុងសម័យឌីជីថល។
សម្រាប់ការអនុវត្តការងារជាក់ស្តែងនៅខេត្តព្រះសីហនុផ្ទាល់ លោក ដែន អយុធ្យា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានសហគមន៍ (CMTC) នៅខេត្តព្រះសីហនុ និងជាចាងហ្វាងគេហទំព័រ «កម្ពុជាថ្ងៃនេះ» បានបញ្ជាក់ថា សារព័ត៌មានមូលដ្ឋានជួបប្រទះបញ្ហាជាច្រើន ជាពិសេសទាក់ទងនឹងរឿងរ៉ាវគ្រឿងញៀន ព្រៃឈើ អចលនទ្រព្យ និងដីធ្លីជាដើម។
«យើងតែងតែព្យាយាមផ្សាយការពិតដើម្បីផ្តល់ព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ ហើយពេលខ្លះយើងទទួលរងនូវការបំភិតបំភ័យ និងការយាយីផ្លូវច្បាប់ ប៉ុន្តែអ្នកកាសែតនៅខេត្តព្រះសីហនុយើងនេះ ធ្វើការរួមគ្នាដូចជាសម្លកំពឹងអ៊ីចឹង»។ លោកបានពន្យល់យ៉ាងដូច្នេះ ដោយបន្ថែមថា ការរាយការណ៍ច្រើន បាននាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងមូលដ្ឋានផងដែរ៕