កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​កីឡាករ Man City ម្នាក់ ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល នៅ​លី​គ​កំពូល​ស៊ុយអែត​
14, Nov 2019 , 9:19 pm        
រូបភាព
Dickson Etuhu អតីត​ខ្សែបម្រើ Manchester City និង​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ត្រូវបាន​តុលាការ​ចោទ​ពីបទ​ជាប់​ពាក់ព័ន្ធ​ករណី​ព្យាយាម​កំណត់​លទ្ធផល​ទុក​មុន​។ តុលាការ​ឧទ្ធរណ៍​នៃ​ប្រទេស​ស៊ុយអែត រកឃើញថា Etuhu ប្រព្រឹត្តិ​បែបនេះ​ក្នុងប្រទេស​ខ្លួន​។​


 
​សាលាឧទ្ធរណ៍​ក្នុង​ក្រុង​ស្តុក​ខុល បាន​និយាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ថា ច្បាស់​ណាស់​លោក Etuhu និង​អតីត​កីឡាករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ទៀត បាន​ព្យាយាម​បង្ខំ​អ្នកចាំទី Kyriakos Stamatopoulos របស់​ក្រុម AIK នៃ​លី​គ​បាល់ទាត់​កំពូល​ស៊ុយអែត Division ឲ្យ​រៀបចំ​កំណត់​លទ្ធផល​ការប្រកួត​ទុក​មុន កាលពី​ឆ្នាំ ២០១៧​។​
 
Etuhu វ័យ​៣៧​ឆ្នាំ ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ Premier League ជាច្រើន​ដូចជា Manchester City, Sunderland, Preston, Blackburn, Norwich City និង Fulham បាន​រួច​ផុតពី​ការជាប់​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​រង​ពិន័យ និង​ត្រូវបាន​កាត់ទោស​ដោយ​ស្ថិតក្រោម​ការស៊ើបអង្កេត​ដដែល​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី អតីត​ខ្សែបម្រើ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ដែល​បាន​ចាក​ចេញពី​ក្លិប AIK Fotboll ក្នុង​ឆ្នាំ​២០១៦ អះអាងថា​ខ្លួន​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សេចក្តីសម្រេច​នៅ​តុលាការ​កំពូល​របស់​ស៊ុយអែត​នេះ​វិញ​។​
 
​តុលាការ​បាន​រៀបរាប់​ពី​ការចោទប្រកាន់ Etuhu ថា​៖«​ខ្លឹមសារ​ដែល Etuhu បាន​ផ្ញើ​ទៅ​អ្នកចាំទី Stamatopoulos គឺ​បញ្ជា់​ច្បាស់​ណាស់ ដូច្នេះ​អ្វី​ទាំងអស់នេះ​គួរ​ត្រូវបាន​ចាត់ទុកថា​ជាការ​ផ្តល់​សំណូក​ខាង​ព្រហ្មទណ្ឌ​»​។​
 
​សូមបញ្ជាក់ថា Etuhu ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​លើកលែងទោស​ម្តង​រួចមកហើយ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ករណីនេះ​ត្រូវបាន​ប្តឹង​ឧទ្ធរណ៍​ម្តងទៀត​ដោយ​ព្រះរាជអាជ្ញា​លោក Johan Lindmark​។ លោក Lindmark​បាន​ប្រាប់​កាសែត​ក្នុងស្រុក​របស់​ស៊ុយអែត Expressen ថា​ពេញ​ចិត្តនឹង​លទ្ធផល​សម្រេច​របស់​តុលាការ​លើក​នេះ​៕

Tag:
 Dickson Etuhu
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com