អន្តរជាតិ
​អុីតាលី​​ ប្រកាស​ដាក់​ទីក្រុង​ Venice ស្ថិតក្នុង​ភាពអាសន្ន​
15, Nov 2019 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អុីតាលី នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា បានប្រកាស​ដាក់​ទីក្រុង​Venice ស្ថិតក្នុង​ភាពអាសន្ន បន្ទាប់ពី​មាន​ទឹកជំនន់​នៅក្នុង​ទីក្រុង​។ បញ្ហា​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការកើនឡើង​កម្រិត​ទឹក​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី​ពីរ នៅក្នុង​ប្រ​វត្តិ​ទឹក​លិច​ទីក្រុង​Venice​។



​ដែនដី​ទីក្រុង​Venice ច្រើនជាង ៨០​ភាគរយ ត្រូវបាន​គ្របដណ្តប់​ដោយ​ទឹកសមុទ្រ ទ្រព្យសម្បត្តិ​មួយចំនួន​ត្រូវបាន​បំផ្លាញ ខណៈពេល​ទឹកសមុទ្រ​ជោរ​មាន​កម្ពស់​រហូត​១,៨​ម៉ែត្រ នៅ​ពាក់​កណ្តាលយប់​។ កម្រិត​កម្ពស់​ទឹក​ប៉ុណ្ណេះ ត្រូវបាន​គេ​មើលថា​គឺ​ទាប​ជាង​កាលពី​ឆ្នាំ ១៩៦៦​នៅឡើយ​។ ពោលគឺ កាលនោះ​វា​មាន​កម្រិត​កម្ពស់​រហូត​ដល់ ១,៩៤ ម៉ែត្រ​ឯណោះ​។ បញ្ហា​នេះ​ត្រូវបាន លោក  Luigi Brugnaro អភិបាលក្រុង បន្ទោស​ថា មកពី​ការ​បម្រែបម្រួល​អាកាសធាតុ​ទើប​ធ្វើ​ឲ្យ​មាន គ្រោះមហន្តរាយ​បែបនេះ​។ 
 
​សរសេរ​នៅលើ​បណ្តាញ​Twitter លោក Brugnaro បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ទីក្រុង​Venice កំពុង​ស្ថិតនៅលើ​ជង្គង់​របស់ខ្លួន ហើយ​ទឹកជំនន់​មួយ​នេះ បាន​បំផ្លិច​បំ​ផ្លា​យ​ទ្រព្យសម្បត្តិ​រាប់រយ​លាន​អឺរ៉ូ​។ ទន្ទឹមនេះ លោក​អភិបាលក្រុង​បាន​បន្តទៀតថា បញ្ហា​នេះ ច្បាស់​ណាស់ គឺ​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ព័ត៌មាន CBC​។ 
 
​ជុំវិញ​បញ្ហា​ទឹកជំនន់​នេះ វា​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​រដ្ឋ ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ព្រះវិហារ​ផ្សេងៗ ត្រូវ​រង​ការខូចខាត និង​មាន​មនុស្ស​ស្លាប់​។ ជាក់ស្តែង​បុរស​វ័យ ៧៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ចរន្តអគ្គិសនី ឆក់​ស្លាប់​នៅក្នុង​ផ្ទះ បន្ទាប់ពី​បុរស​ចំណាស់​ម្នាក់នេះ ព្យាយាម​បូមទឹក​ចេញពីផ្ទះ​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ ទឹក​កខ្វក់ បាន​ជន់​លិច នៅក្នុង​ព្រះវិហារ​កាតូលិក Basilica និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អស់​ជាច្រើន​លាន​ដុល្លារ​។  
 
​សូមបញ្ជាក់ថា គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ ឬ​MOSE បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ ដើម្បី​ឈប់​ស្កាត់​ទឹកសមុទ្រ​ជោរ និង​ការពារ​ទីក្រុង Venice​។ ប៉ុន្តែ​គម្រោង​មួយ​នេះ ជួប​បញ្ហា​ជាច្រើន​ដូចជា ប្រើប្រាស់​លុយ​ច្រើនពេក អំពើពុករលួយ និង​ការពន្យា​ពេល​សាងសង់​ជាដើម​។ ការណ៍​នេះ បណ្តាល​ឲ្យ​មានការ​ត្អូញត្អែរ​ពី​ប្រជាជន​យ៉ាងខ្លាំង ជាពិសេស គឺ​ការខ្វះ​វិធានការ​ទប់ស្កាត់​ទឹក​លិច​ទីក្រុង​៕ 

Tag:
 ​អ៊ីតាលី​
  Venice
© រក្សាសិទ្ធិដោយ thmeythmey.com