អន្តរជាតិ
លោកស៊ី ជិនភីងព្រមានថាបាតុកម្មហិង្សាហុងកុងប៉ះពាល់គោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ» លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ថ្លែងសុន្ទរកថានៅជំនួបកំពូលមួយ នៅប្រេស៊ីល ថ្ងៃ ១៤ វិច្ឆិកា ២០១៩ (Xinhua)
× ជាសារព្រមានដ៏កម្រមួយ ចាប់តាំងពីបាតុកម្មនៅហុងកុងផ្ទុះជាង៥ខែមក លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសក្តែងៗថា បាតុកម្មក្នុងទីក្រុងហុងកុង កំពុងគំរាមកំហែងដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ។ ដោយមើលឃើញបាតុកម្មគ្មានសញ្ញាថមថយ ហើយកាន់តែមានចរិតហិង្សាខ្លាំង ប៉ូលិសហុងហុង កំពុងគិតគូរបន្ថែមកម្លាំងគាំទ្រដើម្បីទប់ទល់បាតុករ និងរក្សាសណ្ដាប់ធ្នាប់ទីក្រុង។
ថ្លែងអំឡុងជំនួបកំពូលមេដឹកនាំចិន ប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងអាហ្វ្រិកខាងត្បូងក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា នៃប្រទេសប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ ១៤ ខែវិច្ឆិកា លោក ស៊ី ជិនភីង បានព្រមានថា បាតុកម្មហិង្សាដែលផ្ទុះឡើងកាលពីថ្មីៗនេះ គំរាមកំហែងធ្ងន់ធ្ងរចំពោះគោលការណ៍មូលដ្ឋាននៃ«ប្រទេសមួយ ប្រព័ន្ធពីរ»។ ទន្ទឹមនឹងសារគំរាមដ៏កម្រមួយនេះ មេដឹកនាំចិនរូបនេះ នៅតែគាំទ្រឥតរារែកចំពោះរដ្ឋាភិបាលនិងប៉ូលិសហុងកុងដដែល ដោយសង្កត់ធ្ងន់ថា ការបញ្ឈប់ហិង្សា និងគ្រប់គ្រងចលាចល ព្រមទាំងស្តារសណ្ដាប់ធ្នាប់ គឺជាកិច្ចការដ៏បន្ទាន់បំផុតមួយរបស់ហុងកុងនាពេលនេះ។
សម្រាប់ពេល៤ថ្ងៃផ្ទួនៗគ្នាតែម្តង គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រុមបាតុករហុងកុង បានបង្កភាពវឹកវរកាន់តែធំ ដោយការដាក់របាំងការពារនិងពួនផ្តុំគ្នា ជាពិសេសនៅទីធ្លាសកលវិទ្យាល័យ ខណៈប៉ូលិសផ្តើមគិតគូរបន្ថែមកម្លាំងដើម្បីទប់ទល់។ ខណៈសញ្ញានៃកម្លាំងបាតុកម្មហាក់មិនថមថយ ប៉ូលិសហុងកុង បានបញ្ជាក់ឲ្យដឹងថា៖«កុបកម្មដែលកំពុងកើតឡើងក្នុងទីក្រុងហុងកុង ជាមួយនឹងទំហំដ៏ធំនិងមានលក្ខណៈហិង្សា ហើយកើតឡើងព្រមៗគ្នាក្នុងសង្កាត់ជាច្រើន ធ្វើឲ្យវាចាំបាច់សម្រាប់ការពង្រឹងកម្លាំងគាំទ្របន្ថែមសម្រាប់មន្ត្រីប៉ូលិសជួរមុខហុងកុង»។
សូមបញ្ជាក់ថា «ប្រទេសមួយ ប្រព័ន្ធពីរ» គឺជាគោលការណ៍ស្នូលដែលផ្តល់ស្វ័យភាពដឹកនាំសម្រាប់ទីក្រុងនេះ ដាច់ដោយឡែកពីអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ឲ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧ ក៏ប៉ុន្តែលើកលែងវិស័យការបរទេសនិងការពារជាតិ ។ យ៉ាងណាមិញ បាតុកម្មដែលចាប់ផ្តើមក្នុងគោលដៅប្រឆាំងនឹងសំណើច្បាប់បត្យាប័ន (លុបចោល) បានរីកធំឡើងទៅជាចលនាទាមទារប្រជាធិបតេយ្យ និងចំណាត់ការប៉ូលិសលើពួកគេ ខណៈការតវ៉ាមានចរិតហិង្សាកាន់តែខ្លាំង៕
Tag:
ចិន
ហុងកុង
គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ
© រក្សាសិទ្ធិដោយ thmeythmey.com