ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ បិទ​ការ​ស៊ើបសួរ​លើ​ករណី​លោក កឹម សុខា​
15, Nov 2019 , 10:25 am        
រូបភាព
​ភ្នំពេញ​៖ តុលាការ ប្រកាស​បិទ​ការ​ស៊ើបសួរ​លើ​ករណី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ វិច្ឆិកា​នេះ​។



លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ដំណាក់កាលនេះ ក្រុមមេធាវី មិនទាន់ដឹងឡើយថា ក្រោយបិទការស៊ើបសួរលើសំណុំរឿងនេះ លោក កឹម សុខា នឹងត្រូវបញ្ជូនទៅជំនុំជម្រះ​ ឬក៏នឹងត្រូវទម្លាក់បទចោទចេញពីលោក។ លោក និយាយដូច្នេះថា៖«ឥឡូវពួកយើង ជាមេធវិ កំពុងទៅជួបគ្នា ដើម្បីពិភាក្សារឿងនេះ»។ 

ជានីតិវិធី ចៅក្រម​ស៊ើបសួរ ត្រូវបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញាវិញ (ស្ថាប័នអយ្យការ)។ ព្រះរាជអាជ្ញា មានរយៈពេល១៥ថ្ងៃ ដើម្បីពិនិត្យសុំណុំរឿងឡើងវិញ ​ក្រោយទទួលបានពីចៅក្រមស៊ើបសួរ។ ក្រោយ១៥ថ្ងៃ ព្រះរាជអាជ្ញា នឹងធ្វើសេចក្តីសន្និដ្ឋានស្ថាពរលើសំណុំរឿង ហើយបញ្ជូនត្រឡប់ទៅកាន់ចៅក្រមស៊ើបសួរ។ 

ជាទូទៅ សេចក្តីសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា តែងមានសេចក្តីសម្រេច៣យ៉ាង គឺ បញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬបន្តការស៊ើបសួរ ឬមួយក៏ ទម្លាក់បទចោទ។ ពេលទទួលបានសេចក្តីសន្និដ្ឋានស្ថាពរ ចៅក្រមស៊ើបសួរ នឹងចេញដីកាដំណោះស្រាយមួយ ដោយដីកាដំណោះស្រាយនោះ ជាទូទៅ មានសេចក្តីសម្រេច៣យ៉ាង​ ដូចសេចក្តីសន្និដ្ឋានស្ថាពរដែរ។

បើមិនពេញចិត្តនឹងដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា អាចប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ 

ចៅក្រមស៊ើបសួរ ប្រើពេលដល់ទៅប្រមាណ២ឆ្នាំ ក្នុងការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ទម្រាំឈានដល់ការបិទបញ្ចប់៕ 

Tag:
 កឹម សុខា​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com