FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ វៀតណាម រក្សា​ភាពមិន​ចាញ់​ក្រោយ​ឈ្នះ​អារ៉ាប់​រួម ឯ​ថៃ​ចាញ់​ម៉ាឡេស៊ី​
15, Nov 2019 , 11:09 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ឡើងឈរ​កំពូល​តារាង​ពូ​ល G វិញ បន្ទាប់ពី​ឈ្នះ​ក្រុម​ភ្ញៀវ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ១-០ នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ World Cup 2022​។ ថៃ​ដែល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-១ បាន​ធ្លាក់​ទៅ​លេខ​២​វិញ​។​



​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​ខ្សែបម្រើ Nguyen Tien Linh បាន​ជួយ​ម្ចាស់ផ្ទះ​វៀតណាម​អាច​រក្សា​ភាពមិន​ដែល​ចាញ់​របស់ខ្លួន​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក នា​កីឡដ្ឋាន My Dinh នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា​។​
 
១​គ្រាប់​របស់ Tien Linh ធ្វើបាន​នៅ​នាទី​៤៤ ពោលគឺ​បន្ទាប់ពី​កីឡាករ Khalifa Al Hammadi របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានទទួល​កាត​ក្រហម​នៅ​នាទី​៣៧ តាមរយៈ​ការបង្កើត​កំហុស​ដោយ​ចាប់ទាញ​កីឡាករ​វៀតណាម​។​


 
​ឆ្លងកាត់​ការប្រកួត​៤​លើក ក្រុម​ហ​ស្សនាម​ផ្កាយ​មាស​រកបាន​១០​ពិន្ទុ ក្នុងនោះ​ឈ្នះ​៣ និង​ស្មើ​១ ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល G ដោយ​នាំមុខ​ថៃ​ដែល​ធ្លាក់​ទៅ​លេខ​រៀង​ទី​២ ចំនួន​៣​ពិន្ទុ​វិញ​។ ថៃ​ដែល​ធ្លាក់​ទៅ​លេខ​២ គឺ​បន្ទាប់ពី​ពួកគេ​ចាញ់​ម៉ាឡេស៊ី​ដោយ​គ្រាប់​បាល់​វាយបក​ដោយ​លទ្ធផល ២-១ សម្រាប់​ការប្រកួត​លើក​ទី​៤​របស់​ពួកគេ​។​


 
​ដោយឡែក​ជ័យជម្នះ​របស់​ម៉ាឡេស៊ី​នេះ បាន​ជួយ​ពួកគេ​បង្កើន​ឱកាស​ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ​ក្នុងចំណោម​ក្នុង​ទាំង​៥​ក្នុង​ពូ​ល G នេះ​។ ម៉ាឡេស៊ី​ឈរ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រកបាន​៦​ពិន្ទុ​ពី​ការប្រកួត​៤​លើក ស្មើគ្នា​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​នៅ​លេខ​៣ ដ្បិត​ចាញ់​គ្រាប់​ស៊ុត​។ ថៃ​នៅ​លេខ​ពីរ​មាន​៧​ពិន្ទុ​។​
 
​ជំនួប​បន្ទាប់​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ាឡេស៊ី​ត្រូវ​ទទួលភ្ញៀវ​ឥណ្ឌូណេស៊ី ខណៈ​វៀតណាម​ស្វាគមន៍​ថៃ ហើយ​មី​រ៉ា​ត​អារ៉ាប់​រួម​សម្រាក​៕









Tag:
 World Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com