ជាតិ
រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ចិន​កើន​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​
15, Nov 2019 , 11:59 am        
រូបភាព
រូបភាពពី មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាពពី មន្ទីរទេសចរណ៍ខេត្តសៀមរាប
​ភ្នំពេញ​៖ រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ជាង​១,៨​លាន​នាក់ កើនឡើង​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​៩​ខែ ឆ្នាំ​២០១៨​។ ភ្ញៀវទេសចរ​ចិន​ជាង​១,៨​លាន​នាក់​នេះ ស្មើនឹង​ចំនួន​៣៨​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០១៩​។


​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ពី​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិរ​យៈ​ពេល​៩​ខែ នៃ​ឆ្នាំ​២០១៩​ថា ចិន​ជា​ប្រទេស​ដែល​បាន​នាំ​ភ្ញៀវទេសចរ​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា ។ «​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​លើសពី​១,៨៦​លាន​នាក់ កើនឡើង​២៩,៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ និង​មាន​ចំនួន​៣៨,៧​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។ 
 
​បើតាម​ស្ថានទូត​ចិន ចំនួន​សរុប​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​លើសពី​៤,៨១​លាន​នាក់ កើនឡើង​១០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨​។ 
 
​ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ លោក តុ​ប សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ​រ​បាយ​ការណ៍​ក្រសួងទេសចរណ៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ទេសចរ គឺ​កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព សុខ​សុវត្ថិភាព ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​កម្ពុ​ជាមាន​ធនធាន​វប្បធម៌​និង​ធម្មជាតិ​សម្បូរបែប​។ 
 
​ទន្ទឹមនឹងនេះ របាយការណ៍​សរុប​៩​ខែ​នៃ​ភ្ញៀវទេសចរ​ក្នុង​ឆ្នាំ​២០១៩ ដែល​ទទួលបាន​ពី លោក តុ​ប សុ​ភ័​ក្រ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ចិន​មាន​ជាង ១,៨៦​លាន​នាក់ ,​ភ្ញៀវទេសចរ​វៀតណាម​មាន​ជាង ៦.៣​សែន​នាក់ ,​ភ្ញៀវទេសចរ​ថៃ ២.៨​សែន​នាក់ និង​ភ្ញៀវ​ឡាវ​ជាង​២.៤​សែន​នាក់​។ ចំណែកឯ ចំនួន​ភ្ញៀវទេសចរ​កូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និង​អង់គ្លេស ក្នុងប្រទេស​នីមួយៗ​មាន​ជាង​១​សែន​នាក់​៕

Tag:
 ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com