ជាតិ
រយៈពេល៩ខែឆ្នាំ២០១៩ ភ្ញៀវទេសចរចិនកើនជិត៣០ភាគរយ បើធៀបនឹងឆ្នាំមុន រូបភាពពី មន្ទីរទេសចរណ៍ខេត្តសៀមរាប
× ភ្នំពេញ៖ រយៈពេល៩ខែ នៃឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួនជាង១,៨លាននាក់ កើនឡើងជិត៣០ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០១៨។ ភ្ញៀវទេសចរចិនជាង១,៨លាននាក់នេះ ស្មើនឹងចំនួន៣៨ភាគរយនៃចំនួនភ្ញៀវទេសចរសរុបរយៈពេល៩ខែ នៃឆ្នាំ២០១៩។
ស្ថានទូតចិនប្រចាំកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា ពីចំនួនភ្ញៀវទេសចរអន្តរជាតិរយៈពេល៩ខែ នៃឆ្នាំ២០១៩ថា ចិនជាប្រទេសដែលបាននាំភ្ញៀវទេសចរច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ «ភ្ញៀវទេសចរចិនមានចំនួនលើសពី១,៨៦លាននាក់ កើនឡើង២៩,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ និងមានចំនួន៣៨,៧ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប»។ នេះបើតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា។
បើតាមស្ថានទូតចិន ចំនួនសរុបនៃភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជារយៈពេល៩ខែ ក្នុងឆ្នាំ២០១៩ មានចំនួនលើសពី៤,៨១លាននាក់ កើនឡើង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ លោក តុប សុភ័ក្រ អនុរដ្ឋលេខាធិការរបាយការណ៍ក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថ្មីៗតាម Telegram ថា កត្តាដែលធ្វើឲ្យមានកំណើនទេសចរ គឺកម្ពុជាមានសន្តិភាព ស្ថិរភាព សុខសុវត្ថិភាព ភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ រួមទាំងកម្ពុជាមានធនធានវប្បធម៌និងធម្មជាតិសម្បូរបែប។
ទន្ទឹមនឹងនេះ របាយការណ៍សរុប៩ខែនៃភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដែលទទួលបានពី លោក តុប សុភ័ក្រ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមានជាង ១,៨៦លាននាក់ ,ភ្ញៀវទេសចរវៀតណាមមានជាង ៦.៣សែននាក់ ,ភ្ញៀវទេសចរថៃ ២.៨សែននាក់ និងភ្ញៀវឡាវជាង២.៤សែននាក់។ ចំណែកឯ ចំនួនភ្ញៀវទេសចរកូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងអង់គ្លេស ក្នុងប្រទេសនីមួយៗមានជាង១សែននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com