ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ា​នី កាន់តែ​យល់​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ពី​ប្រជាជន​
15, Nov 2019 , 12:41 pm        
រូបភាព
លោក ហ៊ុន ម៉ានី ជួបសួរសុខទុក្ខអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានព្រែកកាំពី ក្នុងខេត្តក្រចេះ
លោក ហ៊ុន ម៉ានី ជួបសួរសុខទុក្ខអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានព្រែកកាំពី ក្នុងខេត្តក្រចេះ
​លោក ហ៊ុន ម៉ា​នី បាន​អះអាងថា លោក​បាន​យល់ដឹង និង​រៀនសូត្រ​បាន​កាន់តែច្រើន​អំពី​ការអនុវត្ត​ការងារ របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អំពី​ជីវិត​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស តាមរយៈ​បេសកកម្មរយៈពេល​៩​ខែ​របស់លោក នៅ​ទូទាំងប្រទេស​។ ក្រោយ​បញ្ចប់​បេសកកម្ម​រាជធានី​ខេត្ត​ទាំង​២៥ ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៧​នៃ​រដ្ឋសភា បាន​យល់ព្រម​ផ្តល់​កិច្ច​សម្ភាស​ដល់​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ ដើម្បី​បង្ហាញ​អំពី​លទ្ធផល​នៃ​បេសកកម្ម​នោះ​។​



​ប្រធាន​គណៈកម្មការ​ទី​៧ លោក ហ៊ុន ម៉ា​នី និង​សមាជិក បានសម្រេច​ជ្រើស​រើសយក​ការតាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​ក្រសួង​ទាំង​៤​នោះ នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​អាច​យល់ដឹងបាន​កាន់តែ​ច្បាស់ អំពី​ស្ថានភាព​នៃ​វិស័យ​ទាំង​៤​បច្ចុប្បន្ន​។ គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ទទួលបន្ទុក​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ​នៃ​ក្រសួង​អប់រំ យុវជន កីឡា ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួងទេសចរណ៍​។​


 
មានការ​កត់​ស​ម្គាល់​សំខាន់ៗ​ជាច្រើន ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​លោក ហ៊ុន ម៉ា​នី បានឃើញ នៅក្នុង​អំឡុង​ពេលដែល​លោក​បាន​ដឹកនាំ​សមាជិក​គណៈកម្មការ ទៅ​ជួប​អាជ្ញាធរខេត្ត មន្ត្រី​ជំនាញនៅ​ថ្នាក់​ខេត្ត និង​ប្រជាពលរដ្ឋ​ផង​។​

​លោក ហ៊ុន ម៉ា​នី បានលើកឡើង​យ៉ាង​ដូច្នេះ​៖«​ការបោះបង់​ការសិក្សារ​បស់​កុមារ​តូច នៅក្នុង​ភូមិភាគ​ឦសាន​នៅ​ខ្ពស់​នៅឡើយ ដោយសារ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ខ្វះ​គ្រូបង្រៀន​ដែល​មិនចេះ​ភាសា​ជនជាតិដើម និង​ខ្វះ​ផ្ទះ​គ្រូ​ផង​»​។
​ប្រធាន​គណៈកម្មការ​ទី​៧ បានលើកឡើង​ចំនុច​មួយទៀត ដែល​បានធ្វើឱ្យ​លោក​បារម្ភ​ខ្លាំង ទាក់ទង​នឹង​កុមារ​តូច ដែល​រស់​នៅតាម​ព្រំដែន​។ «​បើ​មាន​កុមារ​តូច​ឆ្លង​ព្រំដែន​ទៅ​រៀន​នៅ​ប្រទេសជិតខាង ត្រូវ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​។ បើ​ពួកគេ​ទទួលបាន​ការអប់រំរ​បស់​ប្រទេសជិតខាង វា​ជា​ហានិភ័យ​នៃ​ធនធាន​កុមារ​របស់​យើង ដែល​ធំធាត់​ជាមួយ​ការយល់ដឹង​ដោយ​ភាន់ច្រឡំ ទាក់ទង​នឹង​ប្រពៃណី សាសនា ឬ​ប្រវត្តិសាស្ត្រ​ជាដើម​…»​។ នេះ​ជាការ​រំឭក​របស់លោក ហ៊ុន ម៉ា​នី​។​

​ពី​បេសកកម្ម​មួយ​ទៅ​បេសកកម្ម​មួយ ក្រៅពី​ស្តាប់​របាយការណ៍​របស់​មន្ទីរជំនាញ​នីមួយៗ ប្រតិភូ​គណៈកម្មការ ក៏បានផ្តល់​អនុសាសន៍ ឬ​លើកយក​ឧទាហរណ៍​ពី​ខេត្ត​មួយ មក​ចែករំលែក​ជាមួយ​ខេត្ត​មួយទៀត​ដែរ​។ សម្រាប់​លោក ហ៊ុន ម៉ា​នី បេសកកម្ម​នេះ មិន​ត្រឹមតែ​ជាការ​ស្វែងយល់​អំពី​ស្ថានភាព​នៃ​វិស័យ​ទាំង​៤​នោះទេ ប៉ុន្តែ​វា​ក៏បានផ្តល់​ពេលវេលា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​រួមគ្នា ចំពោះ​បញ្ហា​មួយចំនួន​ផងដែរ​។ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​ឧទាហរណ៍ ក្នុង​វិស័យ​ទេសចរណ៍ គណៈកម្មការ​បានផ្តល់​គំនិត​ឱ្យមាន​ការពិភាក្សា​ក្នុង​មូលដ្ឋាន​រវាង​មន្ទីរ​ផ្សេងៗ និង​គណៈបញ្ជាការ​ឯកភាព ដើម្បី​អាច​រៀបចំ​ផែនការ ច្នៃប្រឌិត ឱ្យមាន​ការរៀបចំ​កន្លែង​ទេសចរណ៍​ជា​កញ្ចប់​ភ្ជាប់​គ្នា​រវាង​ទីតាំង​វប្បធម៌ កសិកម្ម ស្ថាបត្យកម្ម ជាដើម ដើម្បី​ទាក់ទាញ​ទេសចរ និង​បង្ហាញ​ពី​សក្តានុពល​នៃ​តំបន់ និង​ខេត្ត​នីមួយៗ​»​។​

​បើទោះជា​ស្ថិតនៅក្នុង​បេសកកម្ម ដែល​ត្រូវ​ស្វែងយល់​អំពី​ស្ថានភាព​នៃ​វិស័យ​ទាំង​៤ នៅ​ថ្នាក់ក្រោម​ជាតិ​មែន ប៉ុន្តែ​ក្នុង​សមត្ថ​ភាពជា​អ្នកតំណាង​ផង បេសកកម្ម​កន្លងមក​នេះ ក៏បាន​អនុញ្ញាតឱ្យ​លោក ហ៊ុន ម៉ា​នី និង​សមាជិក​គណៈកម្មការ បាន​ស្វែងយល់​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com