FIFA
កីឡាជាតិ
ជាតិ
គ្រូបង្វឹកម៉ុងហ្គោលី មិនពេញចិត្តចំពោះការផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមកម្ពុជា លោក Michael Weiss (ខាងឆ្វេង)ពេលចាប់ដៃជាមួយកីឡាករកម្ពុជាក្រោយការប្រកួត, រូបភាពពី FFC
× គ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី Michael Weiss បានបង្ហាញការមិនពេញចិត្តចំពោះការពិន័យបាល់១១ម៉ែត្ររបស់អាជ្ញាកណ្តាលមកលើម៉ុងហ្គោលី។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ចាត់ទុកការផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យកម្ពុជាជារឿងមិនសមហេតុផល។ តែយ៉ាងណា លោកសរសើរថា ក្រុមជម្រើសជាតិកម្ពុជាមានទម្រង់លេងល្អ។ ជាមួយគ្នានេះ លោក Felix Dalmas ហាក់មិនទាន់ពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុម ហើយអះអាងថា កម្ពុជាត្រូវការពង្រឹងបន្ថែមទៀតមុនប៉ះជាមួយហុងកុង។
ក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយម៉ុងហ្គោលី នាជំនួបមិត្តភាពអន្តរជាតិដ៏ស្វិតស្វាញក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង២ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា។ ទាំងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Michael Weiss គ្រូបង្វឹកម៉ុងហ្គោលី សុទ្ធតែអះអាងថា នេះជាលទ្ធផលមួយដ៏ល្អ។ លើសពីនេះ ពួកគេ ចាត់ទុកការប្រកួតនេះ ជាបទពិសោធន៍មួយដ៏ល្អ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះ FIFA World Cup។
តែយ៉ាងណា លោក Michael Weiss ហាក់មិនពេញចិត្តចំពោះការពិន័យរបស់អាជ្ញាកណ្តាល ដែលផ្តល់បាល់១១ម៉ែត្រឲ្យក្រុមជម្រើសជាតិកម្ពុជារកគ្រាប់បាល់តាមស្មើ ១-១ ជាមួយម៉ុងហ្គោលី។ គ្រូបង្វឹកដែលអះអាងថាខ្លួននៅក្បែរហេតុការនោះ បានចាត់ទុកការពិន័យនេះថា ជារឿងមិនសមហេតុផល។ ការផ្តល់បាល់ពិន័យ១១ម៉ែត្ររបស់អាជ្ញាកណ្តាល ធ្វើឡើងក្រោយប្រធានក្រុមម៉ុងហ្គោលី ធ្វើឲ្យកីឡាករ ស៊ិន កក្កដា ដែលកំពុងគ្រប់គ្រងបាល់ដួលក្នុងតំបន់គ្រោះថ្នាក់ ខណៈ កែវ សុខផេង ជាអ្នកសម្រេចបាល់ប៉េណាល់ទីឲ្យកម្ពុជា។
នាសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Michael Weiss បានលើកឡើងថា៖«សម្រាប់ខ្ញុំ ខ្ញុំគិតថា ការពិន័យបាល់១១ម៉ែត្រ គឺមិនសមឡើយ ព្រោះខ្ញុំនៅជិតនឹង និងមើលឃើញ»។ តែយ៉ាងណា លោក សរសើរថា៖«ក្រុមកម្ពុជាលេងបានល្អ និងគ្រប់គ្រងបាល់បានច្រើន និងលេងបានល្អទាំងការប៉ះបាល់ និងលេងបាល់ពីក្រោមឡើងទៅលើ។ ប៉ុន្តែនេះជាលទ្ធផលល្អមួយសម្រាប់យើង មុនប៉ះជាមួយមីយ៉ាន់ម៉ា»។
ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហាក់មិនទាន់ពេញចិត្តចំពោះទម្រង់លេងរបស់កម្ពុជានៅឡើយទេ ទោះបីពួកគេគ្រប់គ្រងបាល់បានច្រើនក្នុងជំនួបមិត្តភាពជាមួយម៉ុងហ្គោលី កាលពីយប់ថ្ងៃព្រហស្បតិ៍ក៏ដោយ។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះយល់ថា កម្ពុជាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីត្រៀមប៉ះហុងកុងក្នុងជំនួបវគ្គជម្រុះ FIFA World Cup នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទឹកដីហុងកុង។
«ការប្រកួតនេះ ជាបទពិសោធមួយដ៏ល្អសម្រាប់យើង ហើយយើងធ្វើបានល្អក្នុងការប្រយុទ្ធនិងបញ្ជូនបាល់។ ប៉ុន្តែយើងត្រូវរៀបចំឲ្យបានល្អជាងនេះ មុនប៉ះជាមួយហុងកុង។ យើងបានដឹងពីរបៀបលេងរបស់ពួកគេ ដូច្នេះយើងត្រូវរកវិធីសាស្ត្រដើម្បីបំបែកក្បួនរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក Felix Dalmas ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។
តែយ៉ាងណា គ្រូបង្វឹកអាហ្សង់ទីនរូបនេះសង្កេតឃើញថា ក្រុមកីឡាករជម្រើសជាតិកម្ពុជាមានរីកចម្រើន និងអភិវឌ្ឍន៍សមត្ថភពបានល្អជាងមុន។ លោកបន្ថែមថា ការប្រកួតនេះកូនក្រុមមានការយល់ដឹង និងធ្វើបានយ៉ាងល្អតាមការគ្រោងទុក៕
Tag:
បាល់ទាត់
Felix Dalmas
Michael Weiss
© រក្សាសិទ្ធិដោយ thmeythmey.com