អន្តរជាតិ
អ្នកស៊ើប​អង្កេត​យន្តហោះ​ម៉ាឡេស៊ី MH17 ផ្សាយ​សំឡេង​ទូរ​សព្ទ​ទាក់ទិន​ជាមួយ​រុស្ស៊ី​
15, Nov 2019 , 7:59 pm        
រូបភាព
រូបភាពឯកសារ៖ មនុស្ស​ដើរ​កាត់​កំទេចកំទី​យន្តហោះ MH17 ក្បែរ​ភូមិ Grabove ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤។
រូបភាពឯកសារ៖ មនុស្ស​ដើរ​កាត់​កំទេចកំទី​យន្តហោះ MH17 ក្បែរ​ភូមិ Grabove ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤។
ដោយ: VOA
​ក្រុម​អ្នកស៊ើប​អង្កេត​ដឹកនាំ​ដោយ​ប្រទេស​ហូ​ឡង់​អំពី​ការបាញ់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះ MH17 បានចេញ​ផ្សាយ​សំឡេង​និយាយ​ទូរ​សព្ទ​ថ្មីៗ​ដោយ​ថា​សំឡេង​ទាំងនេះ​បង្ហាញ​ចំណងទាក់ទង​រវាង​មន្ត្រី​នយោបាយ​រុស្ស៊ី​និង​មន្ត្រី​យោធា​ជាមួយ​ក្រុម​បំបែក​រដ្ឋ​ក្នុង​ប៉ែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​មាន​ភាពជិតស្និទ្ធ​ជាង​អ្វីដែល​យើង​ដឹង​ពីមុន​។​

 
​សំឡេង​នៃ​ការនិយាយ​ទូរ​សព្ទ​ទាំងនេះ​បាន​ត្រូវ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ថ្មី​មួយ​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ហូ​ឡង់​ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ក្រុម​ស៊ើបអង្កេត​រួមគ្នា​ហៅ​កាត់​ថា JIT ដោយ​ស្វះ​ស្វែងរក​សាក្សី​ថ្មីៗ​អំពី​ការធ្លាក់​នៃ​យន្តហោះ MH17 ដែល​បាន​បណ្តាលឱ្យ​មនុស្ស​២៩៨​នាក់​នៅក្នុង​យន្តហោះ​នោះ​ស្លាប់​ទាំងអស់​។​
 
​កាលពី​ខែមិថុនា រដ្ឋអាជ្ញា​ហូ​ឡង់​បានប្រកាសថា​ជនជាតិ​រុស្ស៊ី​បីនាក់​និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​អាច​ត្រូវ​កាត់ទោស​ក្នុងប្រទេស​ហូ​ឡង់​ដោយសារ​ជន​ទាំងនេះ​មានការ​ទាក់ទិន​ជាមួយ​ឧប្បត្តិហេតុ​នោះ​។​
 
​នៅក្នុង​ការប្រកាស​អំពី​ការចោទប្រកាន់​ទាំងនេះ រដ្ឋអាជ្ញា​បាន​និយាយថា​មាន​ភស្តុតាង​អំពី​ការបញ្ជា​ដោយផ្ទាល់​រវាង​មន្ត្រី​រុស្ស៊ី​និង​ក្រុម​បំបែក​រដ្ឋ​ដែល​ប្រយុទ្ធ​នៅក្នុង​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​និង​បានប្រកាស​អំពី​ការបង្កើត​រដ្ឋាភិបាល​មួយ​គ្មាន​ការទទួលស្គាល់​មាន​ឈ្មោះថា​«​សាធារណរដ្ឋ​ប្រជាមានិត Donetsk ហៅ​កាត់​ថា DNR»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com