ពីនេះ ពីនោះ
សុធី បន្ទោស សំណាង រឿង​លោភលន់​ចង់​ចំណេញ​លុយ​ពី​ដីធ្លី​ខ្លាំងពេក ឥឡូវ​គាំងស្តូក​…!
16, Nov 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​សព្វដង​ដែរ សុធី និង​សំណាង ជជែក​គ្នា​ពី​រឿង​សង្គម​ជា​រៀងរាល់​ព្រឹក​នៅ​តុ​កាហ្វេ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ សុធី និង​សំណាង ជជែក​គ្នា​ពី​រឿង​ដីធ្លី​ធ្លាក់​ថ្លៃ​យ៉ាងគំហុក លែងមាន​អ្នកទិញ មានតែ​អ្នកលក់​។ ជាទូទៅ សុធី និង​សំណាង ច្រើន​ខ្វែងគំនិត​គ្នា​លើ​ប្រធានបទ​សង្គម​ផ្សេងៗ​។ តែ​ទាក់ទង​នឹង​រឿង​អចលនទ្រព្យ​ជួប​ហានិភ័យ​នេះ ពួកគេ​ទាំងពីរ​នាក់​ហាក់បីដូចជា​មានគំនិត​ស្រដៀង​គ្នា​ខ្លះ​ដែរ​។


 
​សុធី​៖ អញ​ធ្លាប់​ប្រាប់​ឯង​ហើយ​ថា តម្លៃ​ដីធ្លី​ឡើងថ្លៃ​នាពេល​កន្លងមក គឺ​ដោយសារ​គេ​បំប៉ោង​តម្លៃ​ទេ​។ មិនមែន​តម្លៃពិត​ទេ​។ ចិន និង​ខ្មែរ​មួយចំនួន​នាំគ្នា​«​ឆា​»​តម្លៃ​ដីធ្លី​ទេ​។ ឥឡូវ​គ្រាន់តែ​លែង​សូវ​មាន​ចំហាយ​ចិន ដី​នៅ​កំពង់សោម​លែងមាន​អ្នកទិញ មានតែ​អ្នកលក់​។ អ្ហែង​ឃើញ​ទេ​? ដូច​អញ​និយាយ​អ៊ីចឹង​? 
 
​សំណាង​៖ អញ​ក៏​គិត​ដូច​អ្ហែង​ដែរ តែ​យ៉ាងហោចណាស់ អ្នកទិញ​មុនដំបូង ហើយ​លក់​ចេញ​វិញ​ទាន់ពេល ពួកគេ​ក៏​ចំណេញ​កប់​ក្តោង​ដែរ​តើ​។ 
 
​សុធី​៖ មាន​មែន​អ្នក​ចំណេញ​កប់​ក្តោង តែ​ក៏មានដែរ​អ្នក​ខាត​ប្រកាច់ប្រកិន​នោះ ជាពិសេស អ្នក​ខ្ចីលុយ​ពី​ធនាគារ​យកមក​វិនិយោគ​លើ​អចលនទ្រព្យ​។ អ្នក​ជួល​ក៏​គ្មាន អ្នកទិញ​ក៏​គ្មាន​។ ដួល​អស់ហើយ​ឥឡូវនេះ​។ ដួល​ដល់​ដីធ្លី​នៅ​កន្លែង​ផ្សេងទៀត​។ 
 
​សំណាង​៖ បើ​អ្ហែង​ពូកែ តើ​អ្ហែង​អាច​ទាយ​បានទេ​ថា ដីធ្លី​ឡើងថ្លៃ​វិញ​នៅពេលណា​ដែរ​? 
 
​សុធី​៖ អញ​មិនមែន​គ្រូទាយ​ទេ តែ​អញ​អាច​ប្រាប់​អ្ហែង​ថា រយៈពេល​ធ្លាក់​ថ្លៃ ឬ​ថ្លៃ​នៅ​ទ្រឹង​នេះ​ពន្យា​ពេល​យ៉ាងតិច​២​ឆ្នាំ​ទៀត​។ អ្នកមាន​លុយ​ទិញ​ដីធ្លី​ដោយ​អត់​ខ្ចី​គេ មិន​អី​ទេ​។ តែ​អ្នក​ខ្ចីបុល​គេ​យកមក​ទិញ​ប្រយ័ត្ន​ខ្លួន​ឲ្យ​ហើយ​ទៅ​។ អញ​ប្រាប់​អ្ហែង​មួយ​ទៀតថា សេដ្ឋកិច្ច​ដ្លី​ធ្លី គឺជា​សេដ្ឋកិច្ច​ចិត្តសាស្ត្រ​។ ពេល​តម្លៃ​កាន់តែ​ឡើង ចំនួន​អ្នកទិញ​កាន់តែច្រើន​។ តែ​ពេល​វា​ដាំ​ក្បាល​ចុះ ចំនួន​អ្នកទិញ គឺ​សូន្យ​។ អ្ហែង​សួរ​អញ​ច្រើន​យ៉ាងហ្នឹង ព្រោះ​អ្ហែង​ជាប់កុន​លក់​ដី​មិន​ចេញ​មែនឬ​? 
 
​សំណាង​៖ មែនហើយ​អាសម្លាញ់ អញ​ឃើញ​គេ​ទិញ​លក់ៗ​ចំណេញ​កប់​ក្តោង អញ​ក៏​សម្រេច​ធ្វើតាម​គេ​ដែរ​។ តែ​ដល់ពេល​អញ​ធ្វើតាម​គេ អញ​ទៅ​ខ្ចីលុយ​ធនាគារ​មក​ទិញ​ដី សង់​អគារ​ដើម្បី​ជួល​ឲ្យ​ចិន​។ ស្រាប់តែ​ចិន​ចេញទៅ​វិញ ឥឡូវ​អញ​ងាប់​តែម្តង​អាសម្លាញ់​អើយ​។ 
 
​សុធី​៖ ពេលខ្លះ អញ​ប្រាប់​ហើយ​ថា កុំ​ចេះតែ​ហ៊ាន​។ កុំ​ឃើញ​គេ​បាន ធ្វើតាម​គេ​ឲ្យ​សោះ​។ នេះហើយ គឺជា​លទ្ធផល​ដែល​អ្ហែង​ចង់បាន​ហួសហេតុ​ពេក​។ 
​ក្រោយ​ការជជែក​គ្នា​១៥​នាទី​រួចមក ម្នាក់ៗ​ពិសា​កាហ្វេ​អស់​មួយ​កែវ ហើយ​សម្លាញ់​ទាំងពីរ​ក៏​បែក​គ្នា​ត្រឹមហ្នឹង ដោយ​សន្យា​នឹង​ជួបគ្នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com