ជាតិ
ប្រតិភូ​CPP ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ដើម្បី​រឹតចំណង​មិត្តភាព​
15, Nov 2019 , 7:19 pm        
រូបភាព
គណៈប្រតិភូពីខាងគណបក្សប្រជាជនកម្ពុជា ជួបថ្នាក់ដឹកនាំគណបក្សកម្មករកូរ៉េ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១២ វិច្ឆិកា (រូបពី KCNA)
គណៈប្រតិភូពីខាងគណបក្សប្រជាជនកម្ពុជា ជួបថ្នាក់ដឹកនាំគណបក្សកម្មករកូរ៉េ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១២ វិច្ឆិកា (រូបពី KCNA)
​ភ្នំពេញ​៖ ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក កឹម សម្បត្តិ អនុប្រធាន​ទំនាក់ទំនង​អន្តរជាតិ​របស់​បក្ស បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី​១២​ដល់​១៤ វិច្ឆិកា​។ ដំណើរ​ទស្សនកិច្ច ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​

 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំណើរ​ទស្សនកិច្ច​នេះ គ្រាន់តែ​ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កម្មករ​កូរ៉េ ដោយ​ដង្ហែរ​តាម​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច ព្រះ​នរោត្តម សីហនុ ក្នុងការ​បង្កើន​ចំណង​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ត​ប៉ុណ្ណោះ ។​
 
«​ជា​រឿង​ធម្មតា​ទេ វា​អត់​មាន​អ្វី​ទេ ក្នុងការ​បំពេញ​ទស្សនកិច្ច​រឹតចំណង សាមគ្គីភាព មិត្តភាព រវាង​បក្ស​និង​បក្ស វា​អត់​មាន​បញ្ហា​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងក្លា ដែលជា​រឿង​គួរឱ្យ​ចម្លែក​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន ដែល​បាន​បន្ថែមថា កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​ឡើយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង ដឹកនាំ​ដោយ​លោក កឹម សម្បត្តិ អនុប្រធាន​ទំនាក់ទំនង​អន្តរជាតិ​របស់​បក្ស​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រតិភូ​កម្ពុជា បាន​ជួប​លោក Ri Su Yong សមាជិក​នៃ​ការិយាល័យ​នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កណ្ដាល​បក្ស​កម្មករ​កូរ៉េខាងជើង និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​។ បន្ថែម​ពីនេះ ប្រតិភូ​កម្ពុជា ក៏បាន​ទស្សនា​ទីកន្លែង​កំណើត​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង លោក គីម អ៊ី​ល​ស៊ុ​ង ដែល​ត្រូវជា​ជីតា​របស់​មេដឹកនាំ គីម ជុន​អ៊ុន បច្ចុប្បន្ន នៅ Mangyongdae រួមទាំង​សារមន្ទីរ​បដិវត្ត​កូរ៉េ និង​សារមន្ទីរ​ស្ថាបនិក​បក្ស​ជាដើម​។ គណៈប្រតិភូ​កម្ពុជា បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋកូរ៉េខាងជើង​។​
 
​កាលពី​ថ្ងៃទី​៩ វិច្ឆិកា ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​កម្ពុជា លើក​ទី​៦៦​នោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុន​អ៊ុន បាន​ផ្ញើ​សារ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា ដោយបាន​លើកឡើង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​បង្កើតឡើង​ដោយ​លោក គីម អ៊ី​ល​ស៊ុ​ង អតីត​មេដឹកនាំ​កូរ៉េខាងជើង និង​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​កម្ពុជា​។ «​យើង​ពិតជា​រីករាយ​ដែល​ប្រទេស​យើង​ទាំងពីរ​បាន​បង្កើត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ក្នុងនាម​ជា​មិត្តភក្តិ ជា​ប្រពៃណី​នៃ​ប្រវត្តិសាស្ត្រ​នេះ​។ ខ្ញុំ​សូម​ជូនពរ​មិត្ត​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន ឱ្យ​ទទួលបាន​ជោគជ័យ​កាន់តែ​ធំ​ជាងនេះទៀត​នៅក្នុង​អនាគត ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ឯករាជ្យ និង​ប្រសើរឡើង​នៅក្នុង​ប្រទេស​»​។ នេះ​បើតាម​ទី​ភ្នា​ក់​សារព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង ដែល​បាន​ស្រង់​ខ្លឹមសារ​របស់លោក គីម ជុន​អ៊ុន​។​
 
​គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងជើង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៦៥ ដែល​កាលណោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ជួប​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង នៅក្នុង​ទីក្រុង ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​។ ហើយ​នៅ​ឆ្នាំ​១៩៧០ ក្រោយពី​សម្ដេច​នរោត្តម សីហនុ ត្រូវបាន​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នោះ ព្រះអង្គ​ក៏បាន​និរទេស​ព្រះកាយ យាង​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​រដ្ឋាភិបាល​កូរ៉េ បាន​កសាង​ព្រះរាជដំណាក់​មួយ​ថ្វាយ​ជូន​ព្រះ​បរម​រតន​កោដ្ឋ ដែលមាន​ឈ្មោះថា Changsuwon នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕

Tag:
 សុខ ឥសាន​
  CPP
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com