កីឡាជាតិ
ជាតិ
ពីរ​ឆ្នាំក្រោយ​ការចាកចេញ កុក បូរី​ស ត្រឡប់មក​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​សាជាថ្មី​
15, Nov 2019 , 8:19 pm        
រូបភាព
កីឡាករ កុក បូរីស ត្រឡប់មកចូលរួមជាមួយភ្នំពេញក្រោនសាជាថ្មី,​ រូបភាពពីក្លិបភ្នំពេញក្រោន
កីឡាករ កុក បូរីស ត្រឡប់មកចូលរួមជាមួយភ្នំពេញក្រោនសាជាថ្មី,​ រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​កីឡាករ​ខ្សែការពារ​កូនកាត់​ខ្មែរ​-​បារាំង កុក បូរី​ស បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ខ្លួន​ធ្លាប់​ចំណាយពេល​រួមរស់​៥​ឆ្នាំ​សាជាថ្មី ក្រោយ​ចាកចេញ​អស់​រយៈពេល​២​រដូវ​កាល​។ តាមរយៈ​កិច្ចសន្យា​ថ្មី​នេះ កុក បូរី​ស នឹង​ជួយ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ក្នុង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០​។ បូរី​ស អះអាងថា មាន​ក្លិប​នៅ​កម្ពុជា​ជាច្រើន​បាន​ទាក់ទង​រូបគេ តែ​គេ​សម្រេច​ជ្រើស​រើសយក​ក្លិប​ភ្នំពេញ​ក្រោ​ន​។   

 
​ក្រោយ​ចាកចេញ​អស់​រយៈពេល​រដូវ​កាល​នៅ​ឆ្នាំ​២០១៨ និង ២០១៩ ខ្សែការពារ​កណ្តាល កុក បូរី​ស ដែល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​ចន្លោះ​ពី​ឆ្នាំ​២០១២-២០១៧ បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​នេះ​សាជាថ្មី​។ សម្រាប់​ការរួមរស់​រយៈពេល​ពី​រ​ឆ្នាំ​នៅ​បារាំង បូរី​ស មិនបាន​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ណា​នោះទេ ក្រោយ​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​។ កីឡាករ​ខ្មែរ​-​បារាំង​រូបនេះ បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​លើក​ពាន​លី​គ​កំពូល​បាន​២​លើក គឺ​នៅ​ឆ្នាំ​២០១៤ និង ២០១៥​។ 
 
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាក់​នៅ Association Sportive Nancy-Lorraine នៅ​ប្រទេស​បារាំង​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០៧-២០០៨ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Jarville JF ដែល​បច្ចុប្បន្ន​លេង​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២​នៅ​ប្រទេស​បារាំង​។ ក្រោយមកទៀត​រូបគេ​ចូលរួម​ជាមួយ US Vandœuvre-lès-Nancy, FC Toul, Nancy Olympique មុន​ផ្លាស់​មក​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១២​។ 
 
​ក្រោយ​ចុះកិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោ​ន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០ ខ្សែការពារ​កណ្តាល​រូបនេះ​អះអាងថា មាន​ក្លិប​ជាច្រើន​នៅ​កម្ពុជា​ទាក់ទង​ទៅ​រូបគេ ប៉ុន្តែ​រូបគេ​សម្រេច​ជ្រើស​រើសយក​ភ្នំពេញ​ក្រោ​ន​។ កីឡាករ​ខ្មែរ​-​បារាំង​រូបនេះ​អះអាងថា ភ្នំពេញ​ក្រោ​ន​ជា​ក្លិប​តែមួយគត់​នៅ​កម្ពុជា ដែល​គេ​ស្រលាញ់​។ រូបគេ​សង្កត់ធ្ងន់ថា គេ​និយាយ​បែបនេះ​មិនមែន​រើសអើង​ក្លិប​ផ្សេងៗ​នោះទេ​។ 
 
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា បានប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​៣​រូប រួមមាន​កីឡាករ Shane Booysen, នៅ សុខ​សិលា និង ពុំ តុលា​។ ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen បាន​ចូលរួម​ជា​ក្លិប​នេះ​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ដោយ​រកបាន​៧​គ្រាប់​។ ចំណែក​កីឡាករ នៅ សុខ​សិលា និង ពុំ តុលា បាន​ចូលរួម​នៅ​ដើមឆ្នាំ​២០១៩៕  

Tag:
 ​បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  កុក បូរី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com