អន្តរជាតិ
ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​៖ ករណី​ធ្លាក់​យន្តហោះ MH17 មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​
15, Nov 2019 , 8:39 pm        
រូបភាព
យន្តហោះម៉ាឡេស៊ីMH17 ដែលត្រូវបានគេបាញ់ទម្លាក់នៅក្នុងទឹកដីអ៊ុយក្រែន
យន្តហោះម៉ាឡេស៊ីMH17 ដែលត្រូវបានគេបាញ់ទម្លាក់នៅក្នុងទឹកដីអ៊ុយក្រែន
​ក្រុម​ស៊ើបអង្កេត​ដែល​ស្វែងរក​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ MH17 ក្នុងប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា បាន​បញ្ចេញ​ខ្សែ​ទូរ​សព្ទ​មួយចំនួន ដែល​បង្ហាញ​ពី​ការពាក់ព័ន្ធ​រវាង​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ជាមួយ​ចលនា​ផ្តាច់​ទឹកដី ។


 
​តាមរយៈ​ការស៊ើបអង្កេត​ជា​អន្តរជាតិ ខ្សែ​ទូរ​សព្ទ​មួយចំនួន ត្រូវបាន​ចោទឡើង​ជា​សំណួរ​ថា អាច​នឹង​ទាក់ទង ទៅនឹង​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី ពី​រឿង​បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 នៅក្នុង​ឆ្នាំ ២០១៤​។ ទន្ទឹមនេះ ការស៊ើបអង្កេត​ក៏បាន​បង្ហាញ​ផងដែរ ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត មិនគួរ​ឲ្យ​ជឿ​រវាង​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី និង​ក្រុម​ផ្តាច់​ទឹកដី  Donetsk People's Republic (DPR) នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ 
 
​វា​ស្ទើរ​តែមាន​ការហៅ​ទូរ​សព្ទ ជា​រៀងរាល់ថ្ងៃ រវាង​មេដឹកនាំ DPR ជាមួយនឹង ប្រព័ន្ធ​ទូរ​សព្ទ​នៅក្នុង​សហព័ន្ធរុស្ស៊ី​។ នេះ​បើតាម​លើកឡើង​របស់​ក្រុម​ស៊ើបអង្កេត ដែល​ដឹកនាំ​ដោយ​ជនជាតិ​ហូ​ឡង់ នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ ក្នុងន័យនេះ ក្រុម​ស៊ើបអង្កេត​បានចង្អុលបង្ហាញ​ថា ក្រុម​ក្រុម​បះបោរ បាន​និយាយ​ទូរ​សព្ទ នៅក្នុង​ទឹកដី​គ្រី​មៀ ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ ភាគច្រើន​ជនសង្ស័យ​ទាំងនោះ និយាយ​ទូរ​សព្ទ​តាម​ប្រព័ន្ធ​សន្តិសុខ ដែល​ត្រូវ​បានផ្តល់​ដោយ​សេវា​សន្តិសុខ​រុស្ស៊ី​។ 
 
​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី ក្រុម​ស៊ើបអង្កេត​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ហូ​ឡង់​មួយ​នេះ បានដាក់​ការសង្ស័យ​លើ​លោក Vladislav Surkov ជំនួយការ​ដ៏​សំខាន់​ម្នាក់​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង Sergei Shoigu រដ្ឋមន្ត្រី​ការពារជាតិ​។ កន្លងមក តាម​ការរកឃើញ​រប​ស់​ក្រុម​ស៊ើបអង្កេត មាន​ប្រព័ន្ធ​ទូរ​សព្ទ​ជាច្រើន បាន​ហៅ​ចូលមក​មនុស្ស​សំខាន់​ទាំងពី​ខាងលើ ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់​យន្តហោះ MH17​។ 
 
​ដើម្បី​ដាក់បន្ទុក​លើ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​បន្ថែមទៀត ក្រុម​ស៊ើបអង្កេត បានស្នើ​ដាក់​សាក្សី ៤​នាក់​បន្ថែមទៀត មុនពេល​មានការ​កាត់ទោស​ក្នុងប្រទេស​ហូ​ឡង់​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​ខាងមុខ​។ សាក្សី​ទាំងនោះ មាន​៣​នាក់ ជា​ជនជាតិ​រុស្ស៊ី និង​មួយនា​ក់ទៀត ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ចំណែក​ជនសង្ស័យ ដែល​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស មានដូចជា Igor Girkin អតីត​ទីភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​, លោក Sergei Dubinski, លោក Oleg Pulatov, លោក Leonid Kharchenko​។ ប៉ុន្តែ​ពួក​ទាំងអស់ ត្រូវគេ​រំពឹងថា នឹង​កាត់ទោស​ដោយ​កំបាំងមុខ​។ 
 
​សូមបញ្ជាក់ថា យន្តហោះ​អ្នកដំណើរ MH17 បាន​ហោះ​ពី​ទីក្រុង​អាំ​ស្ទែ​ដាំ ទៅ​គូ​ឡា​ឡាំ​ពួ ប៉ុន្តែ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ដែល​ផលិត​ដោយ​រុស្ស៊ី BUK ក្នុង​ឆ្នាំ ២០១៤ ក្នុង​លំហ​អាកាស​អ៊ុយ​ក្រែ​ន​។ ឧបទ្ទវហេតុ​មួយ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​២៩៨​នាក់ ស្លាប់ ។ តាមរយៈ​ហេតុការណ៍​មួយ​នេះ ក្រុម​ស៊ើបអង្កេត បាន​លើកឡើងថា មី​ស៊ី​ល​ដែល​បាញ់​នោះ ត្រូវបាន​គេ​ដឹក​ចេញពី​រុស្ស៊ី ទៅ​អ៊ុយ​ក្រែ​ន​៕

Tag:
 ​រុស្ស៊ី​
  ម៉ាឡេស៊ី​
  MH17
© រក្សាសិទ្ធិដោយ thmeythmey.com