ពីនេះ ពីនោះ
ប្រើប្រាស់​ពាក្យ​«​នៅ​» និង​«​នូវ​» រាល់ថ្ងៃ​មែន តែមាន​ការប្រើ​ច្រឡំ​គ្នា​
16, Nov 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​នៅ​» និង​«​នូវ​» ត្រូវបាន​សាធារណជន​ជាច្រើន​សរសេរ​ស្ទើរ​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅតែ​ប្រើ​ខុស​។ ដើម្បី​យល់ច្បាស់​ពី​អត្ថន័យ និង​តួនាទី​ពាក្យ​ទាំងពីរ​នេះ​នៅក្នុង​អត្ថបទ​សំណេរ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ដូចខាងក្រោម​៖



​ពាក្យ​«​នៅ​» ប្រើ​ជា​កិរិយាសព្ទ មានន័យថា ឋិត​, ស្ថិត​, មានៈ នៅឯណា​?, នៅផ្ទះ​, នៅក្នុង​បន្ទប់​...​។ ប៉ុន្តែ​បើជា​កិរិយា​វិសេស មានន័យថា ដែល​មិនទាន់​, ដែលមាន​ទៀតៈ អស់ហើយ​ឬ​នៅ​? នៅ​, នៅឡើយ​, នៅទេ​។​
 
​ចំណែក​ពាក្យ​«​នូវ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា នឹង​, ហើយនឹង​។ ឧទាហរណ៍ៈ ព្រះរាជវង្សានុវង្ស និង​មន្ត្រី​ធំ​តូច នូវ​អស់​ប្រជាជន​ទាំងពួង​។ ប៉ុន្តែ​ន័យ​ម្យ៉ាងទៀត គឺជា​ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើៈ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ ដោយ​កាយ វាចា ចិត្ត នឹង​បាន​នូវ​ផល​ល្អ​...​។​
 
​ជារួម​មក ការប្រើប្រាស់ រវាង​ពាក្យ​ទាំងពីរ​នេះ សាធារណជន ត្រូវ​ចំណាំ​ថា​ចំពោះ​ពាក្យ​«​នៅ​» គឺ​គេ​ប្រើ​សំដៅ​ដល់ទី​តាំង​ដែល​អ្វីមួយ​កំពុង​ស្ថិតនៅ និង​ប្រើ​សម្រាប់​បញ្ជាក់​ពី​ស្ថានភាព​ដែល​មិនទាន់​បានសម្រេច​ជាដើម​(​នៅឡើយ​, នៅទេ​)​។ ដោយឡែក​ចំពោះ​ពាក្យ «​នូវ​» វិញ គឺ​ប្រើ​សម្រាប់​បញ្ជាក់​ពី​អ្វីដែល​ត្រូវធ្វើ​។ 
 
​ឧទាហរណ៍​៖ ក្រោយពេល​ទទួលបាន​អាហារ​រូបករណ៍​មក​សិក្សា​នៅ​ភ្នំពេញ សុ​ភ័​ក្រ បាន​ទៅ​រស់នៅ​ជាមួយ​ម្ដាយមីង ដើម្បី​បន្ត​ការសិក្សា​។ រយៈពេល​បួន​ឆ្នាំ សុ​ភ័​ក្រ បាន​ខិតខំ​ធ្វើ​នូវ​កិច្ចការ​ជាច្រើន ដើម្បី​តបស្នង​នូវ​ទឹកចិត្ត​ម្ដាយមីង​របស់ខ្លួន​ដែល​បាន​ឲ្យ​ខ្លួន​ស្នាក់អាស្រ័យ​ជាមួយ​ដោយ​មិន​គិតថ្លៃ ហើយ​ថែមទាំង​ជួយ​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់ខ្លួន​ផង​នោះ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com