អន្តរជាតិ
អាមេរិក បបួល​កូរ៉េខាងជើង​ចរចា​ម្ដងទៀត​នៅ​ខែក្រោយ តែ​ព្យុងយ៉ាង​ដាក់​លក្ខខណ្ឌ​
15, Nov 2019 , 4:19 pm        
រូបភាព
ប្រធានក្រុមចរចានុយក្លេអ៊ែរកូរ៉េខាងជើង គីម ម្យុងគីល (កណ្ដាល) នាសន្និសីទសារព័ត៌មានមួយនៅស៊ុយអែត។ រូបភាព AP
ប្រធានក្រុមចរចានុយក្លេអ៊ែរកូរ៉េខាងជើង គីម ម្យុងគីល (កណ្ដាល) នាសន្និសីទសារព័ត៌មានមួយនៅស៊ុយអែត។ រូបភាព AP
​សហរដ្ឋអាមេរិក បាន​បបួល​កូរ៉េខាងជើង​រៀបចំ​ការចរចា​ថ្នាក់​ក្រុមការងារ​ម្ដងទៀត​នៅ​ខែក្រោយ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រមុខ​ចរចា​កូរ៉េខាងជើង គីម ម្យ៉ុ​ង​គី​ល (Kim Myong-gil) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ ប៉ុន្តែ​កូរ៉េខាងជើង មិនទាន់​ផ្ដល់​ចម្លើយ​អ្វី​ឡើយ​ទៅនឹង​ការ​សំណើ​នេះ តែ​ចង់​ឲ្យ​អាមេរិក​បញ្ចេញ​ផែនការ​ថ្មីស្រឡាង​ដើម្បី​ដោះស្រាយ​បញ្ហា ជាជាង​ប្រើ​យុទ្ធសាស្ត្រ​ចាស់ ដែល​មិន​អាចជួយ​អ្វី​បាន​នោះ​។

 
​ប្រធាន​ក្រុម​ចរចា​នុយក្លេអ៊ែរ​កូរ៉េខាងជើង គីម ម្យ៉ុ​ង​គី​ល បាន​បញ្ចេញ​សំណើ​របស់​អាមេរិក​ដែល​បាន​ហៅ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ឡើងវិញ បន្ទាប់ពី​ការចរចា​នៅ​ស៊ុយអែត​ដែល​បរាជ័យ​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA លោក គីម អះអាងថា ថ្មីៗ​នេះ សម​ភាគី​អាមេរិក​របស់លោក គឺ​លោក ស្ទី​វិ​ន ប៊ី​ហ្កា​ន់ ចង់​ជួបចរចា​ជាថ្មី​នៅ​ប្រទេស​ទី​បី​ក្នុង​ខែធ្នូ​ខាងមុខ​។ ប៉ុន្តែ​ព្យុងយ៉ាង​បានដាក់​លក្ខខណ្ឌ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ស្រង់​សម្ដី​លោក គីម ថា កូរ៉េខាងជើង​ត្រៀម​ចរចា​ជាមួយ​អាមេរិក​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា បើ​លទ្ធផល​នៃ​ការចរចា​អាច​កើតមាន​នោះ ប៉ុន្តែ​អាមេរិក​ក៏​ត្រូវមាន​ដំណោះស្រាយ​ថ្មី​ដាក់​លើ​តុ​ពេល​ចរចា​ដែរ​។ ប្រេសិត​រូបនេះ​ក៏បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ចំៗ​ទៀតថា លោក គ្មាន​ឆន្ទៈ​ចរចា​អ្វី​ទាំងអស់ បើ​អាមេរិក​ចង់យក​ការចរចា​ដើម្បី​តែ​អូស​បន្លាយពេល​ឱសានវាទ​ដែល​កូរ៉េខាងជើង​បានកំណត់​ដូច​ធ្លាប់ធ្វើ​នៅក្នុង​ការចរចា​នៅ​ទីក្រុង​ស្តុក​ខុល​កាលពីដើម​ខែតុលា​នោះ​។​
 
​និយាយ​ពី​ឱសានវាទ​នេះ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានកំណត់​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ នេះ ឲ្យ​អាមេរិក​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី​ជំនួស​មធ្យោបាយ​ចាស់​ដែល​កូរ៉េខាងជើង​មិន​ពេញចិត្ត​។ បើ​ហួស​ឱសានវាទ​នេះ ក្រុង​វ៉ាស៊ីនតោន​មិន​បញ្ចេញ​អ្វី​ថ្មី​ទេ ក្រុង​ព្យុងយ៉ាង​នឹងមាន​វិធានការ​ធំ​សម្បើម​មិន​ខាន តែ​មិនបាន​បញ្ជាក់​ច្បាស់​ពីអ្វី​ឡើយ​។​
 
​ទន្ទឹមនឹង​ប្រាប់​ឲ្យ​អាមេរិក​បញ្ចេញ​យុទ្ធសាស្ត្រ​ថ្មី លោក គីម ក៏​បន្ត​ប្រាប់​រដ្ឋបាល​លោក ត្រាំ កុំ​ចង់​គិតគូរ​ពី​លទ្ធផល​មុន​ការចរចា​ឲ្យ​សោះ​។ ត្រង់នេះ មន្ត្រី​ចរចា​កូរ៉េខាងជើង​លើកឡើងថា លទ្ធភាព​ដោះស្រាយ​បញ្ហា នឹងមិន​មាន​ឡើយ បើ​អាមេរិក​ចង់​ជជែក​ពី​បញ្ហា​ស្ថិតក្នុង​របៀបវារៈ​ទី​ពីរ​ដូចជា​ការបញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ ឬ​ការបង្កើត​ការិយាល័យ​ទំនាក់ទំនង​អ្វី​នោះ​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​ថា អាមេរិក​មិនទាន់​ត្រៀមខ្លួន​ផ្ដល់​ចម្លើយ​គួរ​ឲ្យ​ពេញចិត្ត​នៅឡើយ​ទេ ហើយ​សំណើសុំ​ចរចា​ទៀតសោត គ្រាន់តែ​ជា​ល្បិច​ដើម្បី​កេង​ពេល​តាមរយៈ​ការរៀបចំ​ជំនួប​អាមេរិក​-​កូរ៉េខាងជើង​។​» នេះ​ជា​សម្ដី​របស់លោក គីម ដែលជា​អតីត​អគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង​ហាណូយ​។ 
 
​ទាក់ទង​បញ្ហា​នេះ អាមេរិក​មិនទាន់មាន​ការឆ្លើយតប​ជាក់លាក់​ឡើយ តែ​អះអាង​ពី​ឆន្ទៈ​បន្ត​ការចរចា​ដដែល​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​រក្សា​ការប្ដេជ្ញាចិត្ត​ដើម្បី​បោះជំហាន​តាម​ជំនួប​នៅ​សិង្ហ​បុរី​ដើម្បី​កែប្រែ​ទំនាក់ទំនង​ទ្វេភាគី ស្ថាបនា​សន្តិភាព​យូរអង្វែង និង​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  Kim Myong-gil
© រក្សាសិទ្ធិដោយ thmeythmey.com